Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ ពាក់ព័ន្ធ​ករណី ជីក​កកាយ​ដីភ្នំ​ដោយ​ខុសច្បាប់

spot_img

​បន្ទាយមានជ័យ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី ជីក​កាយ​ដី​ភ្នំ​ដោយ​ខុសច្បាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២​នាក់ នៅ​ចំណុច​ភ្នំ​ស្រេះ ស្ថិតនៅ​ភូមិ​ស្រេះ​កើត ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង ១០ និង ២៥​នាទី ។​

​លោក​វរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី បានឲ្យដឹងថា ៖ យោង​ករណី​ខាងលើ ជា​បទល្មើស​ធនធានធម្មជាតិ ជាក់ស្តែង ដោយ​ទទួលបាន​សំណើ សុំ​កិច្ចសហការ​របស់​មន្ទី​រ​រ៉ែ និង​ឋាម​ពល​ខេត្ត និង​ដោយ​ទទួល​បាន​ការ សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​បង្ក្រាប រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២​នាក់ ១-​ឈ្មោះ ឌួន ធឿន ភេទ ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្តី​លើ ឃុំ​គយ​ម៉ែង ស្រុក​មង្គល​បូរី ២-​ឈ្មោះ ផន ភា ភេទ ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​គោក​ស្វាយ ឃុំ​គុយ​ម៉ែង ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ។ តាម​ការបញ្ជាក់​របស់​មន្ត្រី​មន្ទីរ​រ៉ែ និង​ឋាម​ពល បានអោយដឹងថា ៖ កាលពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨ ជនសង្ស័យ​ខាងលើ បាន​ជីក​កកាយ​ដីភ្នំ​ម្តង​រួចមកហើយ ពេល​នោះ​មន្ត្រី​ជំនាញ​រ៉ែ និង​ឋាម​ពល បាន​ចុះ​ទៅដល់​កន្លែង និង​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ បញ្ឈប់​ការជីក​កកាយ​ដីភ្នំ ចាប់ពីពេលនោះ​មក តែ​ជនសង្ស័យ​ខាងលើ មិន​ព្រម​អនុវត្តន៍​តាម​កិច្ចសន្យា នៅតែ​បន្ត​ការជីក​កកាយ​ដីភ្នំ​បន្ថែមទៀត ។ បន្ទាប់ពី​ធ្វើ​ការឃាត់ខ្លួន និង​ទទួលបាន​ចម្លើយសារភាព របស់​ជនសង្ស័យ​ខាងលើ លោក​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌ បាន​ចាត់តាំង​មន្ត្រី​ជំនាញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់​ថា ៖ បន្ទាប់​ពី​កម្លាំង​ជំនាញ​ធ្វើ​ការសាកសួរ ជនសង្ស័យ​ខាងលើ បាន​សារភាព​ថា ៖ កាលពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨ ពេល​ខ្លួន​កំពុង​ជី​កកាយ​ដីភ្នំ ឃើញ​មាន​មន្ត្រី​រ៉ែ និង​ឋាម​ពល បាន​ចុះមក​ធ្វើ​កិច្ចសន្យា បញ្ឈប់​ការជីក​កកាយ​ដីភ្នំ​ម្តង​រួចមកហើយ តែ​ថៅកែ​របស់​ខ្លួន​មក​ប្រាប់ថា ឲ្យ​ជី​កកកាយ​ដី​បន្ត ព្រោះ​កំពុង​រត់​ការសុំច្បាប់ លុះដល់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ ក៏​មាន​កម្លាំង​អាវុធហត្ថ​ចុះ​មក​ឃាត់ខ្លួន​តែម្តង ។ ផ្អែកលើ​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ និង​យោងតាម​របាយការណ៍ របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពី​បទ ជីក​កកាយ​ដីភ្នំ​ដោយ​ខុសច្បាប់ បច្ចុប្បន្ន​កម្លាំង​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕​ ដោយ​៖​កូឡាប​

spot_img
×