Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លួច​គាស់​កុដិ​វត្ត​ជ័យ​ឧត្តម យក​លុយ​ទិញ​ថ្នាំញៀន ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​៣​នាក់​

spot_img

​កណ្ដាល ៖ ក្រុម​ជនសង្ស័យ ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​៣​នាក់ ត្រូវបាន​នគរបាល​ស្រុក​កៀនស្វាយ សហការ​ជាមួយ​នគរបាល​ស្រុក​បាធាយ ធ្វើការ​ចាប់ខ្លួន និង​ថ្នាំញៀន​ចំនួន​១៧​កញ្ចប់ ត្រូវបាន​ធ្វើ​ការដកហូត បន្ទាប់ពី​ក្រុម​ជនសង្ស័យ បែកគំនិត​ចូល​គាស់​កុដិ​ព្រះសង្ឃ លួច​យក​លុយ​ជាង ៣​លាន​រៀល ទៅ​ទិញ​ថ្នាំញៀន ដើម្បី​ប្រើប្រាស់​និង​ចែកចាយ​បន្ដ ។ ករណី​ខាងលើ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ ២០១៨ វេលា​ម៉ោង​១១​និង​០៥​នាទី ត្រង់​ចំណុច​វត្ត​ជ័យ​ឧត្តម ស្ថិតក្នុង​ភូមិ​ជ័យ​ឧត្តម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តណ្តាល ។​

​មន្ដ្រី​នគរបាល​ស្រុក​កៀនស្វាយ បានឲ្យដឹងថា ក្រុម​ជនសង្ស័យ​ចាប់ខ្លួន​បាន​មាន​គ្នា​៣​នាក់ ទី​១-​ឈ្មោះ ខេង រ័ត្ន​ពិសី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ចក ឃុំ​ចក ស្រុក​បាធាយ ខេត្កំពង់ចាម ទី​២-​ឈ្មោះ វង ប៊ុនធឿន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្បូង​ភ្នំ ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្ត​កំពង់ចាម និង​ទី​៣-​ឈ្មោះ ចាន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ជើង​ឆ្នុក ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្ត​កំពង់ចាម ។ ចំណែក​ជនរង​គ្រោះ​​ឈ្មោះ យុង ស៊ឹម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា គណៈកម្មាការ​វត្ដ​ជ័យ​ឧត្ដម មាន​ទីលំនៅ​ភូមិ​ជ័យ​ឧត្ដម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល ។ ដោយឡែក​វត្ថុតាង​បាត់បង់​រួមមាន​៖​ប្រាក់​រៀល​ចំនួន ៣.៤០០.០០០​រៀល និង​ប្រាក់​ដុល្លារ​ចំនួន​៧០​ដុល្លារ​សហរដ្ឋអាមេរិក រី​ឯ​វត្ថុតាង​ដកហូត​បាន​មក​វិញ មាន​ថ្នាំញៀន​ចំនួន​១៧​កញ្ចប់ និង​ឧបករណ៍​សម្រាប់​វេច​ខ្ចប់ និង​ប្រើប្រាស់​គ្រឿងញៀន មួយចំនួន​ទៀត​ផងដែរ ។​

​ប្រភព​ដដែល​បន្ដថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ឈ្មោះ យុង ស៊ឹម ជា​គណៈកម្មាការ​វត្ដ​ជ័យ​ឧត្ដម បាន​ចេញ​ពី​កុដិ រួច​ដើរ​ទៅ​លើ​សាលា​ធម្មសភា ដែល​មាន​ចម្ងាយ​ពី​កុដិ​ប្រហែល​៦០​ម៉ែត្រ ក្នុង​គោលបំណង​ទៅ​ហូប​បាយ លុះ​ពេល​ហូប​រួច ក៏​ជនរងគ្រោះ បាន​មក​អង្គុយ​ជជែក​លេង ជាមួយ​លោកគ្រូ​ចៅអធិការ​វត្ដ បាន​មួយសន្ទុះ ក៏​ត្រឡប់​ទៅ​កុដិ​វិញ ខណៈ​ចាក់សោ​ចូល​កុដិ ក៏​ស្រាប់តែ​ឃើញ​អីវ៉ាន់ នៅក្នុង​កុដិ​រាយប៉ាយ​ពេញ​លើ​ពូក​ដេក ហើយ​បង្អួច​ចំហៀង​ខាងកើត មាន​ស្នាម​គាស់ ភ្លាមនោះ ទៅ​មើល​លុយ​ដែល​ជនរង​គ្រោះ​​ទុក ក្រោម​ខ្នើយ​ស្រាប់តែ​បាត់​អស់រលីង ។ បន្ទាប់​មក​រាយការណ៍​ជូន​សមត្ថកិច្ច ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំរោង​ធំ ដើម្បី​ធ្វើ​ការស្វែងរក​ជនសង្ស័យ ដើម្បី​ចាត់ការ​តាមច្បាប់ ។​

ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ដល់​កន្លែងកើតហេតុ រួច​កំណត់​មុខសញ្ញា​ច្បាស់​ថា ជនសង្ស័យ​គេចខ្លួន ទៅ​នៅ​ភូមិ​ជើង​ឆ្នុក ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្ត​កំពង់ចាម ។ ដោយ​ទទួលបាន​បទបញ្ជា​ពី​លោក ឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ដ​កណ្ដាល និង​លោក​ឧត្ដមសេនីយ៍ត្រី រឿន ណា​រ៉ា ស្នងការរង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ និង​មាន​ការសម្របសម្រួល ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល និង​ខេត្ត​កំពង់ចាម កម្លាំង​ជំនាញ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំរោង​ធំ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​បាធាយ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​បី​នាក់​បញ្ជូន មក​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា​៖ ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព គាស់​កុដិ​ព្រះសង្ឃ លួច​យក​ប្រាក់​ប្រាកដ​មែន ហើយ​បាន​យក​ប្រាក់​ចំនួន​១០​ម៉ឺន​រៀល ទៅ​ទិញ​ថ្នាំញៀន​សម្រាប់​ទុក​ប្រើប្រាស់ និង​ចែកចាយ​បន្ដ ៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×