ករណីហិង្សាបុរសជាកម្មករអូសរទេះបន្លែ២នាក់វាយគ្នា បណ្តាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតត្រូវជាប់ខ្នោះ សង្ស័យផ្ដើមចេញពីការដណ្ដើមម៉ូយគ្នានៅផ្សារនាគមាសសង្កាត់ផ្សារដើមគរខណ្ឌទួលគោករាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០២៦នេះ។
នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១០:០០នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគរ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណៈភាពនៃជនរងគ្រោះ ប្រព្រឹត្តបទល្មើសនៅចំណុចផ្លូវលេខ២៣៩ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
ជនសង្ស័យ ឈ្មោះ នុន គាច ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករអូសបន្លែក្នុងផ្សារនាគមាស ស្នាក់នៅបន្ទប់ជួលពុំចាំលេខ ផ្លូវលេខ២៥១ ក្រុមទី៤២ ភូមិ១៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក: ទូរស័ព្ទដៃម៉ាក OPPO A9 ពណ៌ខៀវ ប្រើស៊ីមលេខ : ០១៥ ៦២៩ ៣១០,ទូរស័ព្ទដៃម៉ាក IPhone 7 ពណ៌ខ្មៅ គ្មានស៊ីម (ជារបស់ជនសង្ស័យ), បំពង់ដែកទីបប្រវែងប្រហែល០៩តឹក (ជារបស់ជនសង្ស័យបានយកមកធ្វើសកម្មភាពវាយក្បាលជនរងគ្រោះបណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅពេលកើតហេតុ) ។
ជនរងគ្រោះ ឈ្មោះ ឡេន ឡន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករបើករ៉ឺម៉កដឹកបន្លែក្នុងផ្សានាគមាស ស្នាក់នៅ បន្ទប់ជួលពុំចាំលេខ ផ្លូវលេខ២៣០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បច្ចុប្បន្ន:ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី












