ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋរស់នៅជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានជាង១ម៉ឺនក្បាលដី បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ

ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ១០ភូមិមានជាង១ម៉ឺនក្បាលដីបានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ពីរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីរាជរដ្ឋាភិបាលបានសម្រេចឆ្វៀលដីទាំងនេះប្រគល់ជូនប្រជាពលរដ្ឋ ក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានផ្ទេរទៅទីតាំងថ្មីនាខេត្តកណ្តាល។
ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថនេះធ្វើឡើងនាព្រឹកថ្ងៃទី២៦តុលាឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេណវត្តទួលសុភាឃួន ខណ្ឌពោធិ៍សែនជ័យ ហើយប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថនេះជាប្រជាពលរដ្ឋរស់នៅទីតាំងតំបន់ឆ្វៀល ក្នុងភូមិព្រៃទា១ ភូមិព្រៃទា២ និងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ភូមិជ្រៃកោង ភូមិចោមចៅ២ ភូមិថ្មគោល១ ភូមិថ្មគោល២ និងភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជាអតីតៈនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានិងបន្តថែទាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានសម្រេចប្រគល់ដីទាំងនេះជូនប្រជាពលរដ្ឋចំនួន ១១៣២១ប័ណ្ណដែលរស់នៅជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ឯកឧត្ដមបញ្ជាក់ជូនប្រជាពលរដ្ឋថាគ្មានឳពុក ម្តាយណាម្នាក់ចង់ឱ្យកូនក្រីក្រនោះទេ។ពេលនេះបងប្អូនប្រពលរដ្ឋទាំងអស់គ្នាមិនត្រឹមតែបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ប៉ុណ្ណោះទេ តែថែមទាំងមានសួនកំសាន្ត ដើរហាត់ប្រាណនៅក្នុងព្រលានយន្តហោះចាស់នេះផងដែរ។ ឯកឧត្ដមបានបន្ថែមថារដ្ឋបាលរាជធានីភ្នំពេញក៏នឹងបន្តការធ្វើប្រព័ន្ធលូបង្ហូរទឹកនៅតំបន់នេះឱ្យបានកាន់ល្អប្រសើរថែមទៀត។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្ដមអភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ សូមចូលរួមក្នុងការទុកដាក់សំរាមឱ្យបានល្អ កុំឱ្យសំរាមហូរចូលូនិងប្រឡាយទឹក។
ក្នុងឱកាសនោះលោក សក់ ចន្ទ័កញ្ញារិទ្ឋ អភិបាល នៃគណអភិបាលខណ្ឌពោធិសែនជ័យ បានមានប្រសាសន៍ឱ្យដឹងថា៖ ដោយសារទីតាំងខាងលើមិនមានការពង្រីកព្រលានយន្តហោះទៀតទើប រាជរដ្ឋាភិបាលសម្រេចឱ្យក្រសួងដែនដី នគរូបនីយកម្មនិងសំណង់និងរដ្ឋបាលរាជធានីភ្នំពេញចុះសិក្សា ដើម្បីផ្តល់កម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋ ដោយបញ្ចប់នៅឆ្នាំ២០២៦នេះ ហើយដីដែលឆ្វៀលជូនប្រជាពលរដ្ឋនេះមានចំនួន១១៣២១ប័ណ្ណ។
ចំណែកលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ក៏បានឱ្យដឹងផងដែរថា៖ ដីខាងលើនេះជាដីដែលបានបង្កកយូរហើយ ហើយថ្មីៗ ត្រូវបានរាជរដ្ឋាភិបាលសម្រេចឱ្យប្រគល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ។វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលត្រូវប្រគល់ជូននេះ មានលក្ខណៈពិសេសជាងគេ ដោយនៅក្នុងប័ណ្ណនេះ មានបញ្ជាក់ពីការកំណត់កំពស់នៃការសាងសង់ថែមទៀតផង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម