Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពន្យារ​ពេល​ធ្វើ​ជំរឿន​កសិកម្ម រហូត​ឆ្នាំ​២០១៩ ក្រសួង​ផែនការ​មិនមាន​ថវិកា​គ្រប់គ្រាន់​

spot_img

​ភ្នំពេញ​ ៖ លោក ឆាយ ថន បាន​លើ​ងក​ឡើង​ថា តាម​ទម្លាប់​ការធ្វើជំរឿន​កសិកម្ម ត្រូវ​ធ្វើឡើង​រយៈពេល​១០​ឆ្នាំ​ម្តង ប៉ុន្តែ​ដោយសារ​ឆ្នាំ​២០១៨​នេះ ក្រសួង​មិន​មាន​ថវិកា​គ្រប់គ្រាន់ ទើប​ត្រូវ​បាន​ពន្យារ​ពេល​ធ្វើ នៅ​ឆ្នាំ​២០១៩​។​

​នា​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨​នេះ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ បាន​អញ្ជើញ​បើក​សិក្ខាសាលា​ស្តីពី អ្នក​ផលិត អ្នកប្រើប្រាស់​ទិន្នន័យ និង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង អនុវត្តន៍​គម្រោង​អង្កេត​ចន្លោះ​ជំរឿន​កសិកម្ម​ឆ្នាំ​២០១៩ និង​អង្កេត​កសិកម្ម​ប្រចាំឆ្នាំ ដោយ​មាន​ការចូលរួម​ពី​លោក Piero Conforti. FAO Rome Statistics Division លោក Flavio Bolliger តំណាង​អង្គការ​FAO​ប្រចាំ​ទីក្រុង​រ៉ូម លោក Alexander Huynh តំណាង​អង្គការ​FAO​ប្រចាំ​កម្ពុជា លោក Michael A.Steiner តំណាង​នាយកដ្ឋាន​កសិកម្ម​សហ​រដ្ឋ​អាមេរិក​(USDA) លោកស្រី Sang E.Lee តំណាង​អង្គការ​USAID​ប្រចាំ​កម្ពុជា ព្រមទាំង តំណាង​អង្គការ​ជាតិ និង​អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍​នានា​ចូលរួម​ផងដែរ​។​

​ក្នុងឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងថា កសិកម្ម​គឺ​ជា​វិស័យ​អាទិភាព​ចម្បង​មួយ ក្នុងចំណោម​វិស័យ​អាទិភាព​មួយ​ចំនួន​ទៀត ដែល​ជា​កម្លាំងចលករ​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា និង​ជា​វិស័យ​ស្បៀង​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​ជីវិត​មនុស្ស សត្វ​ជាដើម​។ លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តថា ប្រសិន​បើ​មើល​ទៅលើ​ទិន្នន័យ ដែល​បានមកពី​ការធ្វើជំរឿន​កសិកម្ម​លើកដំបូង​របស់​កម្ពុជា កាលពី​ឆ្នាំ​២០១៣​កន្លងទៅ ចំនួន​គ្រួសារ​សរុប​នៅ​កម្ពុជា​ប្រមាណ​៨៥% ប្រកប​មុខរបរ​កសិកម្ម ដូចជា​ធ្វើ​ស្រែចំការ ដាំ​ដំណាំ ចិញ្ចិមសត្វ និង​វារីវប្បកម្ម នេសាទ​ជាដើម​។ ផលិតផល​ក្នុងស្រុក​សរុប (GDP) ប្រមាណ​ជាង​២៥% ទទួលបាន​ពី​វិស័យសេដ្ឋកិច្ច​បឋម​មួយ​នេះ​។​

លោក​បាន​មានប្រសាសន៍ថា តាម​ទម្លាប់​ការធ្វើជំរឿន​កសិកម្ម ត្រូវ​ធ្វើឡើង​រយៈពេល​១០​ឆ្នាំ​ម្តង ប៉ុន្តែ​ដោយសារ​ឆ្នាំ​២០១៨​នេះ ក្រសួង​មិន​មាន​ថវិកា​គ្រប់ គ្រាន់ ទើប​ត្រូវ​បាន​ពន្យារ​ពេល​ធ្វើ នៅ​ឆ្នាំ​២០១៩​តែម្តង​។​

លោក​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​ថា “​ឆ្នាំ​២០១៨ គឺជា​ឆ្នាំ​ដែល​វិទ្យាស្ថាន​ជាតិ​ស្ថិតិ ត្រូវ​ធ្វើ​អង្កេត​ពាក់កណ្តាល​ជំរឿន​កសិកម្ម ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​កសិកម្ម និង​ជលផល​។ ហេតុដូចនេះ​ហើយ​ទើប​យើង​កំពុង​ជួបជុំគ្នា​នៅ​ថ្ងៃនេះ ដើម្បី​គិតគូរ ពិភាក្សាគ្នា អំពី​ផែនការ​ដ៏​មាន​សារសំខាន់​មួយ​នេះ​។ គួរ​រម្លឹក​ផងដែរ​ថា ដោយសារ​តែ​ឆ្នាំ​២០១៨ យើង​ពុំ​ទទួលបាន​ថវិកា​គ្រប់គ្រាន់ សម្រាប់​ប្រតិបត្តិការ​​គម្រោង​នេះ ទើប​យើង​ពន្យារ​ការងារ​នេះ​ទៅ​ដល់​ឆ្នាំ​២០១៩”​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងបន្តថា រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​ផែនការ និង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ជា​សេនាធិការ បាននិងកំពុង​តាំងចិត្ត​ខ្ពស់ ក្នុងការ​ធ្វើ​អង្កេត​ពាក់​កណ្ដាល​ជំរឿន​កសិកម្ម​ឆ្នាំ​២០១៩ និង​ការប្រមូល​ទិន្នន័យ​ប្រចាំឆ្នាំ នា​ពេល​ខាងមុខ​នេះ ឲ្យ​សម្រេចខាង​តែ​បាន​ជោគ​ជ័យ និង​ដោយ​មិន​ភ្លេច​រួមសហការ ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ដូចជា អង្គការ FAO និង​នាយកដ្ឋាន​កសិកម្ម​សហ​រដ្ឋ​អាមេរិក (USDA) ផងដែរ​។​ម្យ៉ាងវិញទៀត ការអនុវត្ត​គម្រោង​អង្កេត​ចន្លោះ​ជំរឿន​កសិកម្ម​ឆ្នាំ​២០១៩ នឹង​ប្រើប្រាស់​យន្តការ​ដែល​មាន​ស្រាប់ ដូចជា គណៈកម្មាការ​បច្ចេកទេស​ជំរឿន​កសិកម្ម​ឆ្នាំ​២០១៣ ដែល​មាន​សមាសភាព​ម​ក​ពី​ក្រសួង​ផែនការ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រួម​ទាំង​ស្ថាប័ន​រាជរដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​មួយចំនួនទៀត ហើយ​បើ​យោង​ទៅលើ​ផែនការមេ ការធ្វើអង្កេត​ពាក់កណ្ដាល​ជំរឿន​កសិកម្ម​ឆ្នាំ​២០១៩ ចែកជា ៤​តំណាក់កាល​ធំៗ​គឺ ​៖

​ដំណាក់កាល​ទី​១៖ ជា​ដំណាក់កាល​ពង្រឹងសមត្ថភាព ដោយ​ផ្តោត​សំខាន់​ទៅលើ​ការពង្រឹង​សមត្ថភាព​មន្ត្រី​ស្នូលនៅ​ថ្នាក់ជាតិ និង​មន្ត្រី​នៅ​ថ្នាក់ក្រោម​ជាតិ នៃ​ក្រសួង​ផែនការ និង​ក្រសួង​កសិកម្ម តាមរយៈ​ការបង្កើតឡើង​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការប្រមូល​ចងក្រង វិភាគ បង្ហាញ ផ្សព្វផ្សាយ និង​ជាពិសេស​ការបណ្តុះបណ្តាល​ការប្រើប្រាស់​ម៉ាស៊ីន Tablet សម្រាប់​ស្រង់​ព័ត៌មាន ដែល​វា​ជា​បច្ចេកវិទ្យា​ថ្មី​ចុង​ក្រោយ ដែល​ពេញនិយម​ក្នុង​ការងារ​ស្ថិតិ​នា​សម័យកាល​ទំនើប​កម្មនេះ​។​

​ដំណាក់កាល​ទី​២៖ ជា​ដំណាក់កាល​ចុះ​ប្រមូល​ទិន្នន័យ​ជាក់ស្តែង នៅតាម​មូលដ្ឋាន​ដែល​ត្រូវបាន​ជ្រើសរើស​គំរូ ដោយ​គ្រោង​ប្រើ​ប្រាស់​ម៉ាស៊ីន Tablet ជំនួស​ឲ្យ​ការប្រើប្រាស់ ក្រដាស​ដែល​ត្រូវ​ចំណាយ​ច្រើន​។​

​ដំណាក់កាល​ទី​៣៖ ជា​ដំណាក់កាល​ដែល​ផ្តោត​ទៅ​លើ​ការ វិភាគ​ទិន្នន័យ​ស៊ីជម្រៅ រួម​ទាំង​ការផលិត​ផែនទី​ស្ថិតិ​កសិកម្ម ជលផល​រហូត​ទៅ​ដល់​កម្រិត​តូច​បំផុត​។​

​ដំណាក់កាល​ទី​៤៖ ជា​ដំណាក់កាល​ផ្តោត​ទៅលើ​ការពង្រីក​វិសាលភាព នៃ​ការផ្សព្វផ្សាយ​ទិន្នន័យ​កសិកម្ម និង​ជលផល​តាម​គ្រប់​មធ្យាបាយ ទាំង​តាមរយៈ​ការបោះពុម្ពផ្សាយ ការដាក់បញ្ចូល​ទិន្នន័យ​ទាំងអស់​នោះ​ចូល​ទៅក្នុង​ប្រព័ន្ធ​គេហទំព័រ (Website) ដែល​អាច​បង្ករ​ឲ្យមាន​ភាពងាយស្រួល​មួយ​កម្រិត​ធំ​ទៀត សម្រាប់​អ្នក​ប្រើប្រាស់​ទិន្នន័យ​ស្ថិតិ​គ្រប់​ស្រទាប់ ដោយ​ចាប់​តាំងពី​ថ្នាក់ជាតិ រហូតដល់​ថ្នាក់​ក្រោម​ជាតិ និង​ពី​ថ្នាក់​តំបន់​ទៅ​ដល់​ថ្នាក់ អន្តរជាតិ​។​

​គួររម្លឹកថា ការធ្វើជំរឿន​កសិកម្ម​ឆ្នាំ​២០១៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​អនុវត្ត​ដោយ​មាន​កិច្ចសហការ​គ្នា​រវាង​ក្រសួង​ផែន​ការ និង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដោយ​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​ដៃគូ​អភិវឌ្ឍន៍​មានដូចជា អង្គការ FAO អង្គការ Sweden Sverige ជំនួយ​អូស្ត្រាលី (Australian Aid) និង​អង្គ​​ការ USAID បាន​អនុវត្តន៍​ប្រកបដោយ​ជោគជ័យ និង​បាន​បង្ហាញ​នូវ​ទិន្នន័យ​ស្ថិតិ និង​សូចនាករ​កសិកម្ម សំខាន់ៗ​ដូចជា ស្ថិតិ​នៃ​ការដាំដុះ ការចិញ្ចឹម​បសុសត្វ ប​សុ​បក្សី និង​ស្ថិតិ​វារីវប្បកម្ម​។ ទិ​ន្និ​ន័យ​នេះ ត្រូវបាន​ប្រកាស​លទ្ធផល​ជា​ផ្លូវការ ក្រោម​អធិបតីភាព​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥ នា​ពេល​កន្លងទៅ​ផង​ដែរ​៕ ដោយ​ ៖ ​រចនា​

spot_img
×