Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៀបចំ​កែលម្អរ​សោភ័ណភាព​ជុំវិញ​វិមាន​ឈ្នះ​ឈ្នះ ជា​និមិត្តរូប​នៃ​ការស្វែងរក​សន្តិភាព តាម​នយោបាយ​ឈ្នះ​ឈ្នះ នឹង​សម្ភោធ​នៅ​ចុងឆ្នាំ​នេះ​

spot_img

​ភ្នំពេញ ​៖ ​នៅ​រសៀល​ថ្ងៃ​ទី​១១​តុលា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រួម​ជាមួយ​ក្រុម​មន្ត្រី​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី បាន​អញ្ជើញ​ទៅពិនិត្យ មើល​ទីតាំង​ដែល​ត្រូវ​កែលម្អរ​សោភ័ណភាព នៅ​ខាងមុខ​និង​ជុំវិញ​វិមាន​ឈ្នះ​ឈ្នះ ស្ថិតនៅ​ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា ដើម្បី​ត្រៀម​សម្ពោធ​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២៩ ៣០ និង​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងនាម​ម្ចាស់ផ្ទះ​លោក ឃួ​ង ស្រេង បាន​ជំរុញ​និង​ដាក់​ផែនការ ឲ្យ​មន្ត្រី​នៃ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន និង​អាជ្ញាធរ​ដែនដី បង្កើន​ការយកចិត្តទុកដាក់​លើ​ការរៀបចំ​កែលម្អ ហេដ្ឋារចនាសម្ព័ន្ធ និង​សោភ័ណភាព បរិស្ថាន​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី ការកែលម្អ​ផ្លូវ​ចូល​ឲ្យបាន​ស្អាត ចាប់​ពី​គល់ស្ពាន​ព្រែក​ព្នៅ ដល់​ផ្លូវ​ជាតិ​លេខ​៦​។ ការ​ឆ្ការព្រៃ​នៅ​អម​សងខាង​ផ្លូវ ឲ្យបាន​ទទឹង​៣០​ម៉ែត្រ ពី​ចិញ្ចើមផ្លូវ ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ និង​ដាក់​ភ្លើង​ហ្វា តាម​ដើមឈើ រៀបចំ​សួនច្បារ រៀបចំ​កន្លែង​ចត​យានយន្ត ។ ចំណែក​មន្ទីរ​សុខាភិបាល ត្រូវ​រៀបចំ​ដាក់​ស្តង់​ពិនិត្យ និង សង្គ្រោះ​ចំនួន​២​កន្លែង និង​ដាក់​រថយន្ត​សង្គ្រោះ​ចំនួន​២០​គ្រឿង សម្រាប់​ជួយ​អន្តរាគមន៍​នៅពេល​ប្រជាពលរដ្ឋ មាន​បញ្ហា​ផ្នែក​សុខភាព ដែល​កម្មវិធី​សម្ពោធ​នេះ គ្រោង​នឹង​មាន​ប្រជាពលរដ្ឋ​ចូលរួម​ជាង​១​ម៉ឺន​នាក់​។​

​លោក​អភិបាល​បញ្ជាក់ថា​៖ បញ្ហាសំខាន់​ចំពោះមុខ គឺ​រក្សាបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ សោភ័ណភាព របៀបរៀបរយ​សម្រាប់​ពិធី​ឲ្យបាន​ល្អ​ប្រសើរ សក្តិសម​ទៅនឹង​ខ្លឹមសារ​អត្ថន័យ​នៃ នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​ខ្មែរ​គ្រប់​ភាគី​ឈ្នះ​ឈ្នះ​ទាំងអស់គ្នា ហើយ​ប្រទេស​ជាតិ​ទាំងមូល ក៏​ឈ្នះ​ទាំងអស់គ្នា​។ សម្តេច​តេជោ​ហ៊ុន សែន គឺ​ជា​ស្ថាប​នឹក​នៃ​សន្តិភាព ដែល​ខ្មែរ​គ្រប់រូប​បាន​រស់នៅ ក្នុង​សុខសន្តិភាព និង​ការអភិវឌ្ឍ​ពេញ​ផ្ទៃ​ប្រទេស​។​

ការសម្ពោធ​វិមាន​ឈ្នះ​ឈ្នះ ក៏​ដើម្បី​អបអរសាទរ​គម្រប់​ខួប​២០​ឆ្នាំ ដែល​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ចប់ សង្គ្រាម​ផ្ទៃក្នុង​ដ៏​រ៉ាំរ៉ៃ រវាង​ខ្មែរ និង​ខ្មែរ​។ ភាគី​ទំនាស់​ទាំង​អស់ បាន​ទម្លាក់អាវុធ​ចុះ រួច​ចាប់​យក​ការចរចា​គ្នា ដោយ​សន្តិវិធី តាម​ន​យោ​បាល​ឈ្នះ​ឈ្នះ របស់​សម្តេច​តេជោ ដូច្នេះ​ខ្មែរ​គ្រប់​រូប​ត្រូវ​រក្សា​ឲ្យបាន​នូវ​សន្តិភាព ដែល​បាន​មក​ដោយ​លំបាក​នេះ កុំឲ្យ​បាត់បង់​នឹង​ការពារ​សុខសន្តិភាព ឲ្យបាន​ជា​ដាច់ខាត ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ​។​

​នាយ​ឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស នៃ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ បានបញ្ជាក់​ថា “​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ គឺជា​ថ្ងៃ​បញ្ចប់​សង្គ្រាម​ស៊ីវិល និង​ទទួល​បាន​សន្តិ ភាព​ពេញលេញ នៅ​កម្ពុជា តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន សែន ហៅ​កាត់​ថា ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​។

តាមរយៈ​សន្តិភាព​រក​បាន​ដោយ​លំបាក នៃ​នយោបាយ​ឈ្នះ​ឈ្នះ​នោះ​ហើយ ដែល​បង្កើត​ឱកាស​មាស ឱកាស​ពេជ្រ សម្រាប់​ការ អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា​”​។ នាយ​ឧត្ដមសេនីយ៍​បន្ថែមថា វិមាន​ឈ្នះ​ឈ្នះ​នេះ គឺ​បាន​រៀបចំ​ចម្លាក់ ស្តី​ពី​ចម្លាក់​ទិវា​ចងចាំ ឆ្ពោះ​ទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ និង​ចម្លាក់់​ដំណើរ​ជាតិ​កម្ពុជា នា​ទសវត្សរ៍​ឆ្នាំ​៨០ និង​ដើមឆ្នាំ​៩០ ដាក់តាំង​បង្ហាញ​នៅ​ជាន់​ផ្ទាល់​ដី​ផ្នែក​ខាងក្រៅ​វិមាន​។​

គួរ​បញ្ជាក់ដែរថា វិមាន​ឈ្នះ​ឈ្នះ ចាប់ផ្តើម​សាងសង់​នៅក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដែល​សង់​នៅ​ផ្ទៃដី​ចំនួន​១៥​ហិកតា ដែល​មាន​កម្ពស់​វិមាន​ចំនួន​៥៤​ម៉ែត្រ ស្ថិតនៅក្នុង​តំបន់​អភិវឌ្ឍន៍​លី​យ៉ុង​ផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​៕ ​ដោយ​៖​កូឡាប​

spot_img
×