Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាត់ទុក​វិស័យ​ទេសចរណ៍ ជា​វិស័យ​អាទិភាព​មួយ ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ បាន​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​

spot_img

​ភ្នំពេញ​ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្តេជ្ញា​យ៉ាង​មុតមាំ ក្នុង​ការថែរក្សា​ឲ្យបាន​នូវ​សុខសន្តិភាព ស្ថិរភាព ដើម្បី​បន្ត​អភិវឌ្ឍ​ប្រទេសឲ្យ​មាន​ការរីកចម្រើន លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​របស់​សម្តេច​ហ៊ុន សែន បានចាត់ទុក​វិស័យ​ទេសចរណ៍ ជា​វិស័យ​អាទិភាព​មួយ ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ បាន​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​លោក​ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​សេ​នា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធី​កាត់​ខ្សែបូ សម្ពោធ​បើក​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ ២០១៨ កាលពី​ព្រឹក​ថ្ងៃទី​១១​ខែតុលា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​សន្និបាត​និងព័​រណ៍កោះ​ពេជ្រ ។​

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងថា វិស័យ​ទេសចរណ៍​បាន​ធ្វើឲ្យ​កម្ពុជា ទទួលបាន​សិទ្ធិ​ស្មើមុខស្មើមាត់ ជាមួយ​ប្រទេស​នានា ក្នុង​តំបន់​នៅលើ​ឆាក​អន្តរជាតិ តាមរយៈ​ការទទួលបាន​នូវ​ពានរង្វាន់​លំដាប់ថ្នាក់​ពិភពលោក​ជាច្រើន ពី​ស្ថាប័ន​ទេសចរណ៍​អន្តរជាតិ​ល្បីៗ​នានា​ជា​បន្តបន្ទាប់​។ ជាក់ស្តែង កាលពី​ខែ​ឧសភា កន្លងទៅ ប្រាសាទអង្គរវត្ត​របស់​កម្ពុជា បាន​ជាប់​ជា​សំណង់​ប្រវត្តិសាស្ត្រ​ក៏​អស្ចារ្យ​បំផុត នៅលើ​ពិភពលោក ឆ្នាំ​២០១៨ ពី​ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​ក្នុងការ​ធ្វើ​ដំណើរ​ពិភពលោក TripAdvisor ដែល​បាន​បញ្ជាក់​ឲ្យ​ឃើញ​ពី​ភាពល្បីល្បាញ និង​ការទទួលស្គាល់​យ៉ាងច្បាស់ ពី​សំណាក់​ទេសចរ​រាប់លាន​នាក់ ជុំវិញ​ពិភពលោក មកលើ​គោលដៅ​ទេសចរណ៍​កម្ពុជា​។​

​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដែលជា​ទេសចរណ៍​វប្បធម៌​និង​ធម្មជាតិ ជា​មាស​បៃតង បាន​និង​កំពុង​បោះជំហាន រីកចម្រើន​យ៉ាង​ខ្លាំង​ជា​លំដាប់ ដោយ​រក្សាបាន​នូវ​កំណើន​ជា​រៀងរាល់ឆ្នាំ​។ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្តេជ្ញា​យ៉ាង​មុតមាំ ក្នុង​ការថែរក្សា​ឲ្យបាន​នូវ​សុខ​សន្តិ​ភាព ស្ថិរភាព ដើម្បី​បន្ត​អភិវឌ្ឍ​ប្រទេស ឲ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ដោយ​នឹង​បន្ត​ខិតខំ​បន្ថែមទៀត​ដើម្បី​ប្រែក្លាយ​កម្ពុជា ដែល​​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កំរិត​ទាប ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​លោក​ជា សុផារ៉ា បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា ប្តេជ្ញាចិត្ត បន្ត​អនុវត្ត​វិធានការ​គន្លឹះ​សំខាន់ៗ​មួយចំនួន ដើម្បី​ផ្សារភ្ជាប់​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា ទៅ​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤ ដែល​ផ្តោត​ខ្លាំង​ទៅលើ​ឌីជីថល​រូបនីយកម្ម ដើម្បី​ចាប់​យក​ការ​អភិវឌ្ឍ​ជា​វិជ្ជមាន និង​កាត់បន្ថយ​កង្វល់ និង​ធានា​ឲ្យបាន​នុវ​ទស្សនទាន បច្ចេកវិទ្យា​ទំនើប​សម្រាប់​វិស័យ​ទេសចរណ៍ វិស័យ​ទេស​ចរណ៍​សម្រាប់​បច្ចេក​វិទ្យា​ទំនើប ឬ​អាច​ហៅ​បាន​ថា ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​ភាព​វៃឆ្លាត ។​

​វិស័យ​ទេសចរណ៍ បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាងសំខាន់ ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចពិភពលោក ក៏​ដូចជា​បាន​ជំរុញ​ឲ្យ​ប្រជាជន​នៅ​ជុំវិញ​ផែនដី ផ្សារភ្ជាប់​ទំនាក់ទំនង​គ្នា តាមរយៈ​ការធ្វើដំណើរ​ទស្សនា​ចរណ៍ ដែល​បង្កើត​ជា​ភាពស្និទ្ធស្នាល សាមគ្គីភាព និង​ការស្វែងយល់​ពី​គ្នា​ទៅវិញទៅមក ពី​វប្បធម៌​ចម្រុះ​ជាតិ សាសន៍​ជុំវិញ​ពិភពលោក​។ អង្គការ​ទេសចរណ៍​ពិភពលោក បានឲ្យដឹងថា ទេសចរ​ពិភពលោក​ធ្វើដំណើរ​ចំនួន​១.៣២៦​លាន​នាក់ ក្នុង​ឆ្នាំ​២០១៧ និង​កើនឡើង​ដល់​១.៨០០​លាន​នាក់ នៅ​ឆ្នាំ​២០៣០​។

“​កម្ពុជា ដែល​ពីមុន​ល្បី​ថា ជា​វាល​ពិឃាត ជា​តំបន់​អសន្តិសុខ ជា​ចម្ការមីន ដែល​គេ​ភ័យខ្លាច​គ្រប់ៗ​គ្នា ឥឡូវ​ក្លាយទៅជា​ប្រទេស​មួយ ដែល​មាន​សន្តិភាព ពេល​លេញ និង​ជា​តំបន់​ទេសចរណ៍ ប្រកប​ដោយ​ប្រជាប្រិយភាព នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​” លោក​ឧបនា​យករដ្ឋមន្ត្រី បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​។​

​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ថ្លែងថា ទន្ទឹមនឹងនេះ វិស័យ​ទេសចរណ៍​កម្ពុជា កំពុង​មាន​ការរីកចម្រើន​យ៉ាងខ្លាំង​គួរឲ្យគត់សម្គាល់ ដោយ​លោក​បាន​បញ្ជាក់ថា ឆ្នាំ​២០១៧ កម្ពុជា បាន​ទទួល​ទេសចរណ៍​អន្តរជាតិ ចំនួន​៥,៦​លាន​នាក់ កើនឡើង ១១,៨​ភាគរយ ដែល​បាន​បង្កើត​ចំណូល​ជូន​ជាតិ​ចំនួន​៣,៦​ពាន់​លាន​ដុល្លារ កើនឡើង​១៣​ភាគរយ ស្នើ​នឹង​១២,៣​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​(​ផ​.​ស​.​ស​.)​។

​លោក​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន បានចាត់ទុក​វិស័យ​ទេសចរណ៍ ជា​វិស័យ​អាទិភាព​មួយ ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ បាន​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​យ៉ាង​មាន​ប្រសិទ្ធភាព​។ លោក​បាន​លើកឡើង​ថា ព្រឹត្តិការណ៍​នេះ​រៀបចំឡើង ក្នុង​គោលបំណង ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា និង​ក្នុង​តំបន់​ទៅ​កាន់​ពិភពលោក ឲ្យបាន​ទូលំទូលាយ សំដៅ​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​លើ​វិស័យ​ទេសចរណ៍ ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ ក៏ដូចជា ជំរុញ​ការលក់​កញ្ចប់​ទស្សនកិច្ច​មក​កម្ពុជា កាន់តែ​ច្រើន​ថែមទៀត រួមចំណែក​រក្សា​បាន​នូវ​កំណើន​ទេសចរ សំដៅ​សម្រេច​បាន​នូវ​ការរំពឹងទុក​ភ្ញៀវទេសចរ​ចំនួន​៧​លាន​នាក់​នៅ​ឆ្នាំ​២០២០៕ ​ដោយ ​៖ ​កូឡាប​

          

spot_img
×