Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិនិត្យ​លើ​ឯកសារ​ទស្សនទាន ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​សមាហរកម្ម​ពាណិជ្ជកម្ម ២០១៩-២០២៣

spot_img

​ភ្នំពេញ ​៖ ​នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៧ ខែតុលា ឆ្នាំ​២០១៨ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ដើម្បី​ពិនិត្យ​លើ​ឯកសារ​ទស្សនទាន សម្រាប់​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​សមាហរណកម្ម​កម្ពុជា (Cambodia Trade Integration Strategy – CTIS) ២០១៩-២០២៣ សម្រាប់​អាណត្តិ​ថ្មី​នៃ​រដ្ឋាភិបាល​។​

​ថ្លែង​នៅក្នុង​សុន្ទរកថា​បើក​អង្គប្រជុំ លោក រដ្ឋមន្ត្រី បាន​ជម្រាប​ថា យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម គឺជា​ឯកសារ​យុទ្ធសាស្ត្រ​របស់​ក្រសួង​ពាណិជ្ជកម្ម ក្នុង​គោលបំណង​ជំរុញ​ការធ្វើសមាហរណកម្ម​ពាណិជ្ជកម្ម ពិពិធ​កម្ម​ទីផ្សារ និង​ផលិតផល​សម្រាប់​នាំចេញ​។ ឯកសារ​យុទ្ធសាស្ត្រ​នេះ ត្រូវបាន​រៀបចំ​ជា​លើកដំបូង​នៅ​ក្នុង​ឆ្នាំ​២០០១ ដោយ​ផ្ដោត​ជា​ចំបង​លើ​ការធ្វើ​សមាហរណកម្មរ​បស់​កម្ពុជា ចូល​ក្នុង​ទីផ្សារ​ពិភពលោក និង​ជំរុញ​ការចូល​របស់​កម្ពុជា​នៅ ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ក្នុង​ឆ្នាំ​២០០៣ ហើយ​បាន​ធ្វើ​បច្ចុប្បន្នភាព​លើក​ទី​១ នៅក្នុង​ឆ្នាំ​២០០៧ ដែល​បាន​បង្កើត​ជា​សរសរ​ស្ដម្ភ​ចំនួន​បី នៅ​ក្នុង​យន្តការ​ជំរុញ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​មួយ ដែល​ហៅថា អភិក្រម​គ្របដណ្ដប់​លើ​វិស័យ​ពាណិជ្ជកម្ម (Trade SWAp)​។ ក្រសួង​ពាណិជ្ជកម្ម បាន​បន្ត​សម្រិតសម្រាំង​យុទ្ធសាស្ត្រ CTIS នេះ​ជា​បន្ដបន្ទាប់ ដោយ​បាន​ធ្វើ​បច្ចុប្បន្នភាព​លើក​ទី​ពីរ​នៅ​ឆ្នាំ​២០១៤ ទាន់​ពេលវេលា​ជាមួយ​នឹង​ការចាប់ផ្ដើម ASEAN Economic Community នៅ​ខែ​ធ្នូ ឆ្នាំ​២០១៥​។ ប្រធានបទ​របស់ CTIS 2014-2018 គឺ​សង្កត់ធ្ងន់​លើ​កាលានុវត្តភាព និង​បញ្ហា​ប្រឈម​របស់​កម្ពុជា ក្នុង​ការពង្រីក និង​ធ្វើ​ពិពិធ​កម្ម​ការនាំចេញ ព្រមទាំង​សិក្សា​យ៉ាង​លម្អិត លើ​ការធ្វើ​សមាហរណកម្ម​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ទីផ្សារ​ដទៃទៀត​។​

​នៅក្នុង​ឆ្នាំ​២០១៨​នេះ ក្រសួង​ពាណិជ្ជកម្ម បានសម្រេច​រៀបចំ​សារជាថ្មី ការ​ធ្វើ​បច្ចុប្បន្នភាព​លើក​ទី​បី​លើ​ឯកសារ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា CTIS 2019-2023 ក្រោម​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី​អង្គការ Enhanced Integrated Framework (EIF) ក្នុង​គោលបំណង​សម្រិត​សម្រាំង និង​បង្កើត​ជា​យុទ្ធសាស្ត្រ​មួយ ដែល​ឆ្លើយតប​ទៅ​នឹង​បរិបទ​បច្ចុប្បន្ន ក៏ដូចជា​បង្កើត​ជា​សកម្មភាព​អាទិភាព សម្រាប់​អនុវត្ត​គោល​នយោបាយ​ទាក់ទង នឹង​ពាណិជ្ជកម្ម ដែល​មានចែង​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​ចក្ខុវិស័យ ២០៣០ របស់​រាជរដ្ឋាភិបាល​។ ប្រធានបទ​ចម្បង​សម្រាប់​ការ​ធ្វើ​បច្ចុប្បន្នភាព​លើក​នេះ​គឺ ១) ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ការវិវត្ត​ចេញពី​ប្រទេស LDC និង ២) ទាញយក​ផលប្រយោជន៍​ពី​ប្រភព​កំណើន​ថ្មី ជាពិសេស​សេវាកម្ម និង​បដិវត្ត​ឧស្សាហកម្ម​ទី​៤ (Industrial Revolution 4.0)​។​

​នៅ​ក្នុង​កិច្ចពិភាក្សា​នា​ឱកាស​នោះ តំណាង​មកពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ក៏​បាន​ចូលរួម​យោបល់​មួយចំនួន ដើម្បី​ជា​មតិ និង​ធាតុ​ចូល​បន្ថែម​លើ​ឯកសារ​ទស្សនទាន ដែលជា​ឯកសារ​គោល​សម្រាប់​ការ​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​មួយ ដែល​មាន​បរិយា​ប័ន្ន និង​គ្របដណ្ដប់​គ្រប់​ជ្រុងជ្រោយ លើ​វិស័យ​ទាក់ទង​នឹង​ពាណិជ្ជកម្ម​ទាំងអស់​។ ការរៀបចំ​ធ្វើ​បច្ចុប្បន្នភាព​នេះ នឹង​សង្ឃឹមថា រៀបចំ​ឲ្យ​រួចរាល់​ជា​ស្ថាពរ និង​សម្ពោធ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៩ ខាងមុខនេះ​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

  

spot_img
×