Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កែលម្អ​ប្រព័ន្ធ​អេកូឡូស៊ី​ទឹក ទប់ស្កាត់​ការបំផ្លាញ​ព្រៃ​លិច​ទឹក ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ឥទ្ធិពល​នៃ​បាតុភូតធម្មជាតិ​

spot_img

​ភ្នំពេញ ​៖ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ ឥទ្ធិពល​នៃ​បាតុភូតធម្មជាតិ “El Nino” លោក​រដ្ឋមន្ត្រី​កសិកម្ម បាន​ស្នើ​ដល់​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ​-​អន្តរជាតិ វិស័យ​ឯកជន ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់ លើ​ការកែ​លម្អ​ប្រព័ន្ធ​អេកូឡូស៊ី​ទឹក ទប់ស្កាត់​ការបំផ្លាញ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង បង្កើន​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​គ្រប់​ប្រភេទ កម្ពស់​ការប្រើប្រាស់​ដីធ្លី ព្រមទាំង​ពង្រឹង​សមត្ថភាព គ្រប់គ្រង​សហគមន៍​នេសាទ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៧ ខែតុលា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ Raffles Le Royal មាន​រៀបចំ​សិក្ខាសាលា​ស្តីពី “El Nino-Southern Oscillation (ENSO), and Enabling the Business in Agriculture (EBA)” ក្រោម​អធិបតីភាព លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​វត្តមាន​ចូលរួម​ពី​សំណាក់ តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ​-​អន្តរជាតិ វិស័យ​ឯកជន មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ ។​

​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់ ចំពោះ​ធនាគារពិភពលោក ក្នុង​ការផ្តល់​កិច្ច​សហការ​បាន​យ៉ាង​ល្អប្រសើរ ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​រៀបចំ និង​ដំណើរការ​អង្គ​សិក្ខាសាលា​នា​ពេល​នេះ ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ប្រកប​ដោយ​មោទនភាព ដើម្បី​ចែករំលែក​បទពិសោធន៍ បញ្ហា​ប្រឈម ដំណោះស្រាយ ដែល​វិស័យ​សាធារណៈ ឯកជន និង​សហគមន៍​កសិករ​ជួបប្រទះ ដើម្បី​ជា​ត្រីវិស័យ​មួយ​រួមចំណែក កំណត់​នូវ​អាទិភាព​នៃ​បញ្ហា​ប្រឈម​នានា និង​រិះរក​វិធានការ​អន្តរាគមន៍ ដោះ​ស្រាយ​ប្រកបដោយ​តម្លាភាព ស័ក្តិសិទ្ធិ​ភាព និង​ទាន់​ពេលវេលា ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល​ក្នុង​ការបង្កើន​ផលិតភាព ពិពិធ​ភាវូបនីយកម្ម និង​ពាណិជ្ជូប​នីយកម្ម​កសិកម្ម ដើម្បី​សម្រេច​គោលដៅ​ឱ្យ​កម្ពុជា ក្លាយទៅជា​ប្រទេស​មាន​ចំណូល​មធ្យម កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ឈាន​ទៅ​ជា​ប្រទេស មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​ក្នុង​គោលបំណង​ដើម្បី​ចូលរួម​ក្នុង​ការបង្ការ ទប់ស្កាត់​ផល​ប៉ះពាល់​ពី​ឥទ្ធិពល​នៃ​បាតុភូតធម្មជាតិ “El Nino” លោក​រដ្ឋមន្ត្រី បាន​ផ្តល់​នូវ​សារ​គន្លឹះ​មួយចំនួន​ជូន​អង្គពិធី​ទាំងមូល ដើម្បី​ពិចារណា​អនុវត្ត​ឱ្យមាន​លក្ខណៈ​ប្រទាក់ក្រឡា​គ្នា ប្រកបដោយ​ប្រសិទ្ធភាព​ដូចតទៅ​៖

​ទី​១. បង្កើន​សមត្ថភាព​ស្ថាប័ន និង​ធនធានមនុស្ស លើ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មីៗ នៃ​ពូជ​ដំណាំ ពូជ​សត្វ និង​ធនធាន​ជលផល ដែល​មាន​លទ្ធភាព​បន្ស៊ាំ​ទៅ​នឹង​ភាពរាំងស្ងួត ទឹកជំនន់ ការ​កើន​កម្តៅ និង​ការបំផ្លាញ​ពី​ជំងឺ និង​សត្វល្អិត​ចង្រៃ ដែល​បណ្ដាល​មក​អំពី​ឥទ្ធិ​ពល​នៃ​ការប្រែប្រួល​អាកាសធាតុ និង​ឥទ្ធិពល​នៃ​បាតុភូតធម្មជាតិ “El Nino” ដោយ​ត្រូវ​ពង្រឹង​ការងារ​ពិសោធន៍​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា (​កា​ឌី​) ឱ្យមាន​សន្ទុះ​កាន់តែ​ខ្លាំង​ឡើង​។​

​ទី​២. បង្កើន​សមត្ថភាព​ដល់​កសិករ​ងាយ​រងគ្រោះ លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ ក្នុង​ផលិតកម្ម​ដំណាំ និង​សត្វ ដែល​អាច​បន្ស៊ាំ​បាន​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ ឥទ្ធិពល​នៃ​បាតុភូតធម្មជាតិ “El Nino” ដោយ​ជំរុញ​ឲ្យបាន​ខ្លាំងក្លា នូវ​សេវាកម្ម​ផ្សព្វផ្សាយ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ការផ្ទេរ​បច្ចេកវិទ្យា​ទាំងឡាយ ដែល​បាន​អភិវឌ្ឍ​ទៅ​ក្នុង​លក្ខខណ្ឌ ផលិតកម្ម​ជាក់ស្ដែង ដើម្បី​ធានា​សុវត្ថិភាព​ស្បៀង និង​បង្កើន​ប្រសិទ្ធភាព​អន្តរាគមន៍​ជួយសង្គ្រោះ និង​ស្តារ​ការខូចខាត​ដែល​បណ្តាល មក​ពី​ឥទ្ធិពល​នៃ​បាតុភូតធម្មជាតិ​។​

​ទី​៣. កាត់បន្ថយ​នូវ​ការបាត់បង់ និង​រេចរឹល​ព្រៃឈើ និង​ផលិតកម្ម​កសិកម្ម​ពុំ​សមស្រប ដោយ​ជំរុញ​លើកទឹកចិត្ត​ឱ្យមាន​ការអភិរក្ស ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ធន​ធន​ធម្មជាតិ​ប្រកបដោយ​ចីរភាព ជាពិសេស​ការពង្រឹង​សហគមន៍​ព្រៃឈើ រួមបញ្ចូល​ការ​ចិញ្ចឹមសត្វ ការ​ដុះ​ដំណាំ​មួយចំនួន​ក្នុង​ការបង្កើន គម្រប​ព្រៃឈើ ហើយ​អាច​ទាញយក​ផលប្រយោជន៍​សម្រាប់​សហ​គ​មន៍ ដែល​មាន​លក្ខណៈ​សេដ្ឋកិច្ច ។ ទន្ទឹមនឹងនេះ ក៏​ត្រូវ​ជំរុញ​ការអភិវឌ្ឍ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​វិស័យ​ជលផល ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ ឥទ្ធិពល​នៃ​បាតុភូតធម្មជាតិ “El Nino” ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់ លើ​ការកែលម្អ​ប្រព័ន្ធ​អេកូឡូស៊ី​ទឹក ទប់ស្កាត់​ការបំផ្លាញ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង បង្កើន​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​គ្រប់​ប្រភេទ ព្រមទាំង​ពង្រឹង​សមត្ថភាព​គ្រប់គ្រង​សហគមន៍​នេសាទ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​ទី​៤. ជំរុញ​ការអភិវឌ្ឍ​ធនធានមនុស្ស សម្រាប់​ជា​មូលដ្ឋាន​គន្លឹះ​នៃ​ការចូលរួម​ចំណែក​បន្ស៊ាំ និង​កាត់បន្ថយ​ផលប៉ះពាល់ ដែល​បង្ក​ដោយ​ឥទ្ធិពល​នៃ​បាតុភូតធម្មជាតិ “El Nino” ការប្រែប្រួល​អាកាសធាតុ​លើ​ផលិតកម្ម​ដំណាំ សត្វ ព្រៃឈើ និង​ជលផល តាមរយៈ​ការអប់រំ​បណ្ដុះបណ្ដាល ការផ្លាស់ប្តូរ និង​ចែករំលែក​ព័ត៌មាន និង​ការផ្សព្វផ្សាយ​ចំណេះដឹង និង​ចំណេះធ្វើ​ដែល​ពាក់ព័ន្ធ​នឹង​ការ ប្រែប្រួល​អាកាសធាតុ និង​ការកើនឡើង​កម្តៅ​នៃ​ភពផែនដី​។ ជាមួយគ្នានេះ ប្រព័ន្ធ​ស្ថិតិ​កសិកម្ម ដែល​បង្ហាញ​ពី​ទិន្នន័យ​ជា​ក់លាក់​នៃ​ផល​ប៉ះពាល់ បង្ក​ដោយ​ឥទ្ធិពល​នៃ​បាតុភូតធម្មជាតិ “El Nino” នឹង​ត្រូវ​ពង្រឹង​ឱ្យបាន​សមស្រប​។ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គឺជា​យន្តការ​ដ៏​មាន​ប្រសិទ្ធភាព នៃ​ការជួយ​សម្រាល​ការលំបាក របស់​ប្រជាជន​ដែល​រងគ្រោះ ហើយ​ប្រព័ន្ធ​ស្បៀង​
​បម្រុង​កម្ពុជា ក៏​នៅតែ​បន្ត​សកម្មភាព​របស់​ខ្លួន ដើម្បី​ជួយ​ដល់​អ្នករងគ្រោះ​ពី​បាតុភូតធម្មជាតិ ពិសេស​យកចិត្តទុកដាក់​ដល់​ស្ត្រី និង​កុមារ​ជា​ចម្បង​។​

​ទី​៥. សូម​ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន អង្គការ​ជាតិ អន្តរជាតិ​ទាំងអស់ សូម​បន្ត​គាំទ្រ ទាំង​ផ្នែក​បច្ចេកទេស និង​ធនធាន​ហិរញ្ញវត្ថុ សម្រាប់​ការអនុវត្ត​បណ្តា​វិធានការ​នានា ដូច​មានចែង​ក្នុង​គោលនយោបាយ​នានា និង​ផែនការ​សកម្មភាព ពាក់ព័ន្ធ​នឹង​ការ​ការប្រែប្រួល​អាកាសធាតុ ពិសេស ឥទ្ធិពល​នៃ​បាតុភូតធម្មជាតិ “El Nino” កម្មវិធី​សកម្មភាព​ជាតិ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការធ្លាក់ចុះ គុណភាព​ដី ការសិក្សា​ពាក់ព័ន្ធ​ដល់​ការបង្កើត ការធានារ៉ាប់រង​កសិកម្ម ការកំណត់​តំបន់​ដាំ​ដុះ​កសិកម្ម រួមជាមួយ​នឹង​ផ្តល់​ការគាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធាន​ក្នុង​ការផ្លាស់ប្តូរ​មុខ​ដំណាំ​។​

​ទី​៦. ជំរុញ​ការអនុវត្ត​កសិកម្ម​ល្អ​ប្រកបដោយ​ស្ថិរភាព តាម​លក្ខការណ៍​នៃ​ការគ្រប់គ្រង​ទឹក​បៃតង ការធ្វើ​នវានុវត្តន៍​កសិកម្ម ដោយ​មាន​ការប្រើប្រាស់​ប​ច្ចេក​វិទ្យា​ថ្មី ក្នុង​ការដាំដុះ ដែល​មាន​ភាព​ធន់​ទ្រាំ នឹង​ការប្រែប្រួល​អាកាសធាតុ ក៏ដូចជា​បាតុភូតធម្មជាតិ “El Nino” ដោយ​ដាក់បញ្ចូល​គោលការណ៍ ប្រព័ន្ធ​អេកូឡូស៊ី​ជា​មូលដ្ឋាន​។ ទន្ទឹមនឹងនេះ ក៏​ត្រូវ​កំណត់​អត្តសញ្ញាណ និង​ផ្សព្វផ្សាយ​អំពី​ការអនុវត្ត​កសិកម្ម​ល្អ ប្រកប​ដោយ​ភាព​ឆ្លាត​វៃ ដើម្បី​ធានា​ឲ្យមាន​ការផ្លាស់ប្តូ​រ​បទពិសោធ​ន៍ រវាង​កសិករ​និង​កសិករ ព្រមទាំង​ត្រូវ​ធ្វើឱ្យ​ប្រសើរ​ឡើង ដល់​ការ​កំណត់ និង​ការគ្រប់គ្រង​ហានិភ័យ​ធម្មជាតិ និង​សមត្ថភាព​ទាំងឡាយ ឱ្យស្រប​ទៅ​នឹង​ការផ្លាស់ប្តូរ លក្ខខណ្ឌ​អាកាសធាតុ​នៅ​គ្រប់​កម្រិត​។​

​ទី​៧. ត្រូវ​បន្ត​អនុវត្ត​រាល់​វិធានការ​នានា ដើម្បី​កាត់បន្ថយ​ការបំផ្លាញ​គុណភាព​ដី ការប្រើប្រាស់​ដី​គ្មាន​និរន្តរភាព និង​ការបំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី​។ ជាមួយគ្នានេះ គ្រប់​ភាគី​ពាក់ព័ន្ធ អង្គភាព​ជំនាញ​ត្រូវ​បន្ត​ខិតខំ ក៏ត្រូវ​លើកកម្ពស់​ការប្រើប្រាស់​ដីធ្លី ដើម្បី​ជួយ​ដល់​កសិករ ទៅជា ក​សិ​-​ពាណិជ្ជករ​” ជា​ពិសេស​កសិករ ដែលមាន​ដីស្រែ​ចម្ការ​តិចតួច ឲ្យទទួល​បាន​ប្រាក់ចំណូ​ល ស្របតាម​កំណើន​សេដ្ឋកិច្ច ប្រកបដោយ​សមធម៌ និង​រក្សាបាន​នូវ​ស្ថិរភាព នៃ​ការប្រើប្រាស់​ដី និង​ប្រភព​ធនធានធម្មជាតិ តាមរយៈ​ការ​ធ្វើ​កសិកម្ម​ចម្រុះ ឱ្យ​អស់​លទ្ធភាព ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ជាក់ស្តែង ជួយ​គិតគូរ​ឱ្យបាន​ស៊ីជម្រៅ​ដោយ មិន​ត្រូវ​ធ្វើ​តាម​គ្នា​នោះឡើយ ហើយក៏​ជា​ការងារ​មួយ ដែល​អាច​ជួយ​កាត់បន្ថយ ការធ្វើ​ចំណាកស្រុក​របស់​បងប្អូន​ផងដែរ​៕ ​ដោយ​ ៖​ កូឡាប​

spot_img
×