Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ព្រឹក​ថ្ងៃទី​១៥​តុលា​នេះ​ជា​ខួប​៦​ឆ្នាំ នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះវររាជបិតា​ជាតិ​ខ្មែរ សម្តេចព្រះ​នរោត្តម សីហនុ​

spot_img

​ភ្នំពេញ​ ៖ សូម​ថ្វាយ​មហា​ព្រះរាជ​កុសល​ខួប​ទី ៦​ឆ្នាំ ការយាង​ចូល​ព្រះ​ទីវង្គិត​នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ដែនដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ថ្ងៃទី​១៥ តុលា ២០១២ – ១៥ តុលា ២០១៨​។ សូម​ថ្វាយ​មហា​ព្រះ​រាជកុសល ព្រះ​បរម​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​យាង​សោយសុខ​ក្នុង​ឋាន​ព្រះ​បរមសុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ នេះ​បើ​តាមផេក​Royal du Cambodge​។​

​ក្រោយ​ការយាង​សោយ​ទិវង្គ​របស់​ព្រះអង្គ ជា​រៀងរាល់ឆ្នាំ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា មន្ត្រីជាន់ខ្ពស់ និង​ថ្នាក់ដឹកនាំ​សំខាន់ៗ ព្រមទាំង​មន្ត្រី​តាម​បណ្តា​ក្រសួង ស្ថាប័ន​នានា អាជ្ញាធរ​ដែនដី​រាជធានី ខេត្ត ស្រុក ខណ្ឌ អង្គការ​ផ្សេងៗ បាន​អញ្ជើញ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ នា​ព្រះ​មណ្ឌល​តម្កល់​ព្រះ​បរម​រូប ជិត​វិមានឯករាជ្យ រាជធានី​ភ្នំពេញ​។​

ជាក់ស្ដែង​នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨​នេះ គឺជា​គម្រប់​៦​ឆ្នាំ​ហើយ ដែល​ព្រះវររាជបិតា​ឯករាជ្យ​ជាតិ​ខ្មែរ សម្តេចព្រះ​នរោត្តម សីហនុ បាន​យាង​សោយ​ទិវង្គត​ចាកចោល​ប្រជារាស្ត្រ និង​ដែន​ដ៏​ជាទី​ស្នេហា​របស់​ព្រះអង្គ ហើយ​ក៏​ថ្ងៃ​ដែល​កូន​ខ្មែរ និង​ជាតិខ្មែរ​ទាំងមូល​សោកសៅ​ជាទីបំផុត​។​

​សម្តេចព្រះ​បរម​រតន​កោដ្ឋ ត្រូវបាន​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល ចាត់ទុក​ជា​អង្គ​ព្រះមហាក្សត្រ និង​ជា​មហា​វីរក្សត្រ​ខ្មែរ ដែល​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​ពេញ​មួយ ព្រះជន្ម​របស់​ព្រះអង្គ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​នាំមក​នូវ​ឧត្តម​ប្រយោជន៍​សម្រាប់​ប្រជារាស្ត្រ​របស់​ព្រះអង្គ ជាពិសេស​ព្រះរាជ​បូជនីយ​កិច្ច​ទាមទារ​ឯករាជ្យ ពី​ប្រទេស​បារាំង​នា​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។​

​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ​ខ្មែរ បាន​យាង​សោយ​ព្រះ​ទិវង្គត នៅវេលា​ម៉ោង ១និង២០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ (​ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា​) ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះវស្សា ដោយ​ព្រះ​ជរា​ពាធ នៅ​មន្ទីរពេទ្យ​នា​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​

​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស បាន​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ថ្វាយ​ចំពោះ​ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់ និង​បាន​ក្រាប​ថ្វាយព្រះពរ​ដល់ ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ បាន​យាង​ទៅ​សោយសុខ​នៅ​ឋាន​សួ​គ៌ា​៕​ ដោយ​៖​កូឡាប​

   

spot_img
×