សេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ការចាកចេញពីវិបត្តិ និងការពង្រឹងសន្តិភាពក្នុងលំហហ្វ្រង់កូហ្វូនី គឺជាឯកសារនយោបាយ និងការទូតដ៏មានសារៈសំខាន់ ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរួមរបស់សហគមន៍ហ្វ្រង់កូហ្វូនី ក្នុងការការពារសន្តិភាព ការគោរពច្បាប់អន្តរជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋ ការដោះស្រាយជម្លោះដោយសន្តិវិធី និងការការពារប្រជាជនស៊ីវិលដែលរងផលប៉ះពាល់ដោយសង្គ្រាម និងជម្លោះ។ ចំពោះកម្ពុជា សេចក្តីសម្រេចនេះមានអត្ថន័យនយោបាយ និងការទូតយ៉ាងសំខាន់ ដោយបានលើកឡើងយ៉ាងច្បាស់អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ តាមរយៈចំណុចសំខាន់ៗមួយចំនួន៖
ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីបានសម្តែងការព្រួយបារម្ភរបស់ខ្លួន ចំពោះភាពតានតឹងរ៉ាំរ៉ៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ ជាមួយគ្នានេះ ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានបញ្ជាក់អះអាងជាថ្មី អំពីការគាំទ្ររបស់ខ្លួនចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។
១.ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីសម្តែងការសោកស្តាយ ចំពោះទុក្ខវេទនារបស់ប្រជាជនដែលត្រូវផ្លាស់ទីលំនៅដោយបង្ខំ ជាពិសេសប្រជាជនកម្ពុជា។ ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីបានគូសបញ្ជាក់ អំពីសារៈសំខាន់នៃការធានាការពារប្រជាជនស៊ីវិលរងគ្រោះដោយភាពតានតឹងនៅតាមព្រំដែន ស្របតាមច្បាប់អន្តរជាតិ និងបានអំពាវនាវឱ្យមានការធានាថា ប្រជាជនដែលត្រូវផ្លាស់ទីលំនៅនិងសហគមន៍ដែលរងផលប៉ះពាល់ អាចទទួលបានជំនួយមនុស្សធម៌និងសេវាចាំបាច់ជាមូលដ្ឋាននានាប្រកបដោយសុវត្ថិភាពនិងដោយគ្មានការរារាំង ព្រមទាំងធានាការការពារសិទ្ធិរបស់ពួកគេក្នុងអំឡុងពេលនៃការផ្លាស់ទីលំនៅ និងត្រូវលុបបំបាត់ឧបសគ្គ ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីឱ្យពួកគេ ពិតជាអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានដើមវិញ ប្រកបដោយសុវត្ថិភាព ដោយស្ម័គ្រចិត្ត និងដោយយូរអង្វែង។ ខ្ញុំសូមជម្រាបជូនថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ ២០, ០០០ នាក់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញ។ ការធានាឱ្យពួកគាត់អាចវិលត្រឡប់ទៅវិញដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា។
២.ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី គូសបញ្ជាក់ថា រាល់វិវាទព្រំដែនត្រូវតែដោះស្រាយដោយមធ្យោបាយសន្តិវិធីតែមួយមុខប៉ុណ្ណោះ ស្របតាមច្បាប់អន្តរជាតិ ហើយមិនអាចមានការផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែនណាមួយតាមរយៈការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតស្ថានភាពជាក់ស្តែងនៅលើដី (faits accomplis) នោះឡើយ។
៣. ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ទទួលដឹងឮ អំពីកិច្ចខិតខំប្រឹងប្រែងអនុវត្តរួមគ្នាដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែន; ក្នុងន័យនេះ ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីបានអំពាវនាវ ឱ្យមានការអនុវត្តនូវអ្វីដែលបានព្រមព្រៀងគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ពាក់ព័ន្ធជាអាទិ៍ ការចាប់ផ្តើមឡើងវិញឱ្យបានឆាប់រហ័សបំផុតនូវការងារវាស់វែងនិងបោះបង្គោលព្រំដែនរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC); យើងគូសបញ្ជាក់ថា ការងារទាំងនេះត្រូវអនុវត្តស្របតាមកិច្ចព្រមព្រៀងទាំងអស់ដែលមានស្រាប់;
៤. ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានអំពាវនាវដោយទទូច ឱ្យភាគីទាំងសងខាងគោរពបទឈប់បាញ់ឱ្យបានពេញលេញ និងជៀសវាងរាល់សកម្មភាពដែលអាចបង្កឱ្យមានភាពតានតឹងឡើងវិញ ឬធ្វើឱ្យប៉ះពាល់ដល់ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែន។ ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ស្វាគមន៍ រាល់គំនិតផ្តួចផ្តើមរបស់តំបន់ ក្នុងគោលដៅកាត់បន្ថយភាពតានតឹង និងស្តារទំនុកចិត្តឡើងវិញ។ ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីក៏បានលើកទឹកចិត្ត ឱ្យបន្តកិច្ចសន្ទនានិងប្រើប្រាស់មធ្យោបាយដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ជាអាទិ៍នីតិវិធីការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ឆ្នាំ១៩៨២ សម្រាប់ការដោះស្រាយវិវាទដែនសមុទ្រ;
ជារួម សេចក្តីសម្រេចនេះបង្ហាញពីសារៈសំខាន់នៃសាមគ្គីភាពអន្តរជាតិ ការគោរពច្បាប់ និងការដោះស្រាយជម្លោះដោយសន្តិវិធី។ សម្រាប់កម្ពុជា វាជាសារគាំទ្រដ៏មានទម្ងន់ក្នុងក្របខ័ណ្ឌហ្វ្រង់កូហ្វូនី ចំពោះអធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព និងសិទ្ធិរបស់ប្រជាជនភៀសសឹកនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ សេចក្តីសម្រេចហ្វ្រង់កូហ្វូនីលើកទី២០ នៅទីក្រុងភ្នំពេញ បានផ្ញើសារយ៉ាងច្បាស់ថា កម្លាំងមិនអាចជំនួសច្បាប់បានទេ ការបង្កើតស្ថានភាពជាក់ស្តែងលើដីមិនអាចកែប្រែព្រំដែនបានទេ ហើយប្រជាជនដែលរងគ្រោះដោយជម្លោះត្រូវមានឱកាសវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។រក្សាសិទ្ធិដោយ ៖សុទ្ធលី











