Monday, December 6, 2021

​ប្តី​ផឹកស្រា​ស្រវឹង​យក​ទឹក​ក្តៅ​ជះ​ប្រពន្ធ ពេល​នាង​ស្តីបន្ទោស​រឿង​ដើរលេង​ផឹកស៊ី​

​បាត់ដំបង ​៖ អ្នកក្លាហាន​ជា​ប្តី​ដែល​បាន​ផឹកស្រា​ស្រវឹង​យក​ទឹក​ក្តៅ​ជះ​ប្រពន្ធ​បណ្តាលអោយ​រងរបួស​ធ្ងន់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ឃាត់ខ្លួន និង​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​។

​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា នៅ​ថ្ងៃ​អាទិត្យ ទី​១៤ ខែតុលា​ឆ្នាំ​២០១៨ វេលា​ម៉ោង​១២៖៣០​នាទី កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ ១​នាក់​ក្រោយ​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ ដោយ​វាយដំ​និង​ស្រោច​ទឹក​ក្តៅ​លើ​ខ្លួន បណ្តាល​អោយ​​រងរបួស​ធ្ងន់ធ្ងរ ខណៈ​នាង​ស្តីបន្ទោស​រឿង​ដើរ​លេង​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​។​

​លោក​វរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាល​ស្រុក​ថ្មគោល បានអោយដឹងថា កម្លាំង​ជំនាញ​នៃ​អធិការនគរបាល​ស្រុក បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ឌិន ប្រុស ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ក្នុងករណី​ហិង្សា​ដោយ​ចេតនា​ដោយ​វាយដំ​និង​ស្រោច​ទឹក​ក្តៅ​លើ​ជនរងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ សិទ្ធ រស្មី ភេទ​ស្រី អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។ ជនរងគ្រោះ​រងរបួស​រលាក​នៅ​ត្រង់​មុខ​ខាងឆ្វេង ខ្នង និង​ជើង​ខាងឆ្វេង​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យដឹងថា មូលហេតុ​នៃ​ករណី​ហិង្សា​ខាងលើ គឺ​បណ្តាលមកពី​ប្តី​ផឹកស្រា​ស្រវឹង ប្រពន្ធ​ឃើញ​ដូចនេះ ក៏​បាន​ណែនាំ​កុំឲ្យ​ផឹក​ច្រើនពេក ប្តី​បែរ​ជា​កំរោលចូល ខឹង​ប្រពន្ធ វាយ​និង​យក​ទឹ​កក្តៅ មក​ជះ​លើ​ប្រពន្ធ​តែម្តង​។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​រៀប ចំ​សំណុំរឿង​បញ្ជូន មក​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​