ដោយអនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:៣០នាទី កម្លាំងចម្រុះដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ លោកស្រីឧត្ដមសេនីយ៍ត្រី ឆេង សារ៉េត ស្នងការរង ទទួលដឹកនាំការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ និងលោកវរសេនីយ៍ទោ សុង សក្ដា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង អាជ្ញាធរសង្កាត់ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកស្រី ស៊ូ សុជាតា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្រ្កាបករណី សញ្ចារកម្ម និងសញ្ចារកម្មពេស្យាចារទាក់ទងនឹងកុមារ នៅហាង អេស អ៊ឹម ស្ទីម-ម៉ាស្សា ស្ថិតនៅផ្ទះលេខ៧០ ផ្លូវលេខ៩៥ ភូមិ៩ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ជាលទ្ធផលរកឃើញមនុស្សចំនួន ២៤នាក់ (ស្រី១៩នាក់) អនីតិជន ចំនួន ០២នាក់ រួមនិងវត្ថុតាង មួយចំនួន។
បច្ចុប្បន្នកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន ០១នាក់ ជាមេការ បញ្ជូនទៅកាន់តុលាការ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំពោះនារីបម្រើការងារ ម៉ាស្សា រួមនិងអនីតិជន ប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដេីម្បីបន្តនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី












