Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណែទម្រង់​ប្រាក់បៀវត្សរ៍​មន្ត្រីរាជកា​រ ជា​សមិទ្ធផល​មួយ​ក្នុងចំណោម​សមិទ្ធផល​ជាច្រើន​របស់​ក្រសួង​

spot_img

​ភ្នំពេញ​ ៖ ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក ហ៊ុន ណេង ប្រធាន​គណៈកម្មការ​ម​ហា​ផ្ទៃ ការពារជាតិ និង​មុខងារសាធារណ​: នៃ​រដ្ឋសភា នៅ​ទីស្តីការក្រសួង លោក កិត្តិ​បណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ បានលើកឡើង​ពី​សមិទ្ធផល​ការងារ​ធំៗ​ជាច្រើន ដែល​ក្រសួង​សម្រេចបាន នៅក្នុង​អាណត្តិ​ទី​៥ នៃ​រដ្ឋសភា​។​

​សមិទ្ធផល​ធំៗ​ដែល លោក រដ្ឋមន្ត្រី បាន​លើកឡើង​នោះ មានដូចជា ការគ្រប់គ្រង​មុខងារសាធារណៈ ការអនុវត្ត​កម្មវិធី​ជាតិ​កំណែ​ទម្រង់រដ្ឋបាល​សាធារណៈ ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​ក្របខណ្ឌ​នៃ​ការបណ្តុះបណ្តាល​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល ការអភិវឌ្ឍ​ស្ថាប័ន​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​មុខងារសាធារណៈ ការត្រួតពិនិត្យ និង​ការគាំទ្រ​ការអនុវត្ត​កម្មវិធី​គោលនយោបាយ​ជា​ដើម​។​

​លោក កិត្តិ​បណ្ឌិត ពេជ្រ ប៊ុនធិន បាន​សង្កត់ធ្ងន់ថា អ្វី​ដែល​ជា​សមិទ្ធផល​នោះ គឺ​ក្រសួង​បាន​អនុវត្ត​ដោយ​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ការដំឡើងប្រាក់បៀវត្សរ៍​ដល់​មន្ត្រីរាជការ ស្រប​តាម​ស្ថានភាព​កំណើន​សេដ្ឋកិច្ច និង​លទ្ធភាព​ទ្រទ្រង់បាន​ថវិកាជាតិ​ក្នុងន័យ​ធានា​ឱ្យបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច សមធម៌ ការបង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​ការងាររដ្ឋបាល​សាធារណៈ ការធានា​សង្គតិភាព​រវាង​ក្រប​ខណ្ឌ​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ដំណើរការ​នៃ​ការកែទម្រង់​ប្រព័ន្ធ​បៀវត្សរ៍​។​

​សូមជម្រាបថា ដើម្បី​សិក្សា​ស្វែងយល់​ពី​ការអនុវត្ត​ច្បាប់ នៅក្នុង​វិស័យ​ដែល​គណៈកម្មការ​ទទួល​បន្ទុក ឯកឧត្តម ហ៊ុន ណេង ប្រធាន​គណៈកម្មការ​ម​ហា​ផ្ទៃ ការពារជាតិ និង​មុខងារសាធារណ​: នៃ​រដ្ឋសភា នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ នេះ​បាន​ដឹកនាំ សមាជិក​គណៈកម្មការ​ចុះ​សិក្សា​ស្វែងយល់​ពី​ការងារ​របស់​ក្រសួង​មុខងារសាធារណៈ​នៅ​ទីស្តីការក្រសួង​ផ្ទាល់​តែម្តង​។​

​នៅក្នុង​ជំនួប​ដដែល​នោះ លោក រដ្ឋមន្ត្រី​បាន​ជម្រាប​គណៈកម្មការ​រដ្ឋ​សភា​បន្តទៀតថា ក្រសួង​មុខងារសាធារណៈ និង​ក្រុមការងារ​កែទម្រង់​ប្រព័ន្ធ​បៀវត្សរ៍​បាន​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ពាក់ព័ន្ធ​រៀបចំ​នូវ​លិខិត​បទដ្ឋាន​សំខាន់ៗ ដូចជា ព្រះរាជក្រឹត្យ អនុក្រឹត្យ និង​សារាចរ ដើម្បី​រៀបចំ​ក្រប​ខណ្ឌ​មន្ត្រីរាជការ ដំឡើង​ប្រាក់​បំណាច់​មុខងារ ដំឡើង​ប្រាក់​បៀវត្សរ៍​មូលដ្ឋាន ក្នុង​ការពង្រឹង​ប្រសិទ្ធភាព​ការងារ បង្កើន​ផលិតភាព និង​បង្កើន​ប្រាក់​ចំណូល​ដល់​មន្ត្រីរាជកា​រ​។​

​លោក រដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្ត​ថា ក្រុមការងារ​ក៏​បាន​រៀបចំ​បង្កើន​ប្រាក់​បំណាច់​មុខងារ​ជូន​មន្ត្រីនគរបាល​ជាតិ យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ និង​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ជាតិ ដើម្បីឱ្យ​សង្គតិភាព​ជាមួយ​មន្ត្រី​រាជកា​រ​ស៊ីវិល​។ ឯកឧត្តម​បាន​បញ្ជាក់ថា នៅ​ខែ​មករា ឆ្នាំ​២០១៩​ខាងមុខនេះ មន្ត្រីរាជការ​ទាំងអស់​នឹង​បើក​ប្រាក់​បៀវត្សរ៍​២​សប្តាហ៍​ម្តង ក្នុង​មួយ​ខែ​។​

​លោក ហ៊ុន ណេង បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​ក្រសួង​សម្រេចបាន​។ ប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋសភា​បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ​ដ៏​ល្អ​រវាង​ក្រសួង​មុខងារសាធារណៈ និង​គណៈកម្មការ​រដ្ឋ​សភា ក្នុង​អាណត្តិ​ទី​៥ កន្លងមក ហើយ​ឯកឧត្តម​សង្ឃឹមថា ក្នុង​អាណត្តិ​ថ្មី​ទី​៦​នេះ ក្រសួង​នឹង​សម្រេចបាន​លទ្ធផល​បន្ត​បន្ទាប់​ទៀត​ជូន​ជាតិ និង​ប្រជាពលរដ្ឋ​៕​ ​ដោយ ​៖​ កូឡាប​

spot_img
×