Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទៅ​ធ្វើការ​នៅ​ថៃ មកវិញ​ចេះ​ភាសា​ថៃ ហើយ​ផឹកស៊ី​អួត​គ្នា​និយាយ​ភាសា​ថៃ កើត​ទំនាស់ កាប់​៤​ពូថៅ រយះ​ក្បាល​បុរស​ម្នាក់​

spot_img

​ខេត្ត​ព្រៃវែង ៖ យុវជន​២​នាក់ ដែល​ទើប​មកពី​ប្រទេស​ថៃ បាន​បបួលគ្នា​ផឹក​រហូត​ដល់​ស្រវឹង​ជោក ស្រាប់តែ​លែង​និយាយ​ភាសា​ខ្មែរ បែរ​ជា​ក្លែម​អួត​ភាសា​ថៃ ឌឺដង​ដាក់គ្នា​រឿង​ចេះ​ច្រើន​ចេះ​តិច ស្រាប់​បុរស​ម្នាក់​ទាញ​ពូថៅ កាប់​រយះ ក្បាល​ហូរ​ឈាម ហើយ​រត់​គេច​បាត់ ឯ​អ្នក​របួស​ត្រូវ​បញ្ជូលមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នា​រាជធានី​ភ្នំពេញ​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​១២​តុលា នៅ​ផ្ទះ​ជនរងគ្រោះ ដែល​ស្ថិត​ក្នុង​ភូមិ​ចំ​បក់ ឃុំ​ចុង​អំពិល ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង​។​

​សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ធី ចាន់ធូ អាយុ​២៩​ឆ្នាំ ត្រូវ​ជន​បង្ក​កាប់​ចំនួន​៤​ពូថៅ ត្រូវ​ក្បាល​៣​ពូថៅ និង​ដៃស្តាំ​១​ពូថៅ ចំណែក​ជន​បង្ក​ឈ្មោះ ដែន ប៊ុន​ណែ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​។ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយគ្នា​។​

លោក​អធិការនគរបាល​ស្រុក​កញ្ជ្រៀច បានឲ្យដឹងថា ជនបង្ក​និង​ជនរងគ្រោះ ជា​មិត្តភក្តិ​នឹង​គ្នា និង​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថែ​ជាមួយគ្នា ហើយ​មិន​ដែល​មក​ផ្ទះ​វិញ​ទេ គឺ​ទើបតែ​បុណ្យ​ភ្ជំបិណ្ឌ​ឆ្នាំនេះ ពួកគេ​នាំគ្នា​ត្រឡប់មកផ្ទះ​វិញ​។ នៅ​មុនពេល​កើត​ហេតុ​នោះ ជនបង្ក និង​ជនរងគ្រោះ ព្រមទាំង​បងប្រុស​ជនរងគ្រោះ​ម្នាក់ទៀត បាន​នាំគ្នា​ផឹកស៊ី​សប្បាយ​លក្ខណៈ​មិត្តភក្តិ​ដូច​សព្វ​មួយ​ដង ដោយ​គ្មាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​ពេល​ផឹក​ស្រវឹង​ស្រឿងៗ ស្រាប់តែ​ជន​បង្ក​និង​ជនរងគ្រោះ លែង​និយាយ​ភាសា​ខ្មែរ បែរជា​និយាយ​តែ​ភាសា​ថៃ​។ លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ជនបង្ក ងើប​ដើរ​ចេញ​ទៅ​បាត់ នៅសល់​តែ​ជនរងគ្រោះ​និង​បងប្រុស​អង្គុយ​ផឹក​២​នាក់​។

មួយ​សន្ទុះ​ក្រោយមក ក៏​ឃើញ​ជន​បង្ក​ត្រឡប់មកវិញ កាន់​ពូថៅ​នៅក្នុង​ដៃ ស្ទុះ​មក​កាប់​សន្ធាប់​លើ​ជនរងគ្រោះ ត្រូវ​ចំនួន​៤​ពូថៅ បែក​ក្បាល​ហូរឈាម​ជោក​ខ្លួន និង​ស្រោច​ជោក​ពេញ​ដី ត្រូវ​ក្រុមគ្រួសារ​នាំយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​ជន​បង្ក​បាន​រត់គេចខ្លួន​បាត់។​

​សមត្ថកិច្ច កំពុង​កសាង​សំណុំរឿង និង​តាម​រក​ចាប់ខ្លួន​ជន​បង្ក ដើម្បី​យក​មក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×