នៅវិមានសាមគ្គីភាព នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ស្ទីវ ដេនស៍ (Steven Daines) សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែនបានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តម និងប្រតិភូក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានៅពេលនេះ។ សម្ដេចបានចាត់ទុកថា វត្តមានឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ ជាឱកាសក្នុងការស្វែងយល់អំពីស្ថានការណ៍ក៏ដូចជាស្ថានភាពជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាជាពិសេសជាផ្នែកមួយនៃការជំរុញទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និងអាមេរិកឱ្យកាន់តែរីកចម្រើន និងការពង្រឹងទំនាក់ទំនងនៅក្នុងស្ថាប័ននីតិបញ្ញត្តិកម្ពុជា និងសហរដ្ឋអាមេរិក។
នៅក្នុងឱកាសនោះ ឯកឧត្តមសមាជិកព្រឹទ្ធសភាអាមេរិក បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ឯកឧត្តមបានសម្ដែងនូវក្តីរំភើបរីករាយនៅពេលដែលឯកឧត្តមនិងភរិយាបានមកដល់ប្រទេសកម្ពុជា ដោយឯកឧត្តមបានលើកឡើងថា កម្ពុជាគឺជាប្រទេសមួយដ៏អស្ចារ្យ ហើយពេលដែលមកកាន់ប្រទេសកម្ពុជា ឯកឧត្តមបានធ្វើដំណើរទៅទស្សនាតំបន់សំខាន់ៗមួយចំនួនរបស់ប្រទេសកម្ពុជា ជាពិសេសនោះគឺបានទៅដល់ប្រាសាទអង្គរវត្តរបស់កម្ពុជាផងដែរ។ ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមពិតជាកោតសរសើរយ៉ាងខ្លាំងចំពោះស្ថាបត្យកម្មដ៏អស្ចារ្យនៃបុព្វបុរសខ្មែរ។ ឯកឧត្តមបានកោតសរសើរមិនដាច់ពីមាត់អំពីស្នាដៃរបស់បុព្វបុរសខ្មែរនៃការកសាងអង្គរវត្តដ៏អស្ចារ្យនេះ។ ឯកឧត្តមបានលើកឡើងថាប្រទេសកម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្ត្រ សង្គ្រាមជាច្រើន ជាពិសេសរបបប្រល័យពូជសាសន៍ នៃការកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់។ ឯកឧត្តមបានលើកឡើងទៀតថា នៅពេលដែលឯកឧត្តមបានដឹង និងអានប្រវត្តិរបស់ប្រទេសកម្ពុជា ធ្វើឱ្យឯកឧត្តមរន្ធត់ចិត្តយ៉ាងខ្លាំងចំពោះរបបឃោរឃៅនោះ។ តែយ៉ាងណាក៏ដោយឯកឧត្តមបានជម្រាបសម្ដេចតេជោថា ឯកឧត្តមបានឃើញកម្ពុជាបានប្រែមុខមាត់ថ្មីនាពេលបច្ចុប្បន្ននេះ ដោយសារតែការដឹកនាំមួយដ៏ត្រឹមត្រូវរបស់កម្ពុជា។
សម្ដេចតេជោបានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមសមាជិកព្រឹទ្ធសភាអាមេរិក
ជុំវិញការសរសើរពីប្រទេសកម្ពុជា ក៏ដូចជាសរសើរអំពីប្រាសាទអង្គរវត្តរបស់កម្ពុជា។សម្ដេចក៏បានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលមាននាពេលនេះ និងកំពុងតែបោះជំហានទៅមុខនៃទំនាក់ទំនងមួយដ៏ល្អប្រសើរ។ទន្ទឹមនឹងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ កំពុងតែមានការកើនឡើងផងដែរ។
សម្ដេចតេជោក៏យកឱកាសនេះអរគុណដល់សហរដ្ឋអាមេរិកដែលជួយគាំទ្រកម្ពុជាកន្លងមកជាពិសេសការបណ្ដុះបណ្ដាលធនធានមនុស្សជាដើម ដែលសហរដ្ឋអាមេរិកបានជួយមកកាន់កម្ពុជា និងកិច្ចសហប្រតិបត្តិការមួយចំនួនទៀត ដែលប្រទេសទាំងពីរបានធ្វើជាមួយគ្នា។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យឯកឧត្តម និងប្រតិភូទទួលបានជោគជ័យនៅក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី














