ខេត្តកណ្ដាល៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឃាត់រថយន្តមួយគ្រឿងដែលដឹកជញ្ជូនកូនមាន់រស់ចំនួន ៨,០០០ក្បាល នាំចូលពីប្រទេសវៀតណាម ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណៈកំពុងធ្វើដំណើរលើផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា: ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីត្រួតពិនិត្យការដឹកជញ្ជូនសត្វ និងផលិតផលសត្វជាក់ស្ដែង។
ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានឃាត់រថយន្តម៉ាក SSANGYONG ISTANA ពាក់ស្លាកលេខភ្នំពេញ 2F-8563 ដែលដឹកកូនមាន់រស់ចំនួន ៨,០០០ក្បាល។
កូនមាន់ទាំងនេះត្រូវបាននាំចេញពីប្រទេសវៀតណាម តាមច្រករបៀងក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្នុងគោលដៅដឹកជញ្ជូនទៅលក់ចែកចាយបន្តនៅខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានបញ្ជាក់ថា: ក្រោយការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញថា ការដឹកជញ្ជូនកូនមាន់រស់ខាងលើ ពុំមានលិខិតអនុញ្ញាតនាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឡើយ ដែលជាការប្រព្រឹត្តផ្ទុយនឹងច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ។
ជាមួយគ្នានេះ មន្ត្រីជំនាញបាននាំយកវត្ថុតាងទៅរក្សាទុកនៅកន្លែងចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីបន្តចាត់វិធានការតាមនីតិវិធីច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






