Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា ស្នើឲ្យ រដ្ឋមន្ត្រី​កសិកម្ម​វៀតណាម ជួយ​មាន​វិធានការ​តឹងរ៉ឹង ពាក់ព័ន្ធ​ការគ្រប់គ្រង​ពាណិជ្ជកម្ម​ព្រៃឈើ និង​នេសាទ​ឆ្លងដែន​

spot_img

​ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ស្នើ​ឲ្យ​វៀតណាម ជួយ​មាន​វិធានការ​តឹងរ៉ឹងពាក់ព័ន្ធ​ទៅ​ដល់​ការគ្រប់គ្រង​ពាណិជ្ជកម្ម​ផល​អនុផល​ព្រៃឈើ​ខុស​ច្បាប់ និង​ការនេសាទ​ឆ្លងដែន​ខុសច្បាប់ ព្រោះ​កម្ពុជា កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រៀបចំ​លិខិតបទដ្ឋាន​នានា ដែល​សមស្រប​ទៅ​នឹង​លក្ខខ័ណ្ឌ​តម្រូវ​របស់​សហភាព​អ៊ឺរ៉ុប​។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេ​សប៊ុក​របស់​ក្រសួង​កសិកម្ម​។​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១២ ខែតុលា ឆ្នាំ​២០១៨ មុន​ពេល​កិច្ចប្រជុំ​លើក​ទី​១៨ នៃ​រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន​បូក​បី​ចាប់ផ្តើម លោក​រដ្ឋមន្ត្រី វេង សាខុន និង​គណៈប្រតិភូ បាន​ចូលជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក ង្វៀន សួន​គឿង រដ្ឋមន្ត្រី​កសិកម្ម និង​អភិវឌ្ឍ​ជនបទ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​កិច្ចពិភាក្សា​ទ្វេភាគី​រវាង​ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម​កម្ពុជា និង​វៀតណាម​នេះ គឺ​បាន​លើកយក​មក​ពិភាក្សា​នូវ​ប្រធានបទ​សំខាន់ៗ​ដូចជា​៖ ១. អនុវិស័យ​កសិកម្ម​៖ ការរៀបចំ​យន្តការ​នៃ​ការជជែក​ទ្វេភាគី កម្រិត​ជំនាញ ដើម្បី​រួមគ្នា​ដោះស្រាយ​ពី​បញ្ហា​ពាណិជ្ជកម្ម​ឆ្លងដែន រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​អនាម័យ និង​ភូតគាម​អនាម័យ និង​វិធានការ​ទប់ស្កាត់ និង​កំចាត់​សមាសភាព​ចង្រៃ​លើ​ដំណាំ​។ ការគ្រប់គ្រង​សុខភាព​ពូជ​ស្វាយចន្ទី ដែល​សមាគម​ស្វាយចន្ទី​វៀតណាម បាន​ផ្តល់​មក​ភាគី​កម្ពុជា ពុំទាន់​បាន​ផ្តល់​ឯកសារ​បច្ចេកទេស គ្រប់គ្រាន់ ពាក់ព័ន្ធ​ទៅនឹង​ប្រវត្តិ​ពូជ​យ​ថា​ប្រភេទ​ពូជ ប្រភេទ​សត្វល្អិត និង​ជំងឺ វិធាន​នៃ​ការសម្អាត​សត្វល្អិត​និង​ជំងឺ​ពី​វៀតណាម​។ ២. អនុវិស័យ​សត្វ ។ ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​សុខភាព​សត្វ ចែករំលែក​ពត៌មាន​ស្តីពី​ស្ថានភាព​សុខភាព​សត្វ ការបង្ការ​ទប់ស្កាត់​ជំងឺឆ្លង​រាតត្បាត​សត្វ​និង​ជំងឺ​ស៊ូ​ណូស ត្រួតពិនិត្យ​សត្វ​និង​ផលិតផល​សត្វ​ឆ្លងដែន និង​ជំរុញ​ផលិតកម្ម​សត្វ​។ ៣. អនុវិស័យ​ព្រៃឈើ​៖ ការគ្រប់គ្រង​និង​ទប់ស្កាត់​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងដែន​ផល អនុផល​ព្រៃឈើ​ខុសច្បាប់​។ ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការដាំ​ព្រៃឈើ​ឡើងវិញ​។ ៤. អនុវិស័យ​ជលផល ៖ ការទប់ស្កាត់​ការនេសាទ​ឆ្លងដែន​ខុសច្បាប់ ពុំ​មាន​ការអនុញ្ញាត និង​មិន​មាន​របាយការណ៍​។​

​លោក​រដ្ឋមន្ត្រី វេង សាខុន បាន​ថ្លែងអំណរគុណ ចំពោះ​រដ្ឋាភិបាល និង​វិស័យ​ឯកជន​រៀត​ណាម ដែល​កន្លងមក​បាន​ប្រមូល​ទិញ នូវ​កសិផល​ពី​កសិករ​កម្ពុជា ដូចជា​កៅស៊ូ ដំឡូង​មី ស្វាយចន្ទី និង​អង្ករ​ជាដើម​។ លោក​រដ្ឋមន្ត្រី បាន​បន្តថា ថ្មីៗ​នេះ​កសិករ​កម្ពុជា មាន​ភាពសប្បាយ​រីករាយ ចំពោះ​តម្លៃ​ស្វាយចន្ទី និង​ដំឡូង​មី ហើយ​លោក​រដ្ឋមន្ត្រី សង្ឃឹមថា ភាគី​វៀតណាម​នឹង​បន្ត​រក្សា បាន​នូវ​តុល្យភាព​តម្លៃ និង​បរិមាណ​នៃ​ការប្រមូលទិញ​កសិផល​ពី​កម្ពុជា​។ ដោយឡែក​ចំពោះ ពូជ​ស្វាយចន្ទី ដែល​សមាគម​ស្វាយចន្ទី​វៀតណាម ប្រគល់​មក​កម្ពុជា លោក​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​ក្រសួង​កសិកម្ម រៀត​ណាម ជួយ​ផ្តល់​នូវ​លិខិត​បញ្ជាក់​អនាម័យ និង​ភូតគាម​អនាម័យ និង​លិខិត​បញ្ជាក់​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​បញ្ចៀស​នូវ​បញ្ហា​ផ្សេងៗ ដែល​អាច​ប៉ះពាល់​ដល់​ផលប្រយោជន៍​កសិករ​។ នា​ឱកាស​នេះ លោក​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ឲ្យ​ភាគី​វៀតណាម ជួយ​ពិនិត្យ​លទ្ធភាព ក្នុង​ការបង្កើន​តម្លៃ​កៅស៊ូ ដែល​ប្រមូល​ទិញ​ពី​កម្ពុជា ដើម្បី​សម្រួល​ដល់​ជីវភាព​កសិករ​កម្ពុជា​។ ចំពោះ​ការ​ចលនា​សត្វ​ឆ្លងដែន លោក​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​ភាគី​វៀតណាម ជួយ​ពង្រឹង​ការបង្ការ និង​ទប់ស្កាត់​ជំងឺឆ្លង​រាតត្បាត ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ រវាង​ប្រទេស​ទាំង​ពីរ​។ ក្រៅពីនេះ លោក​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ដល់​ភាគី​វៀតណាម ជួយ​មាន​វិធានការ​តឹងរ៉ឹង​បន្ថែមទៀត ពាក់ព័ន្ធ​ដល់​ការគ្រប់គ្រង ពាណិជ្ជកម្ម​ផល អនុផល​ព្រៃឈើ​ខុសច្បាប់ និង​ការនេសាទ​ឆ្លងដែន ខុសច្បាប់ ពុំ​មាន​ការអនុញ្ញាត និង​មិន​មាន​របាយការណ៍ ព្រោះ​កម្ពុជា​កំពុង ស្ថិត​ក្នុង​ដំណាក់កាល​រៀបចំ​លិខិតបទដ្ឋាន​នានា ដែល​សមស្រប​ទៅនឹង​លក្ខខណ្ឌ​តម្រូវ​របស់​សហភាព​អឺរ៉ុប​។​

​ជា​ការឆ្លើយតប លោក ង្វៀន សួន​គឿង សន្យាថា នឹង​សហការ​ជាមួយ វិស័យ​ឯកជន​វៀតណាម ក្នុង​ការពិនិត្យ​មើល​នូវ​លទ្ធភាព ក្នុង​ការប្រមូលទិញ​កៅស៊ូ ពី​កម្ពុជា ក្នុងតម្លៃ​មួយ​សមស្រប​។ ចំពោះ​បញ្ហា​ដំឡូង​មី បច្ចុប្បន្ន​វៀតណាម ក៏​កំពុង​ជួបប្រទះ​នូវ​បញ្ហា​ជំងឺឆ្លង ហើយ​ក្រសួង និង​អ្នកជំនាញ កំពុងមាន​វិធានការ​កម្ចាត់​ចោល នូវ​ប្រភេទ​ជំងឺឆ្លង និង​កែលម្អ​ឡើងវិញ នូវ​ការខូចខាត និង​ប្រើប្រាស់​ពូជ​ថ្មី ដែល​មាន​ភាព​ធន់​នឹង​ជំងឺ ហើយ​លោក នឹង​ជំរុញ​ដល់​វិស័យ​ឯកជន​វៀតណាម បន្ត​រក្សា​នូវ​លំនឹង​តម្លៃ​ដំឡូង​មី នៅ​កម្ពុជា​។ ចំពោះ​ការនេសាទ​ឆ្លងដែន និង​ការដឹកជញ្ជូន​ផល អនុ​ព្រៃឈើ​ឆ្លងដែន ខាង​ភាគី​វៀតណាម កំពុង​មាន​ការយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង ហើយ​រដ្ឋាភិបាល​វៀតណាម បាន​ជំរុញ​ឲ្យមាន​ការដាំ​ព្រៃឈើឡើងវិញ ជា​លក្ខណៈ​ពាណិជ្ជកម្ម និង​ជួយ​ដល់​បរិស្ថាន​។ ក្រៅពី​កិច្ចការ​ដទៃ​ទៀត លោក ស្នើ​ឲ្យ​ភាគី​ទាំងពីរ រៀបចំ​ក្រុមការងារ​កម្រិត​ជំនាញ ដើម្បី​បន្ត​ធ្វើ​ការពិភាក្សា និង​ដោះស្រាយ​នូវ​បញ្ហា​នានា ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពង្រីក​នូវ​ទំហំ​ពាណិជ្ជកម្ម កសិកម្ម​រវាង​ប្រទេស​ទាំង​ពីរ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×