Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​៖ ការគាំទ្រ និង​ប្រើប្រាស់​ផលិតផល​ខ្មែរ គឺជា​សកម្មភាព​ស្នេហា​ជាតិ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ដោយ​ចីរភាព​

spot_img

ភ្នំពេញ​ ៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បានចាត់ទុក​ការគាំទ្រ និង​ប្រើប្រាស់​ផលិតផល​ខ្មែរ គឺជា​សកម្មភាព​ស្នេហា​ជាតិ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប​គួរតែ​ចូលរួម ដើម្បី​ពង្រឹង​ចង្វាក់​ផលិតកម្ម​ក្នុងស្រុក និង​លើកទឹកចិត្ត​សហគ្រិន ក៏​ដូចជា​ការធ្វើ​ពិពិធ​កម្ម​ឱកាស​ការងារ និង​កាត់បន្ថយ​ភាពក្រីក្រ ដែល​ជា​កត្តា​គន្លឹះ​សំខាន់​ក្នុង​ការអភិវឌ្ឍ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។​

​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ដូច្នោះ នា​ឱកាស​អញ្ជើញ​ជា​អធិបតីភាព ពិធី​សម្ពោធ​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ នៃ​យុទ្ធនាកា​រទិញ​ផលិតផល​ខ្មែរ រដូវ​កាល​ទី​៣ ដែល​រៀបចំឡើង កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែតុលា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ដាស់​ពញ្ញាក់​ស្មារតី​ប្រជាជន​ខ្មែរ ឱ្យ​ងាក​មក​គាំទ្រ និង​ប្រើប្រាស់​ទំនិញ​ផលិត​ក្នុងស្រុក ជំនួស​ទំនិញ​នាំចូល​ពី​បរទេស​។​

​នៅក្នុង​ឱកាស​នោះ​លោក​រដ្ឋមន្ត្រី បាន​លើកឡើង​អំពី​ឱកាស និង​បញ្ហា​ប្រឈម​មួយចំនួន​របស់​កម្ពុជា ក្រោយ​ការចូលរួម​នៅក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) ជា​ពិសេស​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ស្តី​ពី​លំហូរ​ទំនិញ និង​សេវាកម្ម ដែល​ផ្តល់ឱ្យ​ប្រទេស​សមាជិក​ទាំងអស់ អាច​ធ្វើ​ចរាចរណ៍​ទំនិញ និង​សេវាកម្ម​ឥត​កំណត់ នៅក្នុង​តំបន់​អាស៊ាន​។ ដើម្បី​ឆ្លើយតប​បញ្ហា​នេះ​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​អំពាវនាវ​ឱ្យមាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស​ផលិតករ សហគ្រិន និង​ប្រជាជន​ខ្មែរ​ទាំងអស់​។​

“​ខណៈ​ដែល​ក្រសួង​ពាណិជ្ជកម្ម កំពុង​ខិតខំ​ស្វែងរក​ទីផ្សារ​ថ្មីៗ​ជូន​វិស័យ​ឯកជន បងប្អូន​ផលិតករ និង​សហគ្រិន ចាំបាច់​ត្រូវ​ចេះ​អភិវឌ្ឍន៍ និង​ពង្រឹង​គុណភាព​ផលិតផល​ជាមួយ​គំនិត​ច្នៃប្រឌិត​ខ្ពស់ ដើម្បី​ប្រកួតប្រជែង​ជាមួយ​ទំនិញ​នាំចូល​ពី​បរទេស ហើយ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ជួយ​គាំទ្រ​ផលិតផល​ជាតិ តាមរយៈ​ការប្រើប្រាស់ និង​បំផុស​ចលនា​ទិញ​ឱ្យ​បាន​ច្រើន ដើម្បី​ទ្រទ្រង់​ផលិតកម្ម​ក្នុងស្រុក និង​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​”​លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​។​

​បន្ថែម​លើ​នេះ​ទៀត លោក​រដ្ឋមន្ត្រី ក៏​បាន​ជម្រាបជូន​ភ្ញៀវកិត្តិយស និង​អ្នកចូលរួម អំពី​កិច្ច​អន្ត​រគ​មន៍​របស់​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ការកាត់បន្ថយ​វត្តមាន​ផលិតផល​បរទេស​នៅតាម​ទីផ្សារ តាមរយៈ​ការ​ចងក្រង និង​អនុវត្ត​ច្បាប់​ឧបាស្រ័យ​ពាណិជ្ជកម្ម និង​ការសម្របសម្រួល​វិស័យ​ឯកជន​កម្ពុជា ក្នុង​ការចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​អន្តរជាតិ​នានា ដើម្បី​ផ្សព្វផ្សាយ និង​ធ្វើ​ពិពិធ​កម្ម (​ពង្រីក​) ការនាំ​ចេញ​ផលិតផល​ខ្មែរ​ទៅ​កាន់​ទៅ​ផ្សារ​បរទេស ឱ្យបាន​អតិបរមា​។​

​សូមបញ្ជាក់​ថា ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​ទីផ្សារ ផ្តួចផ្តើមឡើង​ដោយ​ក្រសួង​ពាណិជ្ជកម្ម ដែល​មាន​ភាពស៊ីសង្វាក់​គ្នា ជាមួយ​នឹង​គោលដៅ​សសរស្តម្ភ​ទី​៣ ស្តីពី​ការអភិវឌ្ឍ​វិស័យ​ឯកជន និង​ការងារ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ក្នុង​រយៈពេល​កន្លងមក​នេះ ក្រសួង​ពាណិជ្ជកម្ម បាន​រៀបចំ​យុទ្ធនាការ​នេះ ដោយ​ជោគជ័យ​ចំនួន​ពីរ​រដូវ​កាល​រួចមកហើយ គឺ​រដូវ​កាល​ទី​១ នៅក្នុង​ខេត្ត​សៀមរាប កំពង់ចាម ព្រះសីហនុ និង​រាជធានី​ភ្នំពេញ ហើយ​រដូវ​កាល​ទី​២ នៅក្នុង​ខេត្ត​ស្ទឹងត្រែង បាត់ដំបង ស្វាយរៀង រាជធានី​ភ្នំពេញ និង​ខេត្ត​កែប​។ សម្រាប់​រដូវ​កាល​ទី​៣​នេះ ក្រសួង​ពាណិជ្ជកម្ម បាន​កំណត់​យក​រាជធានី​-​ខេត្ត​ចំនួន ៦ រួមមាន​៖ ខេត្ត​កណ្តាល កំពង់ឆ្នាំង បន្ទាយមានជ័យ ព្រៃវែង កោះកុង និង​រាជធានី​ភ្នំពេញ ធ្វើជា​កន្លែង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

   

spot_img
×