ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ត្បូងឃ្មុំទុកជាបានការដដែល ក្នុងសំណុំរឿងវិវាទដីធ្លីរបស់ប្តីប្រពន្ធជនជាតិដើមភាគតិចកួយពីរនាក់នៅខេត្តព្រះវិហារ ដោយបង្គាប់ឱ្យ ពួកគេទាំងពីរ ត្រូវចាកចេញពីដីមានវិវាទទំហំ ២៤,៨២០ ម៉ែត្រការ៉េ និង សងសំណងជំងឺចិត្តចំនួន១លានរៀល ដល់ដើមបណ្តឹង។
ភាគីជនជាតិដើមភាគតិច បានចាត់ទុកការសម្រេចនេះថា ជារឿងអយុត្តិធម៌ចំពោះពួកគេ។
យោងតាមដីការបស់ តុលាការកំពូល, តុលាការបានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ត្បូងឃ្មុំទុកជាបានការដដែល ដោយបង្គាប់ឱ្យ ប្តីប្រពន្ធ ជនជាតិភាគតិច ទាំងពីរ ត្រូវចាកចេញពីដីមានវិវាទ និងសងសំណងជំងឺចិត្តចំនួន ១លានរៀលដល់ដើមបណ្តឹង គឺលោក គីម ណុច។
ការសម្រេចរបស់តុលាការកំពូលនេះ បានធ្វើឡើងបន្ទាប់ពីតុលាការបានបើកសវនាការជំនុំជម្រះបណ្តឹងសាទុក្ខរបស់ប្តីប្រពន្ធជនជាតិដើមភាគតិចកួយទាំងពីរនាក់ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។
អ្នកស្រី សុខ មឿន ដែលជាជនជាតិដើមភាគតិចកួយ និងជាភាគីមួយក្នុងសំណុំរឿងនេះ បានសម្តែងការមិនពេញចិត្តចំពោះការសម្រេចរបស់តុលាការកំពូល ដោយចាត់ទុកថា ការបង្គាប់ឱ្យខ្លួន និងស្វាមីចាកចេញពីដី ព្រមទាំងបង់សំណងជំងឺចិត្តទៅឱ្យដើមបណ្តឹង គឺជារឿងអយុត្តិធម៌សម្រាប់ពួកគេ។
សំណុំរឿងនេះ គឺ ជាប់ពាក់ព័ន្ធនឹងដីទំហំសរុប ២៤,៨២០ ម៉ែត្រការ៉េ ស្ថិតនៅភូមិបុះធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលមានលោក គីម ណុច ជាដើមបណ្តឹង និងលោក បុណ្យ សុគុណ ព្រមទាំងអ្នកស្រី សុខ មឿន ជាចុងចម្លើយ។
យោងតាមប្រវត្តិនៃសំណុំរឿងនេះ, សាលាដំបូងខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានចេញសាលក្រមបង្គាប់ឱ្យប្តីប្រពន្ធជនជាតិដើមភាគតិចកួយទាំងពីរនាក់ចាកចេញពីដីដែលមានវិវាទខាងលើ និងសងសំណងជំងឺចិត្តចំនួន ១លានរៀលទៅឱ្យលោក គីម ណុច។
តែប្តីប្រពន្ធ ទាំងពីរ មិនសុខចិត្តនឹងសេចក្តីសម្រេចនេះ និង បានប្តឹងឧទ្ធរណ៍។
កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ សាលាឧទ្ធរណ៍ត្បូងឃ្មុំបានចេញសាលដីកាច្រានចោលបណ្តឹងឧទ្ធរណ៍របស់ពួកគេ ដោយរក្សាសេចក្តីសម្រេចរបស់សាលាដំបូងទុកជាបានការដដែល។
ប្តីប្រពន្ធទាំងពីរ នាក់ ដែលជា ភាគីចុងចម្លើយ ក៏ បន្តប្តឹងសារទុក្ខ ទៅតុលាការកំពូលទៀត ដោយសង្ឃឹមថា តុលាការជាន់ខ្ពស់បំផុតនេះនឹងពិនិត្យឡើងវិញនូវសេចក្តីសម្រេចដែលតម្រូវឱ្យពួកគេចាកចេញពីដី និងបង់សំណងជំងឺចិត្ត។
ប៉ុន្តែ ការសម្រេចរបស់តុលាការកំពូលនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ គឺ បានបញ្ចប់ការប្តឹងសាទុក្ខ របស់ភាគីចុងចម្លើយដោយតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ត្បូងឃ្មុំទុកជាបានការដដែល។ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN




