Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា ស្នើ​ឲ្យ​អ្នកវិនិយោគ​ជប៉ុន ជ្រើស​រើសយក​កម្ពុជា ជា​គោលដៅ​វិនិយោគ​ដ៏​មាន​សក្តានុពល​ខ្ពស់ ក្នុងការ​ចាប់ផ្តើម ឬ​ពង្រីក​អាជីវកម្ម​របស់ខ្លួន​

spot_img

(​តូ​ក្យូ​- ជប៉ុន​)៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​ទៅកាន់​ធុរកិច្ច​ជន​ជប៉ុន​ថា កម្ពុជា​ស្វាគមន៍​រាល់​ការវិនិយោគ​របស់​ជប៉ុន និង​បាន​ធានា​ជូន​អ្នកវិនិយោគ​គ្រប់រូប នូវ​បរិស្ថាន​ប្រកបដោយ​ភាពអំណោយ​ផល និង​ជួយ​ជំរុញ​ដល់​ការវិនិយោគ ពិសេស​គឺ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ ក៏ដូចជា​ម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌ​ច្បាប់ និង​ស្ថាប័ន​ដែល​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​ភាព​អាច​ប៉ាន​ប្រមាណ​បាន​។​

​សម្តេច​តេ​ជោ បាន​ថ្លែងថា “​តាងនាម​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​រាល់​ការសម្រេចចិត្ត ដ៏​ឈ្លាសវៃ​របស់​អ្នកវិនិយោគ​ទាំងអស់ ជាពិសេស​អ្នកវិនិយោគ​ជប៉ុន ដែល​បានជ្រើសរើស និង​មានបំណង​ជ្រើស រើស​កម្ពុជា ជា​គោលដៅ​វិនិយោគ​ដ៏​មាន​សក្តានុពល​ខ្ពស់ ក្នុងការ​ចាប់ផ្តើម ឬ​ពង្រីក​អាជីវកម្ម​របស់ខ្លួន​”​។​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​វេទិកា​ធុរកិច្ច​មេគង្គ​ជប៉ុន “​តំបន់​ប្រមូល​ផ្តំ​នៃ​ខ្សែ​ច្រវាក់​តម្លៃ​របស់​អាស៊ី​” ទីក្រុង​តូ​ក្យូ ថ្ងៃទី ៩ ខែតុលា ឆ្នាំ​២០១៨​។​

​ក្នុង​បរិ​មា​រណ៍​នេះ រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានកើត​ចេញពី​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល ទី​៦ កាលពី​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ​២០១៨ បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ សំដៅ​ស្វែង រក ប្រភព​កំណើន​សេដ​កិច្ច​ថ្មី ដើម្បី​ធានា​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​ប្រកបដោយ​ចីរភាព​ដោយ​ទាញយក​ប្រយោជន៍​ពី កាលានុវត្តភាព​នៅក្នុង​តំបន់​, បង្កើត​តម្លៃបន្ថែម​ក្នុង​វិស័យ​ចន្ទល់​សេដ្ឋកិច្ច​ដែលមាន​ស្រាប់ និង​អនុវិស័យ​ពាក់ព័ន្ធ​, ជំរុញ​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម​, រៀបចំខ្លួន​ស​ម្រា​ការ​ឈោង​ចាប់យក​បច្ចេកវិទ្យា​ថ្មីៗ​ក្នុង​យុគសម័យ​ឌី​ជី​យល និង​ឈោង​ចាប់យក​ឱកាស​ក៏ដូចជា​ជំនះ​ផល​វិ​បាល​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ក្នុង​គោលដៅ​បម្រើ​ឲ្យ​បេសកកម្ម នៃ​ការដឹកនាំ​កម្ពុជា​ឈានទៅ​សម្រេចបាន ឋានៈ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។ ក្នង​ន័យ​នេះ ចតុកោណ​យុទ្ធសាស្ត្រ​ចំនួន ៤ ត្រូវបាន​ដាក់ចេញ​ដូចខាងក្រោម​ ៖

​ចតុកោណ​ទី ១- ការអភិវឌ្ឍ​ធនធានមនុស្ស រួមមាន (១) ការពង្រឹង​វិស័យ​អប់រំ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​, (២) ការបណ្តុះបណ្តាល​ជំនាញ និង​បច្ចេកទេស​, (៣) ការលើកកម្ពស់​សេវា​សុខភាព សាធារណៈ និង​អាហារូបត្ថម្ភ​, និង​ទី (៤) ការពង្រឹង​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម​។​

​ចតុកោណ​ទី​២- ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច រួមមាន (១) ការកែលម្អ​ប្រព័ន្ធ​ឡូ​ជី​ស្ទិ​ក​, ការលើកកម្ពស់​ការតភ្ជាប់​ផ្នែក​ដឹកជញ្ជូន ថាមពល និង​ឌីជីថល​, (២) ការអភិវឌ្ឍ​ប្រភព​កំណើនសេដ្ឋកិច្ច​គន្លឹះ និង​ថ្មីៗ​, (៣) ការរៀបចំ​ខ្លួន​សម្រេច​សេដ្ឋកិច្ច​ឌីជីថល និង​ឆ្លើ​ត​តប​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី ៤, និង​ទី (៤) ការជំរុញ​ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ​។​

​ចតុកោណ​ទី ៣- ការអភិវឌ្ឍ​វិស័យ​ឯកជន និង​ការងារ​រួមមាន (១) ការអភិវឌ្ឍ​ទីផ្សារការងារ​, (២) ការលើកស្ទួយ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សហគ្រិនភាព​, (៣) ការរៀបចំ និង​អនុវត្ត​ភាពជា​ដៃគូ​វិស័យ​សាធារណៈ និង​ឯកជន​, (៤) ការពង្រឹង​ការប្រកួតប្រជែង​។​

​ចតុកោណ​ទី ៤- ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន រួមមាន (១) ការលើកស្ទួយ​វិស័យ​កសិកម្ម និង​អភិវឌ្ឍ​ជនបទ​, (២) ការ​ព្រឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​វប្ប​ធ​ម៍​ប្រកបដោយ​ចីរភាព​, (៣) ការពង្រឹង​ការគ្រប់គ្រង​នគរូបនីយកម្ម​, និង (៤) ការធានា​ចីរភាព​បរិស្ថាន និង​ការ​រៀបចំខ្លួន​ឆ្លើយតប នឹង​ការប្រែប្រួល​អាកាសធាតុ​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងបន្តថា កម្ពុជា ជា​ប្រទេសមួយ​ក្នុង​តំបន់​មេគង្គ​ដែលមាន​សក្តានុពល និង​កាលានុវត្តភាព​ជាច្រើន​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ ដូចខាងក្រោម ​៖

​ទី​១ ៖ ភាពអំណោយ​ផល​នៃ​ស្ថិរភាព​នយោបាយ និង​សន្តិសុខ​ពេញលេញ​ក្នុងប្រទេស បានធ្វើ​ឲ្យ​កម្ពុជា​ស្ថិត លើ​គន្លង​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ក្នុង​អត្រាកំណើត​សេដ្ឋកិច្ច​ជា​មធ្យម​ប្រចាំឆ្នាំ ៧% ក្នុង​រយៈពេល​ជាង ២ ទសវត្សរ៍​កន្លងទៅនេះ​។ កាលពី​សប្តាហ៍​កន្លងទៅ មូល​នី​ធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បានធ្វើការ​ព្យាករ​ថា​សេដ្ឋកិច្ច​របស់​កម្ពុជា នឹងមាន​កំណើន​ក្នុង​អត្រា ៧,២៥% ក្នុង​ឆ្នាំ​២០១៨ ដែល​អត្រាកំណើន​នេះ នឹង​រក្សាបាន​ក្នុង​ឆ្នាំ​ខាងមុខ​។ តាមរយៈ​កំណើនសេដ្ឋកិច្ច​គួរ​ឲ្យ​ស្ញប់ស្ញែង និង​កំណែទម្រង់​មួយចំនួន កម្ពុជា​បាន​បោះជំហាន យ៉ាង​ស្វាហាប់​ឆ្ពោះទៅ រក​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

​ទី​២ ៖ កម្ពុជា​ស្ថិតនៅលើ​ទីតាំង​ជា​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន ដែល​តំបន់​នេះ​បាននិងកំពុង​ក្លាយជា “​រោងចក្រ​នៃ​អាស៊ី​” ហើយ​ម្យ៉ាងទៀត​កម្ពុជា​ក៏​ស្ថិតនៅ​ចំណុចកណ្តាល​នៃ​តំបន់​មេគង្គ ដែលជា​តំបន់​មាន​កំណើនសេដ្ឋកិច្ច និង​ការតភ្ជាប់​ខ្ពស់​ជាងគេ​។ ជាមួយគ្នានេះដែរ ការផ្លាស់​ប្តុ​រ​ទីប្រជុំ​ទម្ងន់​នៃ​កំណើនសេដ្ឋកិច្ច​មក​ទ្វីបអាស៊ី ពិសេស​អាស៊ី​បូព៌ា បន្ត​នៅ​ជា “​ឱកាស​មាស​” សម្រាប់​កម្ពុជា​ធ្វើការ​អភិវឌ្ឍ និង​ធ្វើ​ទំនើបកម្ម ឧស្សាហ កម្ម ផលិតកម្ម និង​សេវាកម្ម ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​។​

​ទី ៣៖ កម្លាំង​ពលកម្ម​ដែលមាន​ភាពសម្បូរ​បែប​និង​វ័យក្មេង ដែល​ក្នុ​នោះ​ប្រជាជន​ដែលមាន​អ​យុ​ត្រឹម ៣៥ ឆ្នាំ​ចុះ​មាន​ចំនួន​ដល់​ទៅ ៧២% នៃ​ចំនួន​ប្រជាជន​សរុប គួបផ្សំ​នឹង​ការកើនឡើង​នៃ​ចំនួន​ប្រជាជន​ដែលមាន​ចំណូល​មធ្យម និង​វណ្ណៈ​កណ្តាល នឹង​បង្កើត​កាលា​នុ​វត្ត​​ភាព​សម្រាប់​កម្ពុជា ក្នុងការ​សម្រេច​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​សម្រាប់​រយៈពេល ៣ ទសវត្សរ៍​ខាងមុខ​។​

​ទី ៤៖ កម្ពុជា​បាន​បើកចំហ​សេដ្ឋកិច្ច​របស់ខ្លួន​សម្រាប់​អ្នកវិនិយោគ​ទាំងអស់ ដោយ​គ្មាន​ការ​រើស​អើ​សរ​វាង​អ្នកវិនិយោគ​កម្ពុជា និង​អ្នកវិនិយោគ​បរទេស​នោះទេ​។ យើង​បាន​បើកចំហ​គ្រប់​វិស័យ រួមទាំង វិស័យ​ធនាគារ វិស័យ​ធានារ៉ាប់រង និង​វិស័យ​ទូរគមនាគមន៍ ដែលជា​ទូទៅ​ប្រទេស​ជាច្រើន​នៅក្នុង​ពិភពលោក មិន​អនុញ្ញាត​ឲ្យ​អ្នកវិនិយោគ ១០០% ដោយ​គ្មាន​ការចូលរ​យម​ពី​សំណាក់​អ្នក​វិ​និ​យគជាតិ​នៅ​វិស័យ​ទាំង​នោះឡើយ​។ កម្ពុជា​នៅមាន​សក្តានុពល​យ៉ាងច្រើន​ក្នុងការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ រួមមាន​ការបន្ត​បង្កើន​ភាព​ស៊ីជម្រៅ​នៃ​អន្តរការី​កម្ម​ហិរញ្ញវត្ថុ កា​រលើ​កម្ពស់​វិស័យ​ធានារ៉ាប់រង និង​ការអភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​។​

​ទី ៥ ៖ ទំនិញ​ផលិត​នៅ​កម្ពុជា មិនមែន​ផ្គត់​ផ្គង​សម្រាប់តែ​ទីផ្សា​កម្ពុជា ដែលមាន​ប្រជាជន​ប្រមាណ​តែ​ជាង ១៥ លាន​នាក់​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​ផ្គត់ផ្គង់​ទៅក្នុង​ទីផ្សារ​អនុតំបន់​មេគង្គ ដែលមាន​អតិថិជន​ប្រមាណ ២៥០ លាន​នាក់​ទីផ្សារ​អាស៊ាន​ដែលមាន​អតិថិជន​ប្រមាណ ៦៣០ លាន​នាក់ និង​ទីផ្សារ​នៅក្នុង​តំបន់ នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ សេដ្ឋកិច្ច​ទូលំទូលាយ​តំបន់ (RECP) ដែលមាន​អតិថិជន​ប្រមាណ ៣ ប៊ី​លាន​នាក់​ព្រមទាំង​លទ្ធភាព​ចូល​ទីផ្សារ​ធំ​ដទៃទៀត​ក្នុង​ពិភពលោក​។​

​ទី ៦ ៖ កម្ពុជា​បាននិងកំពុង​ធ្វើ​សមាហរណកម្ម និង​ត​ភ្ជាប់​តាម​បោះ​ប៉ូល​សេដ្ឋកិច្ច​សំខាន់ៗ នៅក្នុង​ប្រទេស និង​នៅក្នុង​តំបន់ ដែល​នឹង​បង្កើត​នូវ​ប្រព័ន្ធ​ឡូ​ជី​ស្ទីក​ដ៏​រស់​រវើក និង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ក្នុង​តំបន់ ជា​កត្តា​ជំរុញ​ឲ្យ​កម្ពុជា​បោះជំហាន់​ទៅមុខ​កាន់តែ​លឿន និង​ដើរតួនាទី​កាន់តែ​សំខាន់​ក្នុងការ​ចូលរួម និង​បំពេញ​គ្នា ទៅវិញទៅមក​ក្មុង​ស្មារតី​ឈ្នះ​-​ឈ្នះ ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់​មេគង្គ ដើម្បី​ធ្វើ​ឲ្យ​តំបន់​នេះ​ក្លាយជា​តំបន់​ប្រមូលផ្តុំ​ថ្មី នៃ​ខ្សែ​ច្រវាក់​តម្លៃ​របស់​អាស៊ី ប្រកបដោយ​ជវភាព​។ លើស​ពិ​នេះ​ទៅទៀត ជាង​ពេលណាៗ​ទាំងអស់ ចាប់តាំងពី​ការចូល​ជា​ធរមាន នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នា​ខែធ្នូ​ឆ្នាំ​២០១៥ បណ្តា​ប្រទេស​តំបន់​មេគង្គ​បានធ្វើ​ឲ្យ​សមាហរណកម្ម កាន់តែ​ស្និទ្ធស្នាល​ជាង​មុន និង​កំពុងតែ​ប្រែក្លាយ​តំបន់​ទៅជា “​រោងចក្រ​អាស៊ីអាគ្នេយ៍​”​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍ថា “​ក្នុងឱកាស​នេះ តាងនាម​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​រាល់​ការសម្រេចចិត្ត​ដ៏​ឈ្លាសវៃ​របស់ អ្នកវិនិយោគ​ទាំងអស់ ជាពិសេស​អ្នកវិនិយោគ​ជប៉ុន ដែល​បានជ្រើសរើស និង​មានបំណង​ជ្រើសរើស​កម្ពុជា ជា​គោលដៅ​វិនិយោគ​ដ៏​មាន​សក្តានុពល​ខ្ពស់​ក្នុងការ​ចាប់ផ្តើម ឬ​ពង្រីក​អាជីវកម្ម​របស់ខ្លួន​។ ខ្ញុំ​សូម​អំពាវនាវ​ដល់​អ្នក​វិនិយោគ​ជប៉ុន ដែល​មិនទាន់​បានមក​កម្ពុជា​អញ្ជើញ​មក​សិក្សា​ស្វែងយល់​ពី​សក្តានុពល និង​កាលានុវត្តភាព​វិនិយោគ នៅ​កម្ពុជា ព្រមទាំង​សម្រេចចិត្ត​បណ្តាក់ទុន​វិនិយោគ ដើម្បី​ទាក់​ទាញយក​ប្រយោជន៍​ជា​អតិបរមា​ពី​សមិទ្ធផល​នានា ដែល​រាជរដ្ឋាភិបាល​ជប៉ុន​បាន​ជួយ​គាំទ្រ​ដល់​កម្ពុជា​។ ជាថ្មី​ម្តងទៀត​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​ធានា​ជូន អ្នកវិនិយោគ​គ្រប់រូប​នូវ​បរិស្ថាន​ប្រកបដោយ​ភាពអំណោយ​ផល និង​ជួយ​ជំរុញ​ដល់​ការវិនិយោគ ពី​សេ​សគឺ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ ក៏ដូចជា​ម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌ​ច្បាប់ និង​ស្ថាប័ន​ដែល​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​ភាព​អាច​ប៉ាន​ប្រមាណ​បាន​”៕ ដោយ ​៖​ កូ​ឡាប​

spot_img
×