ខេត្តបាត់ដំបង៖ សោកនាដកម្មដ៏រន្ធត់មួយបានកើតឡើង ខណៈគូដណ្ដឹងវ័យក្មេងមួយគូ ដែលកំពុងត្រៀមខ្លួនចូលរោងការក្នុងពេលឆាប់ៗខាងមុខ បានធ្វើដំណើរជាមួយគ្នាទៅលេងផ្ទះគ្រួសារខាងប្រុសក្នុងឱកាសឈប់សម្រាកពិធីបុណ្យអុំទូក ប៉ុន្តែជាអកុសល ដំណើរកម្សាន្តដ៏មានក្ដីសង្ឃឹមនេះ បានប្រែក្លាយជាថ្ងៃដ៏សោកសៅបំផុត ដោយនារីជាគូដណ្ដឹងត្រូវរថយន្តកុងតឺន័រកិនស្លាប់យ៉ាងអាណោចអាធ័ម ចំណែកបុរសជាគូដណ្ដឹងរួចផុតពីគ្រោះថ្នាក់។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានរថយន្តកុងតឺន័រដឹកដីដាំដំណាំ ពាក់ស្លាកលេខ ភ្នំពេញ 3H-0025 បុកកៀប៉ះជាមួយម៉ូតូម៉ាក Dream ពាក់ស្លាកលេខ ភ្នំពេញ 1MT-3335 ដែលធ្វើដំណើរក្នុងទិសដៅស្របគ្នា ពីភ្នំពេញឆ្ពោះទៅខេត្តបាត់ដំបង។
តាមការអះអាងរបស់សាក្សីដែលជាសន្តិសុខភូមិនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័របើកវ៉ាជែងពីខាងស្ដាំ ប្រជែងជាមួយរថយន្តមួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរនៅគន្លងល្បឿនលឿន។
ស្របពេលជាមួយគ្នានោះ ម៉ូតូរបស់ជនរងគ្រោះក៏កំពុងបើកវ៉ាជែងកង់បីមួយគ្រឿងផងដែរ។
លុះមកដល់ចំណុចកើតហេតុ រថយន្តកុងតឺន័រដែលកំពុងវ៉ាជែងពីខាងស្ដាំ បានកៀប៉ះដៃចង្កូតម៉ូតូ បណ្ដាលឱ្យម៉ូតូដួលទៅលើផ្លូវ ធ្វើឱ្យនារីរងគ្រោះដែលអង្គុយខាងក្រោយធ្លាក់ចូលក្រោមកង់រថយន្ត និងត្រូវកិនស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។
ចំណែកឯ បុរសជាគូដណ្ដឹងដែលជាអ្នកបើកបរម៉ូតូ បានដួលទៅខាងស្ដាំ និងរួចផុតពីគ្រោះថ្នាក់ដល់ជីវិត។
អ្វីដែលធ្វើឱ្យហេតុការណ៍នេះកាន់តែសង្វេគ គឺតាមការរៀបរាប់ទាំងទឹកភ្នែករបស់បុរសជាគូដណ្ដឹង បានឱ្យដឹងថា រូបគេនិងនារីរងគ្រោះជាគូដណ្ដឹងនឹងគ្នា ព្រមទាំងជាកម្មករធ្វើការនៅរោងចក្រកាត់ដេរដូចគ្នា ហើយអ្នកទាំងពីរក៏កំពុងត្រៀមរៀបចំពិធីមង្គលការនាពេលឆាប់ៗខាងមុខនេះផងដែរ។
បុរសរូបនេះបានបន្តថា ក្នុងឱកាសឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក ពួកគេបាននាំគ្នាធ្វើដំណើរទៅលេងផ្ទះទាំងសងខាង។
មុនពេលកើតហេតុ ពួកគេទើបតែចាកចេញពីផ្ទះខាងស្រីនៅខេត្តកំពង់ឆ្នាំង ដើម្បីបន្តដំណើរទៅលេងផ្ទះខាងប្រុសនៅស្រុកសំឡូត ខេត្តបាត់ដំបង ប៉ុន្តែមិននឹកស្មានថា ដំណើរដែលមានគោលបំណងជួបជុំគ្រួសារនេះ បែរជាក្លាយជាដំណើរចុងក្រោយរបស់នារីជាគូដណ្ដឹងទៅវិញ។
ដោយឡែក បើតាមការបញ្ជាក់របស់សមត្ថកិច្ចចរាចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ក្រោយបង្កគ្រោះថ្នាក់ រថយន្តកុងតឺន័របានបើករត់គេចចេញពីកន្លែងកើតហេតុប្រមាណ ២គីឡូម៉ែត្រ រហូតដល់ភូមិពុកឆ្មា ឃុំអន្លង់វិល ទើបអ្នកបើកបរទុករថយន្តចោល រួចរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណ និងនាំខ្លួនអ្នកបើកបររថយន្តបង្កមកដោះស្រាយតាមនីតិវិធីច្បាប់ នៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង៕





