Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈប្រតិភូ​សភា​កម្ពុជា បាន​ជម្រាប​សហភាព​អន្តរ​សភា ពី​ដំណើរ​ប្រជាធិបតេយ្យ និង​ការរីកចម្រើន របស់​កម្ពុជា​

spot_img

​ហ្សឺ​ណែវ ប្រទេស​ស្វីស​៖ រដ្ឋសភាជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​១៧​ខែ​តុលា​នេះ បាន​ផ្សាយ​ថា ក្នុងនាម​គណៈប្រតិភូ​សភា​កម្ពុជា ជា​ផ្លូវការ​និង​ពេញសិទ្ធិ ចូលរួម​មហាសន្និបាត​លើក​ទី​១៣៩ ដែល​កំពុង​ប្រព្រឹត្ត​ធ្វើ​នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២​នៃ​រដ្ឋសភា និង​ជា​ប្រធាន​គណៈប្រតិភូ​សភា​កម្ពុជា បាន​ជម្រាប​មហាសន្និបាត​សហភាព​អន្តរ​សភា ដែល​ហៅ​កាត់​ថា IPU ពី​ការរីកចម្រើន​និង​ដំណើរការ​លិទ្ធិប្រជាធិបតេ​យ្យ​នៅ​កម្ពុថា ដល់​សមាជិក IPU បានដឹង​កាន់តែច្បាស់​។​

​លោកស្រី បាន​លើកឡើង​ថា ពី​អតីតកាល កម្ពុជា​ត្រូវបាន​ពិភពលោក​ស្គាល់​ថា វាលពិឃាដ តែ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា ត្រូវបាន​ល្បី​ឈ្មោះ​ថា ជា​គោលដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ។ ជាងនេះទៀត ប្រទេស​កម្ពុជា​តែងតែ​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​ជាង​៥​លាន​នាក់ ជា​រៀងរាល់ឆ្នាំ និង​មាន​កំណើន​ជា​ប្រចាំ​ទៀត​ផង​។ ប្រធាន​គណៈប្រតិភូ​សភា​កម្ពុជា បាន​គូសបញ្ជាក់ថា កាលពីមុន ប្រទេស​កម្ពុជា​ត្រូវបាន​គេ​ដាក់​ស្លាក​ឲ្យ​ថា ជា​ប្រទេស​មិន​មាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឡើយ តែ​ឥឡូវនេះ​បែរ​ជា​គេ ទទួលស្គាល់ថា ជា​ប្រទេស​មួយ​មាន​កំណើន​សេដ្ឋកិច្ច លឿន​បំផុត​ក្នុង​ពិភពលោក ហើយ​ថ្មីៗ​នេះ​បាន​ជាប់​ចំណាត់​ថ្នាក់​ដោយ​ជោគជ័យ​ថា ជា​ប្រទេស​មាន​កំណើន​ចំណូល​ទាប​ឋិត​ក្នុង​អត្រាកំណើន ៧​ភាគរយ​ជា​ប្រចាំ​ឆ្នាំ​។​

​លោកស្រី ឃួន សុ​ដា​រី បាន​មានប្រសាសន៍​បន្ត​ថា បន្ទាប់​ពី​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​ជាង​៣​ទ​ស្សវ​ត្យ​ក្នុង​ឆ្នាំ​១៩៩៨​មក សិទ្ធិ​នយោបាយ សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ត្រូវបាន​ទទួលស្គាល់ និង​ការពារ​យ៉ាង​ទូលំទូលាយ​ព្រមទាំង​ជំរុញ​ឥតឈប់ឈរ​។ ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​គោរព​សិទ្ធិមនុស្ស និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ ហេតុ​ដូច្នេះ​កម្ពុជា បាន​តាក់តែង​ដាក់បញ្ចូល សេចក្តីប្រកាស​ជា​សកល​នៃ​ការគោរព​សិទ្ធិ​ក្នុង​រដ្ឋធម្មនុញ្ញ​។ ប្រទេស​កម្ពុជា​គឺជា​កន្លែង​មួយ​ដែល​សមាគមន៍​ជាតិ និង​អន្តរជាតិ​ប្រមាណ​៦០០០ បាន​ចុះបញ្ជី ហើយ​នឹង​មាន​អង្គការក្រៅរដ្ឋាភិបាល​ព្រមទាំង សហជីព​ចំនួន​៤០០០​ទៀត បើ​គិត​មកដល់​ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​។ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ជិតខាង វា​មាន​ចំនួន​តួលេខ​លើសលប់​។ គណបក្ស​នយោបាយ​ច្រើន​កំពុង​អនុវត្ត សកម្មភាព​របស់​ខ្លួន​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​អនុលោម​តាម​គោលការណ៍ លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។​

“​សន្តិភាព​បើ​គ្មាន​ការអភិវឌ្ឍ​គឺ​មិន​អាច​មានស្ថេភាព​បានទេ​។ ប្រទេស​កម្ពុជា​ឥឡូវ​ជា​ប្រទេស​មួយ ដែល​គោរព​យ៉ាង​មុតមាំ នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយ​មាន​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ដែល​ឱ្យ​ប្រជាពលរដ្ឋ​ជ្រើសរើស​មេដឹកនាំ​របស់​ខ្លួន​បាន​។ យើង​គឺ​ជា​រដ្ឋ​អធិបតេយ្យ ឯករាជ្យ បូរណភាព​ដែនដី​ពេញលេញ​មួយ ដែល​គ្រប់គ្រង​ដោយ​ច្បាប់ ហើយ​និយាយ​រួម​គឺ​ជា​នីតិរដ្ឋ​”​។ នេះ​ជា​ការគូសបញ្ជាក់​របស់ លោកស្រី ឃួន សុ​ដា​រី​។​

​សូមជម្រាបថា សហភាព​អន្តរ​សភា ដែល​ហៅ​កាត់​ថា IPU ជា​អង្គការ​សភា​ដ៏​ធំ​មួយ ដែល​មាន​សភា​មកពី​ប្រទេស​នានា​ជុំវិញ​ពិភពលោក ចំនួន​១៧៣ ជា​សមាជិក​។ មហាសន្និបាត​លើក​ទី​១៣៩ របស់​IPU នា​ឱកាស​នេះ ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធានបទ “​ភាពជា​អ្នក​ដឹកនាំ​របស់​សភា​ក្នុងការ​ជម្រុញ​សន្តិភាព និង​ជម្រុញឱ្យមាន​ការបង្កើត​អ្វី​ថ្មីៗ​(​នវានុវត្តន៍​)​និង​ការផ្លាស់ប្តូរ​បច្ចេកវិទ្យា​ថ្មីៗ​នា​យុគសម័យ​ថ្មី​”​។​

​ជា​តំណាងឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ស្រប​ច្បាប់ លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២​រដ្ឋសភា បាន​ឡើង​ធ្វើ​បទ​អន្តរាគមន៍​ទៅ​កាន់​អង្គ​មហាសន្និបាត កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨​នេះ​។ ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​កន្លង​ទៅ​ថ្មីៗ​នេះ​វិញ លោក​ជំទាវ​ប្រធាន​គណៈ​ប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា បាន​ជម្រាប IPU ថា នៅក្នុង​អំឡុង​ការបោះឆ្នោត​ជា​សកល​ចុងក្រោយ​នេះ ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៨ មាន​គណបក្សនយោបាយ​ចំនួន​២០ ដែល​បាន​ប្រកួតប្រជែង​ដើម្បី​អាសនៈ​សភា​។ នេះ​គឺជា​ការបង្ហាញ​យ៉ាង​ច្បាស់លាស់​ណាស់​ថា គណបក្ស​ទាំង​២០​នេះ ជា​តំណាង​ស្របច្បាប់​នៃ​ពហុ​គណបក្សនយោបាយ​ដែល​ចូលរួម ក្នុង​ការបោះឆ្នោត ហើយ​បាន​ឆ្លុះបញ្ចាំង​នូវ​អ្វី​ដែល​អ្នកសង្កេតការណ៍​មួយចំនួន​ហៅថា ដំណើរការ​ប្រជាធិបតេយ្យ​ដ៏​ត្រឹមត្រូវ និង​ស្ថេរភាព​ជាទូទៅ​នៅ​កម្ពុជា​។ អ្នកចូលរួម​បោះឆ្នោត​ជិត​៧​លាន​នាក់ បើ​គិត​ជា​ភាគរយ​៨៣,០២​ភាគរយ នៃ​អ្នក​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប បាន​បោះឆ្នោត​និង​បាន​ធ្វើ​ការជ្រើសរើស​តាម​បែបផែន​នយោបាយ​ដោយ​សេរី​របស់ខ្លួន​។​

​លោកស្រី បាន​មានប្រសាសន៍ថា នៅក្នុង​ការបោះឆ្នោត​នោះ មាន​អ្នកសង្កេតការណ៍​អន្តរជាតិ​ចំនួន​៥៣៩ មកពី​ប្រទេស​ជាង​៥០​ប្រទេស ក្នុងចំណោម​នោះ មក​ពី​ស្ថាប័ន​អន្តរជាតិ​រួមមានៈ គណបក្ស​នយោបាយ​អាស៊ាន សភា​អាស៊ី អន្តរ​សភា​អាស៊ាន និង​ក្រុម ប្រឹក្សា​សហគមន៍​អឺរ៉ុប​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ដើម្បី​ជា​សាក្សី​តាមដាន​ពិនិត្យមើល​លើ​ការអនុវត្ត លទ្ធិប្រជាធិបតេយ្យ​ពោរពេញ​ដោយ​សន្តិវិធី ដែល​ជា​ឱកាស​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​។ អ្នកចូលរួម​បោះឆ្នោត​សញ្ជាតិ​កម្ពុជា ជិត​៧​លាន​នាក់ បាន​ជ្រើស រើស​មេដឹកនាំ​តាម​បំណងប្រាថ្នា​របស់​ពួកគាត់ គឺ​ដើម្បី​សន្តិភាព ស្ថេរភាព បន្ត​ការអភិវឌ្ឍ និង​ភាពរុងរឿង​។​

​លោកស្រី​ប្រធាន​គណៈប្រតិភូ​បាន​សង្កត់ធ្ងន់ថា គ្មាន​សន្តិភាព គឺ​គ្មាន​ការអភិវឌ្ឍ ហើយ​គ្មាន​ការអភិវឌ្ឍ​គឺ​គ្មាន​សន្តិភាព​។ សភា​កម្ពុជា​មាន​ជំហរ​ជាស្រេច ដើម្បី​បំពេញ​ការងារ​បន្ថែម​លើ​ក្របខណ្ឌ​ច្បាប់ និង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជម្រុញ​ឱ្យ​ទទួលបាន​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​​ជោគជ័យ ក្នុង​យុគសម័យ​ការបង្កើត​នូវ​អ្វី​ថ្មីៗ​(​នវានុវត្តន៍​ភាព​) និង​ផ្លាស់ប្តូរ​បច្ចេកវិទ្យា​។​

​ទាក់ទង​នឹង​ប្រធានបទ​នៃ​មហាសន្និបាត​សហភាព​អន្តរ​សភា​នា​ឱកាស​នេះ លោកស្រី ឃួន សុ​ដា​រី បាន​គូសបញ្ជាក់ថា លោកស្រី ពិតជា​ពេញចិត្ត​ណាស់ ដែល​ថា​មហាសន្និបាត​អាយ​ភី​យូ នាពេល​នេះ​បាន​សម្រេច​ជ្រើសរើស​មូលបទ​សម្រាប់​ឆ្នាំនេះ​គឺ ភាពជា​អ្នក​ដឹកនាំ​របស់​សភា​ក្នុងការ​ជម្រុញ​សន្តិភាព និង​ជម្រុញឱ្យមាន​ការបង្កើត​នូវ​អ្វី​ថ្មីៗ​(​នវានុវត្តន៍​) និង​ការផ្លាស់ប្តូរ​បច្ចេកវិទ្យា​ក្នុង​យុគសម័យ​ថ្មី​។ មូលបទ​នេះ​មិន​ត្រឹមតែ​សំដៅ​លើកកម្ពស់​សន្តិភាព និង​ការ​អភិ​វ​ឌ្ឃ ដែល​ពាក់ព័ន្ធ​នឹង​ភាព​មិន​ច្បាស់លាស់​នៃ​សកលលោក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជំរុញ​សន្តិភាព និង​ជំរុញ​ឲ្យមាន​នវានុវត្ត​ន៍​ភាព និង​ការផ្លាស់ប្តូរ​បច្ចេកវិទ្យា​នា​យុគសម័យ​ថ្មី​ដែល​ជា​ភាព​ទាន់ ពេល និង​ទាន់សម័យ​ផងដែរ​។ ភាព​ទាន់ពេល និង​ទាន់សម័យ​ទាំងពីរ​នេះ ប្រាកដ​ជា​ប្រធានបទ​មួយ​ដែល​គួរឱ្យ​ចាប់អារម្មណ៍ និង​ជា​ហេតុ​មួយ​សម្រាប់​ការពិភាក្សា​ចំណោម​សមាជិក​អាយ​ភី​យូ​ទាំងអស់​។​

​សូម​ជម្រាប​ផងដែរ​ថា សមាសភាព​គណៈប្រតិភូ​សភា​កម្ពុជា ដែល​ចូលរួម​មហាសន្និបាត​លើក​ទី​១៣៩ នៃ​សហភាព​អន្តរ​សភា (IPU) ដែល​ដឹកនាំ​ដោយ​លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២​រដ្ឋសភា​នេះ រួមមាន​លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការ​បទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ​និង​ព័ត៌មាន នៃ​រដ្ឋសភា​។ លោក យ៉ង់ សែម ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យ បណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា​។ លោកស្រី បាន ស្រីមុំ អនុប្រធាន​គណៈកម្មកា​រ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា លោក សុខ សូ​កាន អនុប្រធាន​គណៈកម្មកា​រ​សាធារណការ ដឹក​ជញ្ជួន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរ​នីយកម្ម និង​សំណង់ នៃ​រដ្ឋសភា និង​លោកស្រី កុ​ប ម៉ា​រី​យ៉ាស សមាជិក​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ​និង​ព័ត៌មាន នៃ​រដ្ឋសភា​។​

​គណៈប្រតិភូ​សភា​កម្ពុជា​នឹងចូលរួម​មហាសន្និបាត​លើក​ទី​១៣៩ នៃ​សហភាព​អន្តរ​សភា​នេះ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ ទើប​ធ្វើ​មាតុភូមិ​និវត្តន៍​មក​កាន់​មាតុប្រទេស​វិញ ដោយ​នៅក្នុង​ឱកាស​នោះ គណៈប្រតិភូ​សភា​កម្ពុជា នឹងចូលរួម​កិច្ចប្រជុំ​ជា ច្រើន នៃ​វេទិកាសភា​នេះ ហើយ​លោក​ស្រី ឃួន សុ​ដា​រី គ្រោង​នឹង​ជួបពិភាក្សា​ទ្វេភាគី ជាមួយ​លោកស្រី ហ្គា​ប្រីឡា គូ​វ៉ាស បា​រ៉ុន ប្រធាន​សហភាព​អន្តរ​សភា​(IPU) ទៀតផង​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×