នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃសុក្រ ៣រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ ធៀ នីង (Tie Ning) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ ចំពោះលោកជំទាវ និងប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានាឱកាសនេះ។ សម្ដេចតេជោក៏បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកជំទាវមកកាន់កម្ពុជានៅពេលនេះថានឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងចិនដែលជាមិត្តដែកថែបជាមួយគ្នានេះកាន់តែរឹងមាំបន្ថែមទៀត។សម្ដេចក៏បានឆ្លៀតឱកាសនេះអរគុណចំពោះមិត្តចិនដែលតែងតែសហការ ជាពិសេសនៅក្នុងការជួយជ្រោមជ្រែងដល់ការព្យាបាលនូវព្រះរាជសុខភាពរបស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងនាពេលកន្លងមក។ សម្ដេចក៏បានមានប្រសាសន៍លើកឡើងនៅក្នុងក្របខណ្ឌនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងចិនពីអតីតកាល ហើយក្នុងឆ្នាំ២០២៦នេះ គឺជាខួប៧០ឆ្នាំ នៃដំណើរទស្សនកិច្ចរបស់ព្រះបរមរតនកោដ្ឋទៅកាន់ប្រទេសចិន ហើយក៏ជាខួប ៣០ឆ្នាំនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសចិនលើកដំបូងផងដែរ គឺកាលពីឆ្នាំ១៩៩៦។ សម្ដេចបានមើលឃើញអំពីចំណងមិត្តភាពរវាងកម្ពុជា និងចិនកាន់តែរឹងមាំ ហើយជាពិសេសគឺការផ្លាស់ប្ដូរនៃប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរបានធ្វើឡើងយ៉ាងមមាញឹកនៅក្នុងឆ្នាំ២០២៦នេះ។
នៅក្នុងឱកាសនោះ លោកជំទាវ ធៀ នីង បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យលោកជំទាវ និងប្រតិភូបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។លោកជំទាវបានថ្លែងនូវការកោតសរសើរប្រទេសកម្ពុជានៅចំពោះសម្ដេចតេជោថាលោកជំទាវរួមទាំងប្រតិភូបានឃើញពីភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជាដ៏គួរឱ្យស្ងើចសរសើរក្នុងដំណើរទស្សនកិច្ចរបស់លោកជំទាវលើកទី១មកកាន់ប្រទេសកម្ពុជានាពេលនេះ។ លោកជំទាវបានឃើញនូវវិបុលភាពនៅក្នុងប្រទេសកម្ពុជា ហើយលោកជំទាវសូមអបអរសាទរចំពោះភាពរីកចម្រើន។ លោកជំទាវបានលើកឡើងទៀតថា ប្រទេសទាំងពីរជាមិត្តភាពដែកថែប ហើយជាមួយគ្នានេះ មិត្តភាពកម្ពុជា និងចិន ដូចដែលឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ធ្លាប់លើកឡើងកន្លងមកថា មិនមែនមានតែនៅលើក្រដាសនោះទេ ក៏ប៉ុន្តែជាការអនុវត្តជាក់ស្ដែង។ លោកជំទាវក៏បានចែករំលែកបន្ថែមនៅក្នុងក្របខណ្ឌនៃទំនាក់ទំនងរវាងកម្ពុជា-ចិន ដែលសម្រាប់ភាគីចិនគឺចាត់ទុកទំនាក់ទំនងជាមួយកម្ពុជា គឺជាទំនាក់ទំនងអាទិភាពបំផុត បន្ថែមពីលើនេះលោកជំទាវក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការមួយចំនួនទៀតនៅក្នុងក្របខណ្ឌស្ថាប័ននីតិបញ្ញត្តិជាពិសេសនៅក្នុងសភាទាក់ទងទៅនឹងទំនាក់ទំនងសភាតំណាងប្រជាជនទូទាំងប្រទេស និងព្រឹទ្ធសភាកម្ពុជាដែលប្រទេសទាំងពីរត្រូវតែពង្រឹងនូវទំនាក់ទំនងស្ថាប័ននីតិបញ្ញត្តិនេះដើម្បីជ្រោមជ្រែងបន្ថែមទៀតដល់រដ្ឋាភិបាលក្នុងការធ្វើយ៉ាងណាឱ្យទំនាក់ទំនងកម្ពុជា-ចិន នៅតែស្ថិតថេរ រឹងមាំ និងយូរអង្វែងបន្ថែមទៀត។
នៅក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវជុំវិញមិត្តភាពដែកថែប កម្ពុជា-ចិន។ សម្ដេចតេជោក៏បានលើកឡើងទៅកាន់លោកជំទាវវិញថាទោះបីជាពិភពលោកនេះមានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏ប៉ុន្តែមិត្តភាពរវាងកម្ពុជា និងចិន គឺមិនមានប្រែប្រួលឡើយ។ បន្ថែមពីលើនេះ សម្ដេចតេជោក៏រំពឹងខ្ពស់បន្ថែមទៀតចំពោះកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ និងសហគមន៍ជោគវាសនារួមរវាងកម្ពុជា និងចិន នឹងទាញយកនូវផលប្រយោជន៍ផ្លែផ្កាសម្រាប់ប្រជាជាតិ នៃប្រទេសទាំងពីរហើយបន្ថែមពីលើនេះ សម្ដេចក៏បានលើកឡើងទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិ រវាងប្រទេសទាំងពីរ ដែលសម្ដេចគាំទ្រពេញទំហឹងនៅក្នុងក្របខណ្ឌនៃសភានៃប្រទេសទាំងពីរធ្វើកិច្ចសហការជាមួយគ្នាបន្ថែមទៀត។ ទន្ទឹមនឹងនេះ សម្ដេចតេជោក៏ឆ្លៀតអរគុណចំពោះមិត្តចិនដែលបានគាំទ្រក្នុងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាការរួមចំណែកមួយដ៏ធំនៅក្នុងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា។សម្ដេចក៏ឆ្លៀតអរគុណចំពោះមិត្តចិនដែលកន្លងមកតែងតែចូលរួមចំណែកនៅក្នុងការអភិវឌ្ឍនៅកម្ពុជា ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍមកដល់ពេលបច្ចុប្បន្ននេះ។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យលោកជំទាវ និងប្រតិភូ ទទួលបានជោគជ័យ និងរីករាយនៅក្នុងឱកាសបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី













