ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំកំពូលCLMV លើកទី១២ សម្តេចធិបតី ៖ បានប្តេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ព្រំដែន ថាមពល កសិកម្ម ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងសន្តិសុខ ជាអាទិ៍ តាមរយៈ ការពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ

អង្គភាពអ្នកនាំពាក្យរាជរដ្ឋភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំកំពូល សហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា- មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ តបតាម ការអញ្ជើញរបស់ ឯកឧត្តម ឡ ម៉ិញហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ បេសកកម្មរយៈពេល២ថ្ងៃនេះ ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា មានជំនួបពិភាក្សាទ្វេភាគី ជំនួបសម្តែងការគួរសម និងអញ្ជើញចូលរួមពិធីជប់លៀងដល រៀបចំដោយ ឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផងដែរ។
ក្របខ័ណ្ឌកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១៖ កិច្ចប្រជុំកំពូលនេះ បានរៀបចំឡើងក្រោមមូលបទ «ការពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅរកអ្នកម៉ិកដែលមានភាពឆ្លាតវៃ និងចីរភាព» ដោយវាយតម្លៃលើវឌ្ឍនភាពដែលសម្រេចបាន ព្រមទាំង ស្វែងរកមធ្យោបាយដើម្បីជំរុញបន្ថែមទៀតនូវការតភ្ជាប់ក្នុងតំបន់ នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្ដេចធិបតី បានលើកឡើងថា សន្តិភាព គឺជាគ្រឹះនៃអ្វីៗទាំងអស់។ ទន្ទឹមនេះ សន្តិភាព ស្ថិរភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ត្រូវតែជាមូលដ្ឋានគ្រឹះរបស់យើង។ សន្តិភាព និងស្ថិរភាព គឺជាកត្តាដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពដ៏យូរអង្វែង។ សម្តេចធិបតី បានគូសបញ្ជាក់ថា ជោគជ័យរបស់យើងនឹងត្រូវបានវាយតម្លៃ ផ្អែកលើផលប្រយោជន៍ជាក់ស្តែង ដែលយើងអាចសម្រេចបាន ពុំមែនផ្អែកលើតែការប្ដេជ្ញាចិត្តប៉ុណ្ណោះទេ។

ក្របខ័ណ្ឌកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២៖ សម្ដេចធិបតី បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូល CLMV លើកទី១២ ក្រោមមូលបទ «ការតភ្ជាប់ តំបន់ CLMV-ការទាញយកសក្តានុពល-ការកសាងអនាគតប្រកបដោយវិបុលភាព»។ ក្នុងឱកាសកិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំ CLMV បានប្តេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ព្រំដែន ថាមពល កសិកម្ម ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងសន្តិសុខ ជាអាទិ៍ តាមរយៈ ការពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ។
ក្នុងសុន្ទរកថានៃកិច្ចប្រជុំកំពូលនេះ សម្ដេចធិបតី បានថ្លែងថា មូលបទសម្រាប់ឆ្នាំនេះ ពិតជាសមស្រប នឹងកាលៈទេសៈបច្ចុប្បន្ន។ ក្នុងរយៈពេល២២ឆ្នាំនេះ ភាពជិតស្និទ្ធខាងភូមិសាស្ត្រ និងចំណុចខ្លាំងដែលបំពេញ ឱ្យគ្នាទៅវិញទៅមករបស់យើង បានជួយជំរុញវិស័យពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងទំនាក់ទំនង រវាងប្រជាជននិងប្រជាជន ដែលបានជួយកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ និងពង្រឹងសមាហរណកម្មអាស៊ាន។ សព្វថ្ងៃនេះ នៅពេលដែលយើងកំពុងប្រឈមមុខនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងភាពមិនប្រកដប្រជា ផ្នែកសេដ្ឋកិច្ច ការពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ គឺជាកត្តាដ៏សំខាន់សម្រាប់ភាពធន់របស់យើង។ ទំនាក់ទំនងភាពជាអ្នកជិតខាងល្អ ត្រូវតែបន្តជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ ដែលផ្អែកលើការជឿទុកចិត្ត គា្នទៅវិញទៅមក ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការ ដោះស្រាយជម្លោះដោយសន្តិវិធី។ យើងត្រូវរួមគ្នាប្រែក្លាយព្រំដែនរបស់យើង ឱ្យទៅជាស្ពាននៃការតភ្ជាប់សម្រាប់ កិច្ចសហប្រតិបត្តិការ និងកាលានុវត្តភាព ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពប្រកបដោយនិរន្តភាព។ សម្រាប់អនាគតខាងមុខ សម្ដេចធិបតី បានចែករំលែកនូវអាទិភាពចំនួន ៤ សម្រាប់កិច្ចសហប្រតិបត្តិការរួម ដូចជា ទី១. ពង្រឹងសន្តិសុខក្នុងតំបន់ និងភាពធន់ ប្រឆាំងនឹងការគំរាមកំហែងឆ្លងដែន ទី២. ពន្លឿនការតភ្ជាប់ដ៏ឆ្លាតវ និងធ្វើសមាហរណកម្មសេដ្ឋកិច្ចស៊ីជម្រៅ ទី៣. ពង្រឹងសន្តិសុខថាមពល ភាពធន់នឹងអាកាសធាតុ សន្តិសុខស្បៀង និងហិរញ្ញប្បទានប្រកបដោយនិរន្តភាព និង ទី៤. ជំរុញការតភ្ជាប់រវាងប្រជាជននិងប្រជាជន ដើម្បីកំណើនសេដ្ឋកិច្ច និងការយល់ពីគ្នាទៅវិញទៅមក។
ជាចុងក្រោយ សម្ដេចធិបតី បានបញ្ជាក់ថា ក្នុងនាមជាប្រធានសម្រាប់អាណត្តិបន្ទាប់ ឆ្នាំ២០២៧-២០២៨ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយសមាជិក និងដៃគូទាំងអស់ ដើម្បីជំរុញរបៀបវារៈ រួមរបស់យើង ព្រមទាំងផ្តល់នូវអត្ថប្រយោជន៍ជាក់ស្តែងជូនប្រជាជនរបស់យើង។
ក្របខ័ណ្ឌទ្វេភាគី៖ នៅក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS លើកទី១១ និង កិច្ចប្រជុំកំពូល CLMV លើកទី១២ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម នេះ សម្ដេចធិបតីនាយករដ្ឋមន្តី បានជួបពិភាក្សាទ្វេភាគីជាមួយប្រមុខរដ្ឋាភិបាលសំខាន់ៗ។
ជំនួបទ្វេភាគីកម្ពុជា-វៀតណាម៖ ក្នុងជំនួបទ្វេភាគីនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានអបអរសាទរ ចំពោះជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលការណ៍នេះបានសបញ្ជាក់អំពីការលើកកម្ពស់តួនាទី និងកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ទន្ទឹមនេះ ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាម ជឿជាក់ថា កម្ពុជានឹងទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ កំពូល CLMV លើកទី១៣ នាពេលខាងមុខ។ បន្ថែមលើនេះ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន និងលទ្ធផលប្រកបដោយផ្លែផ្កានៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់កម្រិត ព្រមទាំងបាន គូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញចំណងមិត្តភាពទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ជាការឆ្លើយតប សម្ដេចធិបតី បានសម្តែងនូវការអបអរសាទរចំពោះវៀតណាម ដែលនឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល APEC នៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានគូសបញ្ជាក់អំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត។ ប្រមុខរដ្ឋាភិបាលទាំងពីរ បានសង្កត់ធ្ងន់អំពីទំនាក់ទំនងដ៏ល្អ និងជាប្រពៃណីដ៏យូរអង្វែង នៃប្រទេសទាំងពីរ ហើយប្រទេសទាំងពីរនឹងរៀបចំព្រឹត្តិការណ៍នានាឱ្យបានអធិកអធម ដើម្បីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងជាឆ្នាំមិត្តភាពនៃប្រទេសទាំងពីរ ក្នុងឆ្នាំ២០២៧។ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់ដើម្បីដាក់ចេញនូវយន្តការជាក់ស្ដែង ក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗ រួមមាន នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ សន្តិសុខនិងការពារជាតិ ថាមពល អប់រំ កសិកម្ម ទេសចរណ៍ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការតភ្ជាប់រវាងប្រជាជននិងប្រជាជន។
ជំនួបទ្វេភាគីកម្ពុជា-មីយ៉ាន់ម៉ា៖ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីមីយ៉ាន់ម៉ា-កម្ពុជា ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តមទៅកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែកញ្ញា កន្លងទៅ។ ឯកឧត្តមប្រធានាធិបតី ក៏បានលើកឡើង អំពីវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី ជាពិសេសបានសម្តែងនូវការពេញចិត្តចំពោះលទ្ធផលដែលប្រទេសទាំងពីរ បានសម្រេចរួមគ្នា។ ជាមួយគ្នានេះ ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា មីយ៉ាន់ម៉ាមានបំណងបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ និងពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា- មីយ៉ាន់ម៉ា។ សម្ដេចធិបតី បានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានកាលានុវត្តភាពជាច្រើនទៀត ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើននិងរឹងមាំបន្ថែមទៀត។ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាជំរុញ បន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការពារជាតិនិងសន្តិសុខ អប់រំ ទេសចរណ៍ ក៏ដូចជាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ បន្ថែមលើនេះ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្ន ជំរុញក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាគ្នា ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្ត ទៅជាសកម្មភាពជាក់ស្ដែង សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងសកល ផងដែរ។
ជំនួបទ្វេភាគីកម្ពុជា-ឡាវ៖ ក្នុងជំនួបទ្វេភាគីនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានវាយតម្លៃខ្ពស់ចំពោះ វឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងប្តេជ្ញាចិត្តបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត។ ជាការឆ្លើយតប សម្តេចធិបតី បាន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ និងកិច្ចសហប្រតិបត្តិការដ៏ល្អនៃស្ថាប័ន នីតិប្បញ្ញត្តិរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ សម្ដេចធិបតី បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានវិស័យ សក្ដានុពលជាច្រើនទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែញទៀត។ ថ្នាក់ដឹកនាំ ទាំងពីរ បានរំលឹកឡើងវិញ អំពីទំនាក់ទំនងទ្វេភាគីដ៏ល្អក្នុងរយៈពេលប្រាំពីរទសវត្សរ៍មកនេះ ក្នុងស្មាវតីភាពជា អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូអង្វែង។ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម