Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ឡេង ប៉េ​ឡុង ជំរុញ​មន្ត្រី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ APPF នៅ​ដើមឆ្នាំ​២០១៩ ខិតខំ​បំពេញ​ការងារ​ឲ្យបាន​ជោគជ័យ​

spot_img

​ភ្នំពេញ​៖ សភា​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ លើក​ទី​២៧ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក នៅ​ខេត្ត​សៀមរាប នា​ដើមឆ្នាំ​២០១៩ ខាងមុខនេះ​។ ក្នុង​នាម​ប្រធាន​លេខាធិការដ្ឋាន​ជាតិ​APPF លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា បាន​ជំរុញ​ក្រុមមន្ត្រី​ដែល​មាន​ភារកិច្ច​ត្រៀម​រៀបចំ កិច្ចប្រជុំ លើក​ទី​២៧ APPF​នេះ ឲ្យខិត​ខំ​ស្រាវជ្រាវ ចងក្រង​ឯកសារ និង​ធ្វើ​ទំនាក់ទំនង​ជាមួយ​អន្តរជាតិ​ឲ្យបាន​ជាប្រចាំ តាម​កាលវិភាគ​ការងារ​ដែល បានកំណត់ ដោយ​ធ្វើយ៉ាងណា​ឲ្យ​ដំណើរការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ជា​អន្តរជាតិ​នេះ ទទួលបាន​ជោគជ័យ​។​

​ប្រធាន​លេខាធិការដ្ឋាន​ជាតិ​APPF​បាន​លើកឡើង​ថា បើ​គិត​មកដល់ពេលនេះ ពេលវេលា​នៅ​តែ​ប្រមាណ​៣​ខែ​ទៀត​ប៉ុណ្ណោះ កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ លើក​ទី ២៧​នៃ​APPF​នឹង​មកដល់​។ ដូច្នេះ​លោក​អគ្គលេខាធិការ ទទូច​ដល់​មន្ត្រី​ទាំងអស់ យកចិត្តទុកដាក់​បំពេ​ញ​ភារកិច្ច​ឲ្យ​បាន​លឿន និង​មាន​ប្រសិទ្ធភាព​។ លោក​បាន ស្នើ​ដល់​មន្ត្រី​ទាំងអស់ ពិសេស​ក្រុម​ការងារ​ស្រាវជ្រាវ​ឯកសារ ត្រូវ​ខិតខំ​ធ្វើ​ការ​ស្រាវជ្រាវ ចងក្រង​ឯកសារ ផ្តល់​ជា​គំនិត​ជំនួយស្មារតី​ដល់​សមាជិក សមាជិកា​សភា ដែល​លោក​មាន​ភារកិច្ច​ទទួល​បន្ទុក​វិស័យ​នានា នៃ​កិច្ចប្រជុំ​APPF មាន​ដូចជា​វិស័យ​នយោបាយ សន្តិសុខ ពាណិជ្ជកម្ម និង​ស្ត្រី​ជាដើម នោះ​។​

​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ដែល​មានឈ្មោះ​ជា​ភាសា​អង់គ្លេស “The Asia Pacific Parliamentary Forum” បាន​បង្កើតឡើង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស ជប៉ុន ក្នុង​ឆ្នាំ​១៩៩៣ មាន​សភា​ប្រទេស​ចំនួន​២៧​ជា​សមាជិក​។ សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​នៃ​វេទិកាសភា​នេះ កាលពី​ឆ្នាំ​១៩៩៥​។ កិច្ចប្រជុំ​លើក​ទី​២៧APPF ដែល​សភា​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៅ​ខេត្ត​សៀមរាប ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ “​ការពង្រឹង​ភាព​ជា​ដៃគូ​សភា ដើម្បី​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​”​។​

​ក្រុមការងារ​លេខាធិកា​រដ្ឋា​ន​ជាតិ​APPF នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា បាន​លើកឡើង​ថា មកដល់ពេលនេះ បាន​សម្រេច​លទ្ធផល​ការងារ​ជាច្រើន នៅក្នុង​នោះ មានដូចជា ការកំណត់​ប្រធានបទ​នៃ​កិច្ចប្រជុំ ការចេញ​សេចក្តីព្រាង​កម្មវិធី​ប្រជុំ ហើយ​បាន​ផ្ញើ​ទៅ​កាន់​សភា​ប្រទេស​ដែល​ជា​សមាជិក គណៈកម្មាធិការ​ប្រតិបត្តិ​របស់​APPF​រួចរាល់​ហើយ​។ ក្រុមការងារ បាន​កំពុង​ត្រៀម​បញ្ជូន​លិខិត​អញ្ជើញ ចូលរួម​កិច្ចប្រជុំ​ជា​ផ្លូវការ​ទៅកាន់​ប្រទេស សមាជិក​APPF​ទាំង​២៦ និង​រង់ចាំ​ទទួល​សេចក្តីព្រាង​សេចក្តីសម្រេច​នានា ដែល​ប្រទេស​សមាជិក​APPF ត្រូវ​ផ្ញើ​មក​ដាក់​ក្នុង​កិច្ចប្រជុំ​លើក​ទី​២៧​នោះ​។​

​លោក ឡេង ប៉េងឡុង បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​បំពេញ​ការងារ​របស់​ក្រុមការងារ និង​បាន​ស្នើសុំ​ឲ្យ​ក្រុម​ការងារ​ទាំងអស់ បន្ត​ការងារ​ត្រៀម​រៀបចំ​នេះ​បន្ត​ទៀត ដោយ​មាន​ការទទួលខុសត្រូវ​ខ្ពស់ រហូត​ដល់​កិច្ចប្រជុំ បាន​បញ្ចប់​ដោយ​ទទួលបាន​ជោគជ័យ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×