មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទបានចេញសេចក្តីជូនដំណឹង ស្តីពីផែនការធ្វើសមយុទ្ធកងទ័ពជើងទឹក”នាគមាស ឆ្នាំ២០២៦ ខណៈនាវាចម្បាំងចិន ៣គ្រឿង ដឹកកងទ័ព និងសម្ភារយោធា បានមកដល់មូលដ្ឋានសមុទ្ររាមហើយ។ មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ មានកិត្តិយសសូមជម្រាបជូន ដំណឹងដល់អាជ្ញាធររដ្ឋបាល ០៤ខេត្ត ជាប់មាត់សមុទ្រ បណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋ ប្រជានេសាទ សាធារណជន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ឲ្យបានជ្រាបថា៖ អនុលោម តាមកិច្ចសហប្រតិបត្តិការយោធាក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារជាតិនៃ សាធារណៈរដ្ឋប្រជាមានិតចិន កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹង សហការរៀបចំធ្វើសមយុទ្ធកងទ័ពជើងទឹក “នាគមាស ឆ្នាំ២០២៦” ក្រោមប្រធានបទ «ប្រតិបត្តិការ ប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» នៅលើដែនទឹកអធិបតេយ្យភាព របស់ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅចន្លោះ កោះរ៉ុង និងកោះតាង ភូមិសាស្ត្រខេត្តព្រះសីហនុ។
ចំពោះផែនការធ្វើសមយុទ្ធលើផ្ទៃសមុទ្រមានចំនួន ០២ថ្ងៃ៖
+អនុវត្តសាកល្បង ចំនួន ០១ថ្ងៃ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៦
+អនុវត្តជាក់ស្តែង ចំនួន ០១ថ្ងៃ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៦
សេចក្តីដូចបានជម្រាបជូនខាងលើ សូមបណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសបងប្អូន ប្រជាពលរដ្ឋ ប្រជានេសាទ សាធារណជន មេត្តាជ្រាប និងកុំមានការភាន់ច្រឡំ ពេលមានលឺសម្លេងកាំភ្លើង រួមជាមួយការចល័តកងទ័ព នាវាចម្បាំងនៅលើផ្ទៃសមុទ្រ រក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងមិន អនុញ្ញាតិចរាចរណ៍នៅបរិវេណជុំវិញតំបន់ប្រតិបត្តិការធ្វើសមយុទ្ធកងទ័ពជើងទឹក”នាគមាស ឆ្នាំ២០២៦” ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ ឬហានិភ័យណាមួយជាយថាហេតុ។
ទទួលបានសេចក្តីជូនដំណឹងនេះ សូមអជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់កងកម្លាំងមានសមត្ថកិ គ្រប់ប្រភេទ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត សូមជួយផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ប្រជានេសាទ សាធារណជនជាតិ-អន្តរជាតិ ឲ្យបានទូលំទូលាយ និងសហការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។
នាវាចម្បាំងរបស់កងទ័ពរំដោះប្រជាជនចិនចំនួន ៣គ្រឿង ដែលដឹកកងទ័ព ព្រមទាំងសម្ភារយោធា បានមកដល់មូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុហើយ ដើម្បីត្រៀមចូលរួមសមយុទ្ធយោធារួមគ្នាជាមួយកងយោធពលខេមរភូមិន្ទ ក្រោមឈ្មោះ «នាគមាស-ឆ្នាំ២០២៦» រយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។
លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា សមយុទ្ធមិត្តភាពកម្ពុជា-ចិនឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល ១៥ថ្ងៃ ដោយផ្តោតលើប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្ម និងចោរសមុទ្ររួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ដែលមានការចូលរួមពីកងទ័ពប្រទេសទាំងពីរ។លោកបានបញ្ជាក់ថា បន្ទាប់ពីនាវាដឹកកងទ័ព និងសម្ភារយោធារបស់កងទ័ពចិនចូលចតនៅមូលដ្ឋានសមុទ្ររាម សម្ភារទាំងនោះត្រូវបានដឹកជញ្ជូនទៅកាន់ទីលានសមយុទ្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នា។ ក្នុងអំឡុងពេលសមយុទ្ធ កងទ័ពទាំងពីរនឹងប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ បច្ចេកវិទ្យាដ្រូន (Drone) និងធ្វើសកម្មភាពចល័តកងទ័ពតាមជើងទឹក ជើងគោក និងជើងអាកាស។ ក្រៅពីនេះ ក៏នឹងមានការអនុវត្តសកម្មភាពសង្គម និងមនុស្សធម៌នៅតាមមូលដ្ឋាននានាក្បែរតំបន់សមយុទ្ធផងដែរ។រក្សាសិទ្ធដោយ៖សុទ្ធលី












