ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម

ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំសំខាន់ចំនួនពីរនៅទីក្រុ​ង​ហាណូយ ប្រទេសវៀតណាម។ កិច្ចប្រជុំទាំងពីរនោះរួមមានកិច្ចប្រជុំកំពូលយុទ្ធ​សាស្ត្រ​កិច្ច​សហ​ប្រតិ​បត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២។ កិច្ចប្រជុំកំពូល​ទាំងពីរ​នេះ គឺជាជំនួបដ៏មានសារៈសំខាន់រវាងមេដឹកនាំប្រទេសមានព្រំដែនជាប់គ្នារួមមានកម្ពុជា ថៃ វៀត​ណាម ឡាវ និងមីយ៉ាន់ម៉ា។

ដំណើរអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាម និងលោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា។ កិច្ចប្រជុំ​ទាំងពីរចាប់ពីថ្ងៃទី២៧ ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

អញ្ជើញអមដំណើរសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីចូលរួមកិច្ចប្រជុំកំពូលខាងលើនេះ រួមមាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក​ឧប​នាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រមទាំង តំណាងសភាពាណិជ្ជ​កម្មកម្ពុជា និងសមាគមឧកញ៉ា​កម្ពុជា។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្រោមមូលបទ «ការពង្រឹងការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមឆ្ពោះទៅរក ACMECS ដែលមានភាពឆ្លាតវៃ និងចីរភាព» កិច្ចប្រជុំកំពូល ACMECS លើក​ទី១១ នឹងធ្វើការវាយតម្លៃលើវឌ្ឍនភាពដែលសម្រេចបាន ព្រមទាំងស្វែងរកមធ្យោ​បាយ ​ដើម្បី​ជំរុញបន្ថែមទៀតការតភ្ជាប់ក្នុងតំបន់ នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយា​បន្ន។

ដោយឡែកកិច្ចប្រជុំកំពូល CLMV លើកទី១២ ដែលប្រព្រឹត្តទៅក្រោមមូលបទ «ការតភ្ជាប់តំបន់ CLMV ការទាញយកសក្តានុពល – ការកសាងអនាគតប្រកបដោយវិបុលភាព» នឹងពិនិត្យសមិទ្ធ​ផល​នៃកិច្ចសហប្រតិបត្តិការ CLMV និងកំណត់ទិសដៅអនាគត។ ដោយផ្អែកលើស្មារតីនៃមិត្ត​ភាព​ជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និង​ភាពជាដៃគូសេដ្ឋកិច្ច កិច្ចប្រជុំកំពូលនេះនឹងផ្តោតលើការ​ពង្រឹង​កិច្ចសហប្រតិបត្តិការជាក់ស្តែង ការ​ពង្រឹងការតភ្ជាប់ក្នុងអនុតំបន់ និងការលើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម ដើម្បីជាប្រយោជន៍​ដល់​ប្រជាជនន ប្រទេសទាំងបួន។

បើតាមក្រសួងការបរទេសកម្ពុជា នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល ក៏នឹងមានពិធីផ្ទេរ​តំណែង​ប្រធានកិច្ចប្រជុំកំពូល CLMV ពីប្រទេសវៀតណាម មកប្រទេសកម្ពុជា។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងទៀតថា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នឹងជួបទ្វេភាគីជាមួយសមភាគី ដើម្បីពិភាក្សាអំពី​មធ្យោ​បាយ​ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងផ្លាស់ប្តូរទស្សនៈ​លើបញ្ហា​តំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍ទៅវិញទៅមក។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ ឬ ACMECS គឺជា​ក្រប​ខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចថ្នាក់អនុតំបន់ ដែលបង្កើតឡើងដើម្បីលើកកម្ពស់​ការអភិ​វឌ្ឍ​ប្រកបដោយតុល្យភាព កាត់បន្ថយគម្លាតសេដ្ឋកិច្ចរវាងប្រទេសជាសមាជិក និងជំរុញវិបុល​ភាព​ប្រកបដោយចីរភាព។ កិច្ចសហប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងបាកាន ប្រទេសមីយ៉ាន់ម៉ា ដោយមានប្រទេសចំនួន៥ជាសមាជិករួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ។

គោលបំណងចម្បងនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនេះរួមមាន៖ ការជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម, ការតភ្ជាប់ក្នុងតំបន់, ការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងរដ្ឋជាសមាជិក និងកិច្ចសហការលើវិស័យសំខាន់ៗដទៃទៀត ដោយផ្តោតលើវិស័យកសិកម្ម ឧស្សាហកម្ម បរិស្ថាន នវានុវត្តន៍ និងការអភិវឌ្ឍធនធានមនុស្ស។

ដោយឡែកកិច្ចសហប្រតិបត្តិការកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ហៅកាត់ថា CLMV គឺជា​កិច្ចសហប្រតិបត្តិការថ្នាក់អនុតំបន់មួយ ដែលបង្កើតឡើងក្នុងគោលបំណងកាត់​បន្ថយគម្លាត​អភិ​វឌ្ឍន៍រវាងប្រទេសសមាជិកអាស៊ានថ្មីទាំង៤ និងប្រទេសសមាជិកអាស៊ានចាស់ទាំង៦ ព្រមទាំង​ជំរុញ​សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។

កិច្ចសហប្រតិបត្តិការនេះ ត្រូវបានផ្តួចផ្តើមបង្កើតឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន នៅទីក្រុង​តូក្យូ ក្នុងខែធ្នូ ឆ្នាំ២០០៣ ដោយមានប្រទេសចំនួន៤ជាសមាជិករួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងឡាវ។ កិច្ចប្រជុំកំពូល CLMV លើកដំបូងត្រូវបានរៀបចំឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

គោលដៅចម្បងនៃកិច្ចសហប្រតិបត្តិការនេះ រួមមានការពន្លឿនសមាហរណកម្មអាស៊ាន,លើកកម្ពស់ការតភ្ជាប់ និងសេដ្ឋកិច្ចក្នុងតំបន់, ការអភិវឌ្ឍធនធានមនុស្ស និងការកៀរគរជំនួយ និងការគាំទ្រដល់កិច្ចអភិវឌ្ឍន៍ប្រទេសជាសមាជិកទាំង៤៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម