Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្នើ​ឯកអគ្គរាជទូត​អង់គ្លេស ជួយ​ការបណ្តុះបណ្តាល​លើ​វិស័យ ICT និង​ការអភិវឌ្ឍ​កម្មវិធីសិក្សា​

spot_img

​ភ្នំពេញ​ ៖ លោកស្រី​Tina Redshaw​ឯកអគ្គរាជទូត​អង់គ្លេស បាន​ស្វាគមន៍​ចំពោះ​សំណូមពរ​របស់​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ក្នុង​ការ​ផ្តល់​ដោយ​ផ្ទាល់ នូវ​អ្នកជំនាញ ដើម្បី​ជួយ​ការបណ្តុះបណ្តាល​លើ​វិស័យ ICT និង​ការអភិវឌ្ឍ​កម្មវិធីសិក្សា បង្កើន​ធនធានមនុស្ស ឱ្យ​ចេះ​ជំនាញ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន និង​ជំនាញ​ទូរគមនាគមន៍ ឲ្យ​កាន់តែ​ច្រើនឡើង​។​

​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បានអនុញ្ញាត​ឱ្យ​លោកស្រី Tina Redshaw ឯកអគ្គរាជទូត​នៃ​ចក្រភព​អង់គ្លេស ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទើប​ទទួល​តំណែង​ថ្មី ចូលជួប​សម្ដែង​ការ​គួរ​សម និង​ពិភាក្សា​កា​ងារ​នៅ​ទីស្ដីការក្រសួង​។ ក្នុង​ជំនួប​នេះ លោក​រដ្ឋមន្ត្រី បានបង្ហាញ​គោលជំហរ​ក្នុង​ការគាំទ្រ លោក Malcom Johnson ជា​បេក្ខភាព​សម្រាប់​ចូលរួម​ការបោះឆ្នោត​ជា​អគ្គលេខាធិការរង​របស់ ITU ក្នុងឱកាស​សន្និសីទ​ពេញអង្គ​របស់ ITU ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ឌូ​បៃ សហភាព​អារ៉ាប់​អេ​មី​រ៉េត ពី​ថ្ងៃ​ទី​២៩ ខែតុលា ដល់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​លោក​រដ្ឋមន្ត្រី​ក៏​បាន​មានប្រសាសន៍​អំពី​ការវិវឌ្ឍ នៃ​វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ និង ICT នៅ​កម្ពុជា ពិសេស​ការរៀបចំ​នូវ​គោល​នយោបាយ កំណែទម្រង់​ក្នុង​ការអភិវឌ្ឍ​វិស័យ ប្រៃសណីយ៍ ទូរគមនាគមន៍ និង ICT នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ឡើង ស្រប​តាម​ស្ថានភាព​វិវឌ្ឍន៍​ជាក់ស្តែង និង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​។ លោក​រដ្ឋមន្ត្រី​ក៏​បាន​សំណូមពរ ដល់​លោក​ស្រី​ឯកអគ្គរាជទូត​អង់គ្លេស ក្នុង​ការផ្តល់​កិច្ចសហការ ទៅលើ​ផ្នែក​បណ្តុះបណ្តាល​ដល់​សិស្ស​និស្សិត ដែល​កំពុង​សិក្សា​នៅ​វិទ្យាស្ថាន​ជាតិ NIPTICT ដើម្បី​បង្កើន​ធន​ធានមនុស្ស ឱ្យ​ចេះ​ជំនាញ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន និង​ជំនាញ​ទូរគមនាគមន៍ អោយ​កាន់តែ​ច្រើនឡើង ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការត្រៀមខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤​។​

​លោកស្រី​ឯកអគ្គរាជទូត បាន​ស្វាគមន៍​ចំពោះ​សំណូមពរ​នេះ នឹង​សិក្សា​លើ​លទ្ធភាព ក្នុង​ការ​ផ្តល់​ដោយ​ផ្ទាល់ នូវ​អ្នកជំនាញ ដើម្បី​ជួយ​ការបណ្តុះបណ្តាល​លើ​វិស័យ ICT និង​ការអភិវឌ្ឍ​កម្មវិធីសិក្សា ទៅដល់​វិទ្យាស្ថាន​ជាតិ NIPTICT ៕ ​ដោយ​ ៖​ កូឡាប​

spot_img
×