Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​អូស្ត្រាលី​ម្នាក់ រង​របួស​ជាំ​ពេញ​ខ្លួន ព្រោះតែ​យក​ប្រាណ​ការពារ​កូន​ពី​សំណាក់​ភ្លៀង “​ទឹកកក​” នេះ​ហើយ​ម្តាយ​…!

spot_img

ABC បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ១៣ ខែ​តុលា​នេះ​ថា ៖ នាង Fiona Simson អាយុ ២៣​ឆ្នាំ កំពុង​បើកបរ​រថយន្ត​នៅ​រដ្ឋ Queen Sland ភាគខាងត្បូង​អូស្ត្រាលី នៅ​ថ្ងៃ​ទី ១១ ខែតុលា ស្រាប់តែ​មេឃ​ធ្លាក់ភ្លៀង ហើយ​ពុំ​មែន​ភ្លៀង​ធម្មតា​ទេ គឺជា​ភ្លៀង​ដុំ​ទឹកកក ។ នៅលើ​រថយន្ត​ពេល​នោះ​មាន​យាយ​ចំណាស់ ៧៨​ឆ្នាំ និង​កូនស្រី​តូច​វ័យ​ទើប​៤​ខែ​របស់​នាង ។​

Fiona រងរបួស​យ៉ាងដំណំ ក្រោយពេល​យក​ខ្លួន​ពាំង​កូនស្រី​ក្នុង​ភ្លៀង​ទឹកកក ថ្ងៃទី ១១ ខែតុលា នៅ​រដ្ឋ Queen-sland ប្រទេស​អូស្ត្រាលី ។​

Fiona បាន​បើករថយន្ត​យឺតៗ អែប​ទៅ​កៀន​ចិញ្ចើមថ្នល់ ប៉ុន្តែ​១​សន្ទុះ​ក្រោយ​ក៏​ឮ​ស្នូរ​ខ្លាំង​១​ក្ឌាំង ទឹកភ្លៀង​ចាប់ផ្តើម​ហូរ​ចូល ព្រោះ​ទឹកកក​១​ដុំ​ប៉ុន​គ្រាប់​កូន​ហ្គោល​បាន​បុក​ទម្លុះ ។ គ្មាន​ពេល​គិតពិចារណា​អ្វី​ទេ នាង​បាន​ស្ទុះ​ទៅ​ប្រឹង​យក​ខ្លួនប្រាណ​បាំង​ពីលើ​យាយ​ចំណាស់ និង​កូនស្រី​តូច ។ ដុំ​ទឹកកក​ប៉ុនៗ​គ្រាប់​កូន​ហ្គោល​ទាំងនោះ​បន្ត​ធ្លាក់ចុះ​បំបែក​កញ្ចក់​រថយន្ត ដែល​នៅ​សេសសល់ ។ យ៉ាងនេះក្តី​ក៏​យាយ​ចំណាស់ និង​កូនស្រី​តូច​មាន​រងរបួស​ខ្លះៗ​ដែរ ។​

​ក្រោយ​ពេល​ភ្លៀង​រាំង នាង​ប្រឹង​បញ្ជា​រថយន្ត​ទៅ​ផ្ទះមួយ​ជិត​នោះ ហើយ​ពលរដ្ឋ​នាំគ្នា​ជួយ​ដោយ​ហៅ​រថយន្ត​សង្គ្រោះ ។ Fiona និង​កូនស្រី ត្រូវបាន​ព្យាបាល​មុខរ​បួស​នៅ​មន្ទីរពេទ្យ Kingaroy និង​ត្រូវបាន​អនុញ្ញាតឲ្យ​ចេញ​ពី​មន្ទី​រ​ពេទ្យ​នៅ​ថ្ងៃ​ដដែល ។ រីឯ​យាយ​របស់​នាង​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ​១​យប់ ព្រោះ​របួស​នៅ​ដៃ​ធ្ងន់ធ្ងរ ។​

​ទោះបី​យ៉ាងនេះក្តី នាង​ពោលថា ប្រសិន​ហេតុការណ៍​បែប​នេះ​កើតឡើង​ទៀត នាង​នៅ​តែ​ធ្វើ​អ្វីៗ​ដើម្បី​ការពារ​កូន ។ នាង​ពោល ៖ វា​ពិតជា​សភាវៈ​តម្រូវ​ឲ្យធ្វើ​បែបនេះ ។ រហូតដល់​ពេល​រថយន្ត​សង្គ្រោះ​មកដល់ ទើប​ខ្ញុំ​ចាប់ផ្តើម​យល់​ថា កូនស្រី​ខ្ញុំ​អាច​របួសធ្ងន់ ឬ​ប៉ះពាល់​ដល់​អាយុជីវិត ប្រសិន​ខ្ញុំ​ពុំ​ធ្វើបែបនេះ ។ ជា​ម្តាយ​ត្រូវតែ​ធ្វើ​នូវ​អ្វីៗ ដើម្បី​ការពារ​កូន​ខ្លួន ទោះ​បី​ត្រូវ​បាត់បង់​ជីវិត​ក្តី ។ នាង​ពោល​បន្ត​ទាំង​ក្តុកក្តួល​ថា ៖ “​រថយន្ត​ខូច​អាច​ជួសជុល​បាន ស្នាម​របួស​ជាំ​វា​នឹង​រលាយបាត់ ប្រការ​សំខាន់​គឺ​យើង​ទាំងអស់គ្នា​មាន​សុវត្ថិភាព​ហើយ​!” ៕ ចន្ទ្រា​

spot_img
×