Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​៖ កម្ពុជា​ត្រៀម​ពង្រឹង​កិច្ច​សហការ​ជាមួយ​ឥណ្ឌូណេស៊ី ចាប់​ពី​វិស័យ​វប្បធម៌​ដល់​បច្ចេកវិទ្យា​

spot_img

​ភ្នំពេញ ​៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​ជម្រាប​មន្ត្រីការទូត​ឥណ្ឌូណេស៊ី​ថា កម្ពុជា​បាន​ត្រៀមលក្ខណៈ​រួចរាល់ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ជាមួយ​ប្រទេស​ឥណ្ឌូណេស៊ី នៅ​លើ​វិស័យ​អទិភាព​ផ្សេងៗ រាប់​ចាប់តាំងពី​ពាណិជ្ជកម្ម វប្បធម៌ រហូត​ដល់​បច្ចេកវិទ្យា ដើម្បី​កាត់បន្ថយ​ឱនភាព​ទំហំ​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​របស់​ប្រទេស​ទាំង​ពីរ​។​

​លោក​រដ្ឋមន្ត្រី បាន​អះអាង​ដូច្នោះ នា​ឱកាស​ទទួល​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ លោក ស៊ូឌា​មេន ហា​សេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ថ្មី​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​ប្រចាំ​នៅ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៦ ខែតុលា ឆ្នាំ​២០១៨ នៅក្នុង​បន្ទប់​តា​ព្រហ្ម នៃ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បានលើកឡើង​ពី​ទំនាក់ទំនង​មិត្តភាព​ប្រពៃណី​រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី និង​ភាពស៊ីសង្វាក់​គ្នា​នៃ​ប្រវត្តិសាស្ត្រ និង​វប្បធម៌​របស់​ប្រទេស​ទាំង​ពីរ តួយ៉ាង​ដូចជា ភាសា អក្សរសាស្ត្រ និង​ចម្លាក់​បុរាណ​។ លោក​រដ្ឋមន្ត្រី ក៏​បាន​បង្ហាញ​ភាគី​ឥណ្ឌូណេស៊ី នូវ​សក្តានុពល​កសិកម្ម ទេសចរណ៍ និង​ឧស្សាហកម្ម​របស់​កម្ពុជា ដែល​កំពុង​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា យកចិត្តទុកដាក់​ក្នុង​ការធ្វើ​ពិពិធ​កម្ម (​ពង្រីក​) នាំចេញ​ទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​។​

​លោក​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​វឌ្ឍនភាព​នៃ​វិស័យ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ និង​បាន​ស្នើ​ឱ្យមាន ជើងហោះហើរ​ត្រង់​ពី​ឥណ្ឌូណេស៊ី​មក​កម្ពុជា ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​វប្បធម៌ ក៏ដូចជា​ការពង្រឹង​កិច្ចសហកា​រវាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ការផ្លាស់ប្តូរ​បទពិសោធន៍ លើ​ផ្នែក​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​នវានុវត្តន៍ (​គំនិត​ច្នៃប្រឌិត​) ដែល​ជា​គន្លឹះ​ក្នុង​ការលើកស្ទួយ​សហគ្រិន​ភាព សំដៅ​ធ្វើ​ពិពិធ​កម្ម​ឱកាស​ការងារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។​

​ជា​ការឆ្លើយតប លោក ស៊ូឌា​មេន ហា​សេង បាន​យល់ស្រប​ចំពោះ​ការលើកឡើង​របស់​លោក​រដ្ឋមន្ត្រី និង​បាន​គូសបញ្ជាក់ថា ឥណ្ឌូណេស៊ី​មានបំណង​ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិស័យ​អាទិភាព​ផ្សេង​ទៀត​ជាមួយ​កម្ពុជា ហើយ​នៅ​សប្តាហ៍​ក្រោយ ក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី នឹង​សម្របសម្រួល​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​ធុរជន​កម្ពុជា ដែល​ស្វែងរក​ឱកាស​អាជីវកម្ម​នៅ​ទីក្រុង Bandung នៃ​ខេត្ត​ចា​វ៉ា​ខាងលិច​។​

​លោក​ឯកអគ្គរដ្ឋទូត បាន​បន្ថែមទៀតថា រដ្ឋាភិបាល​ឥណ្ឌូនេស៊ី កំពុង​ពិចារណា​ទិញ​អង្ករ និង​ផលិតផល​កសិកម្ម​មួយចំនួន​ទៀត​ពី​កម្ពុជា និង​បាន​ជំរុញ​ពាណិជ្ជករ​ឥណ្ឌូណេស៊ី ចូលរួម​ព្រឹត្តិការណ៍​ពិ​ព​រ័ណ៍ភូមិ​១ ផលិតផល​១ ដែល​គ្រោង​នឹង​រៀបចំ នៅ​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១១ ខែ​ធ្នូ​ខាងមុខ ដើម្បី​ជំរុញ​កិច្ចសហការ និង​កាត់បន្ថយ​ឱនភាព ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យបាន​អតិបរមា​។​

​សូមជម្រាបថា កាលពី​ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី សម្រេច​បាន​ទឹកប្រាក់​សរុប ៥៣៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក ពោល​គឺ​បាន​កើន​ឡើង​ជាង ២០% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ក្នុងនោះ ការនាំចេញ​របស់​កម្ពុ​ជា មាន​ទឹកប្រាក់ ២៦​លាន​ដុល្លារ​អាមេរិក និង​នាំចូល​មាន​ចំនួន ៥១៤​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ដោយឡែក នៅក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី សម្រេច​បាន​ទឹកប្រាក់ ៣១៨​លាន​ដុល្លារ​អាមេរិក គឺ​បាន​កើនឡើង ៨% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៧៕ ​ដោយ​៖​កូឡាប​

spot_img
×