Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ដ្រី​ជញ្ជីង​ថ្លឹង​រថយន្ត​លើស​ទម្ងន់ នៅ​តាម​ស្ថានីយ​ថ្លឹង​រថយន្ត ចំនួន​១៤​នាក់ ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដោយសារ​លួច​ឆ្កឹះ​ជញ្ជីង​បញ្ចុះ​ទម្ងន់​

spot_img

​ភ្នំពេញ ​៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រកាស​ជា​សាធារណ​ថា មន្ដ្រី​ជញ្ជីង​ថ្លឹង​រថយន្ត​លើស​ទម្ងន់ នៅ​តាម​ស្ថានីយ​ថ្លឹង​រថយន្ត ចំនួន​១៤​នាក់ ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​រួម​រាល់​អស់ ដោយសារ​ពួកគេ​លួច​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ដឹកជញ្ជូន ឆ្កឹះ​ជញ្ជីង​បញ្ចុះ​ទម្ងន់ សម្រាប់​ថ្លឹង​។​

​ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ជួសជុល ផ្លូវជាតិ​លេខ​៤៨ នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៨ លោក ស៊ុន ចាន់ថុល បាន​អំពាវនាវ​ដល់​មន្ដ្រី នៅ​តាម​ស្ថានីយ​ថ្លឹង​រថយន្ត​ទាំងអស់ ត្រូវ​មាន​ការប្រយ័ត្នប្រយែង ដោយសារ​នា​ពេល​ថ្មីៗ​នេះ ឃើញ​ព័ត៌មាន​ចេញផ្សាយ​ថា អស់ លោក​ឲ្យ​ឡាន ចេញ​ទៅ​ឲ្យតែ​បានលុយ មិន​បាត់ថឹ្លង​ទេ បញ្ហា​ទាំងនេះ ត្រូវ​បញ្ចប់​ជាបន្ទាន់​។​

លោក​បាន​បន្ដថា ក្រសួង​សាធារណការ ក៏​បាន​ខិតខំ​ធ្វើ​យ៉ាងណា​ទប់ស្កាត់ កុំឲ្យ​មាន​មន្ដ្រី​ជញ្ជីង​ថឹ្ល​ង​រថយន្ត អនុញ្ញាត​ឲ្យ​រថយន្ដ​ដឹក​ទំនិញ​ធ្ងន់ៗ ចូល​ថឹ្ល​ង​មិនបាន​ត្រឹមត្រូវ ដូច្នេះ ក្រុមការងារ នៃ​ក្រសួង​សាធារណការ ត្រូវ​ចុះ​ពិនិត្យ​តាមដាន​កាំ​មេ​រ៉ា នៅតាម​ជញ្ជីង​ថ្លឹង​រថយន្ត ហើយ​មន្ដ្រី​ក្រសួង​សាធារណការ​ទាំងអស់ ត្រូវ​នាំគ្នា ចូលរួម​ទប់ស្កាត់ រថយន្ដ​ដឹក​លើស​ទម្ងន់ ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​។​

​លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា “ កុំ​ថា​យើងខ្ញុំ មិន​អនុវត្តន៍ តាម​ផ្លូវច្បាប់​ឲ្យសោះ យើង​ធ្វើ​ការពិភាក្សា​គ្នា ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ មួយ​ចំនួន​រួច​ហើយ​។ ខ្ញុំ​សូមជម្រាបថា មន្ដ្រី​ជញ្ជីង ខ្ញុំ​បាន​ដូរ​ម្ដង​ហើយ ១៤​នាក់ បាន​ដកចេញ​ជាបន្ទាន់ ដោយ សារ​មាន​បញ្ហា​ហ្នឹង ហើយ​មន្ដ្រី​ជញ្ជីង​១៤​នាក់ សំណុំរឿង​នៅ​តុលាការ​នៅ​ឡើយ​ទេ មិន​ទាន់​រួច​ខ្លួន​ទេ អ្នក​ដែល​ឆ្កឹះ​ជញ្ជីង បញ្ចុះ​ទម្ងន់ ១៤​នាក់ បាន​បញ្ជូន​ទៅ​តុលាការ​ហើយ​។ ដូច្នេះ​សូម​មន្ត្រី​ក្រសួង​ទាំងអស់​ឲ្យ​យល់​ដល់​ថ្នាក់ដឹកនាំ​ផង គឺ​ថ្នាក់​ដឹកនាំ​អនុគ្រោះ​ឲ្យ និង​ពន្យល់​ហើយ​ពន្យល់​ទៀត ហើយ​នៅ​ទីបញ្ចប់​មិន​ព្រម​អនុវត្តន៍ គឺ​ខ្ញុំ​ត្រូវ​ប្រើ​ធម៌​ក្តៅ​ហើយ គឺ​អនុញ្ញាត​ឲ្យ​មន្ត្រី​ក្រសួង​សាធារណការ ចូលរួម​បំផ្លាញ​ផ្លូវ​របស់​ខ្លួនឯង​។ ដាច់ខាត​មិន​អាច​ធ្វើ​អីចឹង​បានទេ ។ សំណុំរឿង​១៤​នេះ មិនទាន់​ចប់​ទេ អស់លោក​ទាំង​១៤​នាក់ ហើយ​បើ​១៤​នាក់​នេះ​មិន​ទាន់​ដោះស្រាយ​ចប់ ហើយ​១៤​នាក់​ផ្សេង​ទៀត​ចង់​ធ្វើ​ទៀត សូម​អញ្ជើញ​មក ហើយ​ចាំ​យើងខ្ញុំ​ធ្វើតាម​នីតិវិធី តាម​ផ្លូវច្បាប់ ដូច្នេះ​សូម​ឲ្យ​ច្បាស់​ជា​មួយគ្នា​តែម្តង “​។​

​លោក​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​សូម​ដល់ មន្ត្រី​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ទាំងអស់ ចូលរួម​ទប់ស្កាត់​ការ​ដឹកទំនិញ លើស​ទម្ងន់​នេះ​បំផ្លាញ​ផ្លូវជាតិ ដែល​ប្រមុខ​រាជរដ្ឋាភិបាល បាន​ខិតខំ​ប្រឹងប្រែង រក​ថវិកា​ជាតិ ជំនួយឥតសំណង និង​ប្រាក់​កម្ចី ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់​ជាតិ​។​

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា “​យើងខ្ញុំ​នឹង​ខិតខំ​ទប់ស្កាត់​កុំ​មន្ត្រី​សាធារណការ នៅ​ឈរជើង​នៅ​កន្លែង​ជញ្ជីញ អនុញ្ញាត​ឲ្យ​រថយន្ត​ឆ្លងកាត់ ដោយ​មិន​បាន​ថ្លឹង​ត្រឹមត្រូវ អីចឹង​ត្រូវតែ​ត្រួតពិនិត្យ​មើល​ប្រព័ន្ធ​កាម៉េរ៉ា​ឡើងវិញ “​។​

​លោក​បាន​សូម​អំពាវនាវ​ដល់​ក្រុមហ៊ុន​ដឹកទំនិញ សូមមេត្តា​អាណិតអាសូ​ផ្លូវ​ផង អាណិត​រាជរដ្ឋាភិបាល​ផង ដែល​ខិតខំ​ប្រឹងប្រែង​រក​ថវិកា​មក​កសាង​ផ្លូវ​ឲ្យ​យើង ធ្វើដំណើរ​បាន​ល្អ ដឹក​ទំនិញ​បានល្អ ដើម្បី​សេដ្ឋកិច្ចជាតិ​មាន​ការរីកចម្រើន​។ សូម​កុំ​រក​យកចំណេញ​តែ​ខ្លួនឯង គិត​ប្រទេសជាតិ​ផង សូម​កុំ​ដឹកទំនិញ​លើ​ទម្ងន់​ដែល​កំណត់​ដោយ​ច្បាប់ ។ ម្យ៉ាងទៀត សំណូមពរ​ដល់​ការងារ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស កែច្នៃ​រថយន្ត និង​ដឹក​ទំនិញ​លើស​ទម្ងន់ ដែល​ដឹកនាំ​លោក​សេង ឈួន មេត្តា​ពង្រឹង​ប្រសិទ្ធភាព​ការងារ​នេះ​ឲ្យបាន​ច្បាស់ រឹងមាំ​ជាង​មុន ចាប់​រថយន្ត​ដែល​ដឹក​លើស​ទម្ងន់​ឲ្យបាន​អស់ ។ សូមបញ្ជាក់​ថា អត់​មាន​កាង​ទេ គឺ​ចាប់​ទាំងអស់ អត់​មាន​រថយន្ត​អ្នកនេះ រថយន្ត​អ្នកនោះ ឲ្យតែ​លើស​ទម្ងន់​គឺ​ចាប់​ទាំងអស់ ហើយ​ជា​ពិសេស​មន្ត្រី​នៅតាម​បណ្តា​ស្ថានីយ៍​ថ្លឹង​រថយន្ត​នី​មួយៗ សូមមេត្តា​ប្រយ័ត្នប្រយែង ដោយសារ​តែ​យើងខ្ញុំ​ក៏​បានឮ​ព័ត៌មាន​មួយចំនួន​ថា អស់លោក​ឲ្យ​ឡាន​ចេញទៅ ឲ្យតែ​ឲ្យ​លុយ​មិនបាច់​ថ្លឹង​ទេ ។ សូម​បញ្ចប់​ជា​បន្ទាន់ យើងខ្ញុំ​មិន​អនុញ្ញាត​បន្ត​ទៀត​បាន​ទេ កុំ​ឲ្យសោះ ត្រូវតែ​ថ្លឹង​ទាំងអស់ កុំ​យក​លុយ​កន្លែង​ជញ្ជីង​ហ្នឹង ខ្ញុំ​បាន​មើល​ទាំង​ហ្វេ​សប៊ុក​ផង និង​ព័ត៌មាន​ផង បាន​លើកឡើង​ថា កន្លែង​នេះ កន្លែង​នោះ គឺ​ឲ្យគេ​បើក​ពេលយប់ មិនបាច់​ថ្លឹង​ទេ គឺ​ឲ្យតែ​លុយ ប៉ុន្តែ​ខ្ញុំ​មិនដឹងថា រឿង​នេះ​ពិត ឬ​មិន​ពិត​នោះទេ ប៉ុន្តែ​សូម​សំណូមពរ​ដល់​មន្ត្រី​ទាំងអស់ ចូលរួម​ទប់ស្កាត់​ការដឹក​ទំនិញ​លើស​ទម្ងន់​នេះ​៕ ​ដោយ ​៖ ​កូឡាប​

 

spot_img
×