ភ្នំពេញ៖ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបន្ទាប់ពីវិលត្រឡប់ពីសាធារណរដ្ឋកាហ្សាក់ស្ថានក្នុងឱកាសអមដំណើរ ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាក្នុងដំណើរ បំពេញទស្សនកិច្ច ផ្លូវការ និងទស្សនកិច្ចការងារនៅ សាធារណរដ្ឋកាហ្សាក់ស្ថានមកដល់រាជធានីភ្នំពេញភ្លាមដោយមានការយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋនៅរសៀលថ្ងៃទី១៨ខែតុលា២០២៦នេះឯកឧត្ដមបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ដើម្បីចាត់វិធានការជាថ្មី ក្នុងការបង្ការទប់ស្កាត់កុំឱ្យបាក់បន្តទៀត ក្រោយពេលច្រាំងទន្លេមួយកន្លែងនេះបានបាក់ម្តងហើយកាលពីដើមឆ្នាំ២០២៥
កន្លងទៅ។
លោកព្រាប មុន្នី ចៅសង្កាត់ព្រែកលៀបបានឱ្យដឹងថា៖ ច្រាំងទន្លេមេគង្គនេះ បានបាក់ស្រុតកាលពីរាត្រីទៀបភ្លឺថ្ងៃទី១៥ តុលា ដែលមានទទឹង ៦ម៉ែត្រ និងបណ្តោយ ៣០ម៉ែត្រ នៅចំណុចផ្សារក្រមួន តាមបណ្តោយផ្លូវទន្លេមេគង្គ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
បើទោះបីកំពុងបំពេញទស្សនះកិច្ចនៅក្រៅប្រទេសក្ដីក្រោយទទួលបានសេចក្ដីរាយការណ៍ភ្លាមថាច្រាំងទន្លេមេគង្គនេះ បានបាក់ស្រុតកាលពីថ្ងៃទី១៦តុលាឯកឧត្ដម ឃួង ស្រេង ចាត់ឱ្យអាជ្ញាធរនិងមន្ត្រីជំនាញចុះពិនិត្យភ្លាមៗ ដើម្បីត្រៀមចាត់វិធានការជួសជុល និងស្ថាបនាផ្លូវឡើងវិញសំដៅធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោកព្រាប មុន្នី បានបញ្ជាក់ថា ទីតាំងខាងលើនេះបានបាក់ស្រុតម្តងហើយ កាលពីថ្ងៃទី ០១ ខែកុម្ភះ ឆ្នាំ២០២៥កន្លងទៅ ហើយនៅរាត្រីទៀបភ្លឺថ្ងៃទី១៥ តុលា ២០២៦នេះក៏បានបាក់បន្តទៀត។ប៉ុន្តែទោះបីជាយ៉ាងណាក្តី ពាក់ព័ន្ធនិងគ្រោះមហន្តរាយដោយធម្មជាតិនេះអាជ្ញាធររាជធានីភ្នំពេញបានយកចិត្តទុកដាក់ខ្លាំងណាស់ ពោលគឺបានដោះស្រាយជូនពលរដ្ឋភ្លាមៗតែម្តង។
ក្នុងឱកាសចុះពិនិត្យនោះឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ ណែនាំឱ្យមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ ដាក់គ្រឿងចក្រជាបន្ទាន់ ដោយចាក់ដីលុបដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេ ជាមួយនិងការធ្វើលិខិតស្នើទៅក្រសួងធនធានទឹកនិងឧត្តុនិយម សុំមន្ត្រីជំនាញរបស់ក្រសួងចុះមកសិក្សានៅទីតាំងទាំងខាងលើបន្តទៀតដើម្បីបង្វែផ្លូវទឹកកុំឲ្យទឹកហូរបុកទីតាំងនេះបណ្តាលឱ្យបាក់ស្រុតបន្តទៀត។
ជាមួយគ្នានេះ ប្រជាពលរដ្ឋសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលបានយកចិត្តទុកដាក់ និងជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ តាមរយៈការចាត់វិធានការស្ថាបនាផ្លូវដែលរងការបាក់ស្រុតឡើងវិញ នៅចំណុចផ្សារក្រមួន ភូមិខ្ទរ សង្កាត់ព្រែកលៀប ដើម្បីសម្រួលការធ្វើដំណើរ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
ក្រោយបញ្ចប់ការចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេខាងលើហើយ នារសៀលថ្ងៃដដែលនេះដែរឯកឧត្តម ឃួង ស្រេង ក៏បានបន្តដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពទីតាំងដែលទឹកភ្លៀងលិចផ្លូវនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះបន្តទៀត ដើម្បីរិះរកវិធានការដោះស្រាយបញ្ហាកុំឱ្យមានការលិចលង់នៅពេលមានភ្លៀងខ្លាំងលើកក្រោយទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី






























