Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​មន្ត្រី​ចុះ​សំអាត​កាកសំណល់​សំរាម ដែល​រសាត់​មកទើ​រលើ​ឆ្នេ​រអូរ​ឈើទាល​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ ឯកឧត្តម​យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​ដឹកនាំ​មន្ត្រីរាជការ ស្ថាប័ន​ពាក់​ព័ន្ធក្រោម​ឱវាទ​រដ្ឋបាលខេត្ត​នេះ ចូលរួម​សំអាត​អនាម័យ បរិស្ថាន នៅតាម​ឆ្នេរ​អូរ​ឈើទាល បន្ទាប់​ពី​មាន​កាកសំណល់​កំប្លោក និង​ឫស​រុក្ខជាតិ​មួយចំនួនទៀត បាន​អណ្តែត​មក​ទើរ​នៅលើ​ឆ្នេរ​សមុទ្រ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ​។​

ឯកឧត្តម​មាន​ប្រសាសន៍​ថា កាកសំណល់​ខាងលើនេះ បាន​រសាត់​មក​ទើរ​នៅលើ​ឆ្នេរសមុទ្រ​ឆ្នេរ​អូរ​ឈើទាល កាលពី​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៨ ដោយ​ក្នុង​នោះ​មាន​កំទេច​កំប្លោក ឬ​កាកសំណល់​សំរាម​ជា​ឫស​រុក្ខជាតិ​ជាច្រើន បាន​រសាត់អណ្តែត​លើ​ផ្ទៃសមុទ្រ ស្ទើរ​គ្រប់​ទីកន្លែង​។ ក្នុងនោះ​ក៏​បាន​រសាត់អណ្តែត​មក​ទើរ នៅលើ​ឆ្នេរ​មួយចំនួន​រួមមាន​ឆ្នេរ​អូរ​ឈើទាល ឆ្នេរ​រាម និង​ឆ្នេរ​មួយចំនួន នៅលើ​កោះរ៉ុង​ជាដើម ដែល​នាំឲ្យ​បាត់បង់​សោភណ្ឌ័​ឆ្នេរសមុទ្រ​ធ្ងន់ធ្ងរ​។​

​ផ្តើម​ពី​បញ្ហា​នេះ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០១៨​នេះ បាន ដឹកនាំ​មន្ត្រី​នៅតាម​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​នេះ ទាំង​ស្ថាប័ន​ស៊ីវិល និង​ស្ថាប័ន​កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​បុគ្គលិក​ផ្នែក​សំអាត​អនាម័យ បាន ចុះទៅ​ប្រមូល​កើប​ប្រមូលយក​កំទេច​សំរាម​ទាំងនោះ ចេញពី​ឆ្នេរ ដើម្បី​សំអាត​ឆ្នេរ​ខ្សាច់​អូរ​ឈើទាល និង​ឆ្នេរ​ផ្សេងៗ​ទៀត​ឲ្យមាន​សោភ័ណ្ឌភាព​ដូចដើម​វិញ​។​

​ឯកឧត្តម យន្ត មីន ឲ្យដឹង​ដូច្នេះ រួច​បញ្ជាក់ថា កាកសំណល់​ដែល​អណ្តែត​នៅលើ​លំហ​សមុទ្រ មក​ទើរ​នៅលើ​ឆ្នេរ​ខ្សាច់ ឬ​ឆ្នេរសមុទ្រ​មួយចំនួន នា​ខេត្ត​ព្រះសីហនុ គឺ​មិនមែន​ជា​កាកសំណល់​សល់ ពី​តាម​ផ្ទះ​ប្រជាពលរដ្ឋ​នោះទេ ប៉ុន្តែ​វា​ជា​ប្រភេទ​រុក្ខជាតិ​កំប្លោក និង​ឫស​រុក្ខជាតិ​ផ្សេងៗ​ទៀត ដែល​ឯកឧត្តម​អភិបាលខេត្ត​ព្រះសីហនុ សង្ស័យថា អាច​កំប្លោក ឬ​កាកសំណល់​ទាំងអស់នោះ មាន​ប្រភព​មក​ពី​ប្រទេស​វៀតណាម​។​

ទោះជា​បែប​នេះ​ក្តី ឯកឧត្តម យន្ត មីន បញ្ជាក់ថា បញ្ហា​សំរាម​ខាងលើនេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ កំពុង​ស្រាវជ្រាវ​លើ​ករណី​នេះ និង​បន្ត​ឲ្យ​ក្រុម​ការងារ​ថែ​រក្សា​សំអាត​អនាម័យ​ក្រុង​-​ខេត្ត​ព្រះសីហនុ ឲ្យ​បន្តសកម្មភាព​សំអាត​អនាម័យ​បរិស្ថាន នៅតាម​ឆ្នេរសមុទ្រ​នានា ក្នុង​មូលដ្ឋាន​នេះ ឲ្យបាន​ជាប្រចាំ ធ្វើយ៉ាងណា​រក្សា​សោភ័ណ្ឌភាព​ឆ្នេរសមុទ្រ​ខេត្តព្រះសីហនុ ឲ្យបាន​ល្អ និង​មាន​បរិស្ថាន​ស្រស់ស្អាត ដើម្បី​បំរើ​ជូន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​ខេត្ត​នេះ​ឲ្យមាន​ភាពសប្បាយ​រីករាយ​។​

​ឆ្លៀត​ឱកាស​នេះ​ដែរ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ពិសេស​អាជីវករ ដែល​មាន​បើក​ធ្វើ​អាជីវកម្ម នៅក្បែរ​ឆ្នេរ សមុទ្រ​ទាំងអស់ រួមមាន​៖ ឆ្នេរ​អូរ​ឈើទាល ឆ្នេរ​រាម និង​ឆ្នេរ​អូរត្រេះ​ជាដើម ត្រូវ​ចូលរួម​សំអាត​អនាម័យ​ឆ្នេរ ដោយ​ត្រូវ​ចូលរួម​ចុះ​ស្រង់​កាកសំណល់ ឬ​សំរាម​កំប្លោក និង​ឫស​រុក្ខជាតិ​ផ្សេងៗ ពី​ក្នុង​សមុទ្រ ឬ​កាកសំណល់​មួយចំនួន ដែល​រសាត់​មក​ទើរ នៅលើ​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ ជាមួយ​ក្រុម​ការងារ​ផ្នែក​សំអាត​អនាម័យ របស់​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ ឲ្យបាន​ទាំងអស់គ្នា ប្រយោជន៍​ឲ្យ​បរិស្ថាន​ឆ្នេរសមុទ្រ​ខេត្ត​នេះ មាន​សោភ័ណ្ឌភាព​ស្រស់ស្អាត ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍ ឲ្យចូល​មក​ទស្សនា​ខេត្ត​នេះ​បាន​ច្រើន​ថែម​ទៀត​នា​ថ្ងៃ​ខាង​មុខ​៕ ដែន សីមា​

spot_img
×