Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាមរក​ជាង​កន្លះ​ឆ្នាំ ទើបតែ​បាន​ជួប​មុខ​អា​ធ្មេញ​ជា​បុគ្គលិក​ណាហ្កា​វើល​ដែល​ជំនាញឆ​ក់​យ៉ាងសកម្ម​

spot_img

​ភ្នំពេញ ៖ អា​ធ្មេញ គឺជា​ឈ្មោះ​ហៅ​ក្រៅ របស់​មុខសញ្ញា​ចោរឆក់ ដ៏​មហា​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ ដែល​តែងតែ​រត់​គេចខ្លួន​រួច ពី​ការ​តាម​ប្រម៉ា​ញ់​របស់​សមត្ថកិច្ច ទើបតែ​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​រួមជាមួយ​បក្ខពួក​២​នាក់​ទៀត និង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ នា​ព្រឹក​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ​។​

​កន្លង​មក​សកម្មភាព​ចោរឆក់​ទាំងនេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចូលរួម យកចិត្តទុកដាក់ ដុតដៃដុតជើង​យ៉ាងខ្លាំង ក្នុង​ប្រតិបត្តិការ​ពង្រាយ​កម្លាំង​តាមដាន ពួនស្ទាក់ និង​ប្រដេញ​តាម​បង្ក្រាប ទាំង​យប់​ទាំង​ថ្ងៃ រហូត​បង្ក្រាប​បាន​ជាច្រើន​ករណី និង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ជាច្រើន​នាក់​រួចមកហើយ​។ ហើយ​ថ្មីៗ​នេះ​គឺ​កាលពី​យប់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ សូម្បី​តែ​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ គឺ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ដេញ​ចាប់ចោឆ​ក់​ដោយ​ផ្ទាល់ រហូត​ដួល​របួស​ដៃជើង​ផងដែរ​។​

​បើទោះបីជា​មាន​ការលះបង់​កម្លាំងកាយ កម្លាំងចិត្ត​និង ពេលវេលា ក្នុងការ​ល្បាត​ពួនស្ទាក់​ទាំង​យប់​ទាំង​ថ្ងៃ របស់​សមត្ថកិច្ច និង​មាន​ការប្រថុយប្រថាន​អាយុជីវិត ប្រឈម​ជា​មួយ​គ្រោះថ្នាក់ ក្នុងការ​ប្រដេញ​តាម​ចាប់ ក្រុមចោរឆក់​ទាំងនេះ​យ៉ាងណាក្តី ក៏​ក្នុង​នោះ​នៅ​មាន​បក្ខពួក​ចោរឆក់​មួយចំនួន​តែង​រត់​គេចខ្លួន​រួច ហើយ​នៅ​មិន​ខ្លាចរអារ​បង្កើន​សកម្ម​ភាព​ឆក់ រឹតតែ​ប្រយ័ត្ន ជាង​មុន​ទៀត ។​

​ជាក់ស្តែង​អា​ធ្មេញ មាន​ឈ្មោះ​ពេញ​ហៅថា សោម ម៉ា​រ៉ានិត ឬ ហៅ​ខ្មៅ អាយុ​១៧​ឆ្នាំ មាន​មុខរបរ​ជា​បុគ្គលិក​ណាហ្កា​វើល ស្នាក់​នៅផ្ទះ​លេខ​១១២ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ គឺជា​បក្ខពួក​ម្នាក់ ដែល​តែងតែ​រត់​គេចខ្លួន​រួច​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច ក្នុង​ចំណោម​ក្រុម​ចោរឆក់​ជាច្រើន​នាក់​ទៀត ដែល​សមត្ថកិច្ច​បាន​បង្ក្រាប​និង​បញ្ជូន​ទៅ​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ​។ អា​ធ្មេញ រួម​ជាមួយ​បក្ខពួក​០២​នាក់​ទៀត ឈ្មោះ សុខ វ៉ា ហៅ ហាក់ វណ្ណ​ឆៃ កើត​ឆ្នាំ​២០០១ និង ឈ្មោះ ដា​រ៉ា វិទូ កើត​ឆ្នាំ​២០០៣ ត្រូវបាន​អាវុធហត្ថ​ខណ្ឌដូនពេញ ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង ១៩ និង​១០​នាទី នៅ​ចំណុច​ផ្លូវ​១៧៨​កែង​ផ្លូវ​លេខ​១៣ ក្រុម​៨ ភូមិ​២ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ខណៈពេល​ដែល​ពួកគេ​មាន​គ្នា​៤​នាក់​(​រត់​រួច​ម្នាក់​) កំពុង​ធ្វើ​សកម្មភាព ឆក់​កាបូប​ជនជាតិ​អូស្ត្រាលី ឈ្មោះ ដាវី​ណា អ៊ី​សាក់ ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជា​សិស្សសាលា ដែល​កំពុង​ដើរ​តាម​ផ្លូវ​ជា​មួយ មិត្តភក្តិ​។ កញ្ញា Davina Issac មានការ​រន្ធត់​និង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​តែ​នេះ​គឺជា​លើក​ទី​មួយ​ហើយ​សម្រាប់​នាង មកកាន់​ប្រទេស​កម្ពុជា ស្រាប់តែ​ជួប​ហេតុ​ការ​ចោរឆក់​កាបូប​យ៉ាង​ដូច្នេះ តែ​នាង​ក៏​បាន​សម្តែង​ការថ្លែងអំណរគុណ​យ៉ាង ជ្រាលជ្រៅ ចំពោះ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ចាប់​ក្រុមចោរឆក់​បាន និង​យក​កាបូប​ប្រគល់ជូន​នាង​វិញ ។​

​តាម​ការស្រាវជ្រាវ​និង​វិធានការ​ជំនាញ​របស់​ស​ម​ត្ថ​កិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​ឈ្មោះ សោម ម៉ា​រ៉ានិត ហៅ​ធ្មេញ ហៅ​ខ្មៅ បាន​សារភាព​ថា កន្លង​មក​រូបគេ​រួមជាមួយ​បក្ខពួក​តែង​ចេញ​រកស៊ី​(​ជិះ​ម៉ូតូ​ឆក់​តាមផ្លូវ​) ជា​រៀងរាល់ថ្ងៃ ដោយ​មុនពេល​ចេញ​រកស៊ី​(​ឆក់​) ពួកគេ​ជួបជុំ​គ្នា​នៅ​កោះ​ពេជ្រ និង​ម្តុំ​មុខ​ណាហ្កាឬ​ឌ្រី​មឡែន​ចាស់​។ ហើយ​រយៈកាល​កន្លងមក​នេះ ពួកគេ​ចេញ​ឆក់​បាន​ប្រហែល​ជាង​១២០​ដង ដោយ​ឆក់​បាន​សម្រេច​ខ្លះ មិនបាន​សម្រេច​ខ្លះ ក្នុងនោះ​មានដូចជា​ឆក់​កាបូប​ជនបរទេស​បាន​ប្រាក់​១៤០​ដុល្លារ នៅ​មុខ​វត្ត​ឧណ្ណា​ឡោម ។ ឆក់​កាបូប បាន​ប្រាក់​២៥០​ដុល្លារ និង​ទូរស័ព្ទដៃ​០២​គ្រឿង នៅ​មុខ​សាលា​ព្រះស៊ីសុវត្ថិ​។ ឆក់​កាបូប​បាន​ប្រាក់​៤០០​ដុល្លារ និង​ទូរស័ព្ទ​០១​គ្រឿង នៅ​ផ្លូវ​នរោត្តម កែង​ផ្លូវ​២១៤ ។ ឆក់​បាន​ទូរស័ព្ទ​០១​គ្រឿង នៅ​ផ្លូវ​១៧៨​កែង​ផ្លូវ​១៣​។ ឆក់​កាបូប​បាន​ប្រាក់​១៥​ដុល្លារ និង​ទូរស័ព្ទ​០១​គ្រឿង នៅ​ផ្លូវ​១៧៨​កែង​ផ្លូវ​១៣​ម្តងទៀត​។ ឆក់​បាន​ទូរស័ព្ទ​០១​គ្រឿង នៅ​ផ្លូវ​១៧៨ កែង​ផ្លូវ​១៣​ដដែល​ទៀត​។ ឆក់​កាបូប​បាន ប្រាក់ ២៥០​ដុល្លា និង​ទូរស័ព្ទ​០១​គ្រឿង នៅ​មុខ​វត្ត​ឧណ្ណា​ឡោម និង​ឆក់​ជាង​១០០​ករណី​ទៀត ច្រើន​នៅ​ម្តុំ​ក្រោយ​សាលា​ព្រះស៊ីសុវត្ថិ ម្តុំ​មាត់ទន្លេ មុខ​ផ្សារ​រាត្រី និង​ម្តុំ​ផ្សារកណ្តាល​៕ ដោយ​៖​កូឡាប​

spot_img
×