Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទំនិញ​ក្លែងក្លាយ មាន​ទម្ងន់​ប្រមាណ ៤០​តោន ត្រូវបាន​សមត្ថកិច្ច​ដុត​កំទេចចោល​

spot_img

​ភ្នំពេញ ​៖ មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល សហការ​ជាមួយ​មន្ត្រី​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ បាន​ចុះ​អនុវត្ត​ដី​ការសំរេច របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើ​ពិធី​ដុត​បំផ្លាញចោល ទំនិញ​ល្មើសច្បាប់​មួយចំនួន មានដូចជា​: នំ​ក្លែងបន្លំ​ម៉ាក​សញ្ញា ស្ករត្នោត​កែច្នៃ​ពី​ស្ករស បារី​៥៥៥​ក្លែងក្លាយ ទឹកដោះគោ​យ៉ា​អួររំលោភ​សិទ្ធ​ចែកចា​យ ទឹកស៊ីអ៊ីវ មាន​ស្លាក​សញ្ញា​ពុំ​សម​ស្រប និង​គ្រឿងសម្អាង​ក្លែងក្លាយ ដែលមាន ទម្ងន់​សរុប​ប្រមាណ ៤០ តោន នៅ​រសៀល​ថ្ងៃ សុក្រ ទី ១២ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីលាន​ចាក់​សំរាម​។​

​សូម​ជម្រាប​ផងដែរ​ថា ទំនិញ​ក្លែងក្លាយ​ទាំងនេះ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ ឆែក​រកឃើញ និង​រឹបអូស​បាន​ពី​តាម បណ្តា​ឃ្លាំង​ស្តុក​ទំនិញ​នានា នៅ​រាជធានី​ភ្នំពេញ​ក្នុង​រយ​:​ពេលកន្លងមក ។

​ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច នៃ​អគ្គស្នងការ​នគរបាល​ជាតិ បានឲ្យ​ដឹង​ថា ផលិតផល​ដែល​ក្រុម​ការងារ​បាន​ដុត​នេះ គឺ​បាន​ចាប់ពី​ឈ្មួញ​ទុច្ចរិត​នា​ពេលកន្លងមក ហើយ​ឈ្មួញ និង​ម្ចាស់​សិប្បកម្ម​ទាំងនោះ ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​ចាត់ការ តាម​នីតិវិធី​ច្បាប់​ផងដែរ​។​

​ថ្លែង​ក្នុង​ឱកាស​នោះដែរ លោក ស៊ីន ស៊ី​ដេត ប្រធាន​នាយកដ្ឋាន​មន្ទីរពិសោធន៍​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បានឲ្យដឹងថា ផលិត​ផល​ទាំងនេះ គឺ​ក្លែងក្លាយ​ទាំងអស់ ហើយ​អ្នកប្រើប្រាស់ និង​បរិភោគ​នឹង​មាន​ផលប៉ះពាល់​ខ្លាំង​ដល់​សុខភាព​របស់​ពួកគេ​។​

ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់​ធឿន បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មុន​នឹង​ទិញ​របស់​ប្រើប្រាស់ និង​បរិភោគ​ត្រូវ​ពិនិត្យ ឲ្យបាន​ច្បាស់លាស់​ពី​ព្រោះ​មាន​ឈ្មួញ​ទុច្ចរិត និង​អគតិ​ជាច្រើន បាន​លួច​ផលិត និង​លក់​ខណៈ​អាជ្ញាធរ​មិន​ទាន់​ស្រាវជ្រាវ​រក​ឃើញ​នោះ​។​

ឧត្តមសេនីយ៍ឯក ក៏​បាន​អំពាវនាវ​ដល់​ក្រុមអាជីវករ ដែល​ទទួល​ពី​ម្ចាស់​ទីតាំង​ដែល​លួច​ផលិតផល​ក្លែងក្លាយ​ទាំងនោះ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ ដើម្បីឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ឈ្មួញ​ទាំង​នោះ ទៅតាម​នីតិវិធី​ច្បាប់​ផងដែរ​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

   

spot_img
×