ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន ៣០៧,៤១២នាក់ នឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ខណៈពលរដ្ឋជាង ៤៦ម៉ឺននាក់ បានចុះឈ្មោះបោះឆ្នោតថ្មី ក្នុងរយៈពេល ៤៨ថ្ងៃ នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុងរយៈពេល ៤៨ថ្ងៃនេះ មានប្រជាពលរដ្ឋចំនួន ៤៦៨,៣៩៧នាក់ បានចុះឈ្មោះបោះឆ្នោតថ្មី និងមានអ្នកផ្ទេរចូលការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ថ្មី ចំនួន ២០១,៥០៤នាក់។
ដោយឡែក ប្រជាពលរដ្ឋចំនួន ១,៤២៨,២៧១នាក់ បានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ ខណៈអ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ រួមមានការថតរូប និងផ្តិតស្នាមម្រាមដៃ មានចំនួន ១,៤៣៩,១០៣នាក់។
ជាមួយគ្នានេះ គ.ជ.ប. បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ប៉ុន្តែមានទិន្នន័យផ្ទាល់ខ្លួនមិនត្រឹមត្រូវ ដូចជា ឈ្មោះ ភេទ និងថ្ងៃខែឆ្នាំកំណើត ឬទើបទទួលបានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ត្រូវអញ្ជើញទៅស្នើសុំកែតម្រូវទិន្នន័យរបស់ខ្លួន។
គ.ជ.ប. ក៏បានណែនាំដល់អ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ប៉ុន្តែមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតពីមុនមក ឱ្យទៅបំពេញបែបបទថតរូប និងផ្តិតស្នាមម្រាមដៃឡើងវិញផងដែរ។
ចំពោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។
គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ពោលគឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩ ព្រមទាំងអ្នកដែលបានផ្លាស់ប្តូរលំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់ ក៏ត្រូវអញ្ជើញទៅចុះឈ្មោះ ឬស្នើសុំកែតម្រូវ និងធ្វើបច្ចុប្បន្នភាពទិន្នន័យរបស់ខ្លួននៅសាលាឃុំ សង្កាត់ ឬតាមទីតាំងដែលក្រុមចុះឈ្មោះបោះឆ្នោតចល័តបានកំណត់។
គួរបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ត្រូវបានអនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយបើកដំណើរការរៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
ម៉ោងបម្រើសេវាចុះឈ្មោះបោះឆ្នោត គឺពេលព្រឹកចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ២:០០នាទី ដល់ម៉ោង ៥:៣០នាទី។
ក្នុងអំឡុងពេលនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោតចំនួន ៤លើក ដើម្បីបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារជាមួយក្រុមចុះឈ្មោះបោះឆ្នោត នៅថ្ងៃទី១១ និងថ្ងៃទី២៩ ខែតុលា ព្រមទាំងថ្ងៃទី៩ និងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ដោយឡែក បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ត្រូវបានបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងផ្សព្វផ្សាយតាមគេហទំព័រ voterlist.nec.gov.kh ព្រមទាំងកម្មវិធីទូរសព្ទឆ្លាត NEC KH ដើម្បីឱ្យប្រជាពលរដ្ឋអាចពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនបាន៕
រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN




