Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្ដីព្រាង​សេចក្តីសម្រេច សម្រាប់​កិច្ចប្រជុំ APPF គឺ​ត្រូវតែ​បម្រើ​ផលប្រយោជន៍​ប្រទេស​កម្ពុ​ជា និង​បណ្តា​ប្រទេស​ជា​សមាជិក​

spot_img

​ភ្នំពេញ​ ៖ បន្ទាប់​ពី​ជ្រើសរើស​បាន​ប្រធានបទ​សម្រាប់​ការធ្វើ​សេចក្ដីព្រាង​សេចក្តី​សម្រេចបាន​ចំនួន​២ កាលពី​កិច្ចប្រជុំ​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៨ កន្លងមក ក្រុមការងារ​ទទួលបន្ទុក​វិស័យ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកាសភា​អាស៊ី​-​ប៉ា​ស៊ីហ្វិក ហៅ​កាត់​ថា APPF លើក​ទី​២៧ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​ជួប​ប្រជុំ​ពិភាក្សាគ្នា​ម្ដងទៀត​នៅ​វិមាន​រដ្ឋ​សភា ដើម្បី​ពិនិត្យ​ពិភាក្សា​គ្នា​បន្ថែម អំពី​វឌ្ឍនភាព​នៃ​ការរៀបចំ​ឯកសា​រទស្ស​នា​ទាន សម្រាប់​ប្រធានបទ​២ ដែល​បាន​ជ្រើសរើស​នោះ​។​

​នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ​នា​ឱកាស​នេះ មាន​ការចូលរួម​ពី​សមាជិក សមាជិកា​រដ្ឋសភា ព្រឹទ្ធសភា និង​មន្ត្រី​នៃ​លេខាធិការដ្ឋាន​ជាតិ APPF កម្ពុជា បាន​ពិនិត្យ​ពិភាក្សា​គ្នា​ម្តង​មួយៗ​លើ​ប្រធានបទ​ទាំង​ពីរ​នោះ ដោយ​មាន​ការផ្តល់​មតិ​យោបល់​គ្នា​ទៅវិញទៅមក​យ៉ាង​ល្អិតល្អន់​។​

​លោក សួស យ៉ារ៉ា អនុប្រធាន​គណៈកម្មកា​រ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន​នៃ​រដ្ឋសភា និង​ជា​ប្រធាន​ក្រុមការងារ​ទទួលបន្ទុក​វិស័យ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ APPF លើក​ទី​២៧ បាន​មានប្រសាសន៍ថា ក្នុងនាម​ជា​ប្រទេស​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ APPF លើក​ទី​២៧ ដែល​នឹង​រៀបចំ​ធ្វើ​នៅលើ​ទឹកដី​អង្គរ ខេត្តសៀមរាប នា​ខែ​មករា ឆ្នាំ​២០១៩ ខាងមុខនេះ ក្រុមការងារ​ទទួលបន្ទុក​វិស័យ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ នៃ​សភា​ប្រទេស​កម្ពុជា កន្លងមក​បាន​សម្រេច​ជ្រើសរើស​យក​ប្រធានបទ​ចំនួន​ពីរ សម្រាប់​ការធ្វើ​សេចក្ដីព្រាង​សេចក្តីសម្រេច​ដាក់​ក្នុង​កិច្ចប្រជុំ​នោះ​។ ប្រធានបទ​ទាំង​២ ក្នុង​វិស័យ​នេះ មាន ទី​១- ការលើកកម្ពស់​តួនាទី​សភា ដើម្បី​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ ២- ការ​ពង្រីង​កិច្ចសហប្រតិបត្តិការ​សភា​ដើម្បី​លើកកម្ពស់​វិញ្ញត្តិ​វប្បធម៌ និង​ទេសចរណ៍ ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វីក​។​

​លោក សួស យ៉ារ៉ា បាន​មានប្រសាសន៍ថា ការជ្រើសរើស​ប្រធានបទ​ឲ្យបាន​សមស្រប នឹង​ផលប្រយោជន៍​របស់​ប្រទេសជាតិ​យើង និង​បណ្តា​ប្រទេស​ក្នុង​តំបន់ APPF គឺ​វា​មាន​សារៈសំខាន់​ខ្លាំងណាស់​។ ប្រធានបទ​ទាំងពីរ​ដែល​បានជ្រើសរើស​គឺ​សុទ្ធតែ​សំខាន់​។ ប៉ុន្តែ​លោក បាន​ណែនាំ​ឲ្យ​ក្រុម​ការងារ​ផ្ដោត​ការយកចិត្តទុកដាក់​បន្ថែម​លើ​ប្រធានបទ​ស្តី​ពី «​ការ​ពង្រីង​កិច្ចសហប្រតិបត្តិការ​សភា​ដើម្បី​លើកកម្ពស់​វិញ្ញត្តិ​វប្បធម៌​និង​ទេសចរណ៍​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​»​។ លោក បញ្ជាក់ថា ប្រធានបទ​នេះ វា​ត្រូវ​នឹង​កាលៈទេសៈ​បច្ចុប្បន្ន​ដែល​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​អង្គការ​យូណេស្កូ​កំពុង​កោតសរសើរ​ថា ជា​ប្រទេស​មានសម្បត្តិ​វប្បធម៌​ល្អៗ ជាពិសេស​សម្បូរ​ទៅដោយ​ប្រាសាទ​បុរាណ មាន​ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​ល្បីៗ​មួយចំនួន​ទៀត​ដែល​ត្រូវបាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិក​ភ័ណ្ឌ​ពិភពលោក​ជា​បន្តបន្ទាប់​។ លោក សួស យ៉ារ៉ា បាន​មានប្រសាសន៍​បន្ត​ថា ប្រធានបទ​នេះ ទាញ​ការយកចិត្តទុកដាក់​ទៅ​លើ​សក្តា​នុពល នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​ប្រទេស​ជា​សមាជិក​ទាំងអស់​។ ភាព​ផ្សេងៗ​គ្នា​នៃ​វប្បធម៌​ធ្វើអោយ​មាន​ការចែក​រំលែក ផ្លាស់ប្តូរ និង​ការសម្របសម្រួល​រវាង​គ្នា​និង​គ្នា ដើម្បី​កិច្ចសហប្រតិបត្តិការ សាមគ្គីភាព និង​ការអភិវឌ្ឍ​ប្រកប​ដោយ​សន្តិ​សហ​វិជ្ជមាន ដែលនាំអោយ​មាន​ទំនាក់ទំនង​ល្អ​រវាង​ក្រុម ឬ​ប្រទេស​ដែល​មាន​វប្បធម៌​ខុសៗ​គ្នា​។ ដូចនេះ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​សភា​ដើម្បី​លើកកម្ពស់​វិញ្ញត្តិ​វប្បធម៌​និង​ទេសចរណ៍​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក មាន​សារសំខាន់​ណាស់ សម្រាប់​ការបើកចំហ​ទស្សនៈ​និង​ការយល់ឃើញ ទៅលើ​ឫសគល់​នៃ​ការអភិវឌ្ឍ ការយោគយល់ ការ​អធ្យាស្រ័យ​គ្នា ហើយ​វា​មាន​តម្លៃ​សម្រាប់​ការបង្កើន​ចំណេះដឹង​និង​ចែករំលែក​បទពិសោធន៍​អោយ​គ្នា​ទៅវិញទៅមក​។​

​បន្ទាប់​ពី​ការពិភាក្សា​ផ្ដល់​យោបល់​លើ​ការរៀបចំ​ឯកសារ សម្រាប់​ប្រធានបទ​ទាំង​ពីរ​យ៉ាង​យកចិត្តទុកដាក់​រួចមក និង​ដោយ​យល់​ឃើញ​ថា​ប្រធានបទ​ស្តីពី «​ការ​ពង្រីង​កិច្ចសហប្រតិបត្តិការ​សភា​ដើម្បី​លើកកម្ពស់​វិញ្ញត្តិ​វប្បធម៌​និង​ទេសចរណ៍​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​» មាន​ភាព​ចាំបាច់​ត្រូវតែ​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត អង្គប្រជុំ​បាន​ឯកភាពគ្នា ស្នើ​អោយ​អង្គភាព​ស្រាវជ្រាវ​និង​ក្រុមការងារ ត្រូវធ្វើ​កិច្ច​សហការ​ជាមួយ​មន្ត្រីជាន់ខ្ពស់​របស់​អង្គការ​យូណេស្កូ​កម្ពុជា ដើម្បី​រៀបចំ​ចងក្រង​ឯកសា​រលើ​ប្រធានបទ​នេះ​ឲ្យបាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×