Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ អំពាវនាវ​ដល់ គ្រប់​ភាគី​ពាក់ព័ន្ធ​ឲ្យ​រក្សា​ការអត់ធ្មត់ ដើម្បី​ឈាន​ទៅ​កាត់បន្ថយ​ភាព​តានតឹង​

spot_img

​ទីក្រុង​ប្រ៊ុច​សែ​ល ប្រទេស​ប៊ែលហ្សិក​៖ សុន្ទរកថា​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ដែរ​ថា កម្ពុជា​បន្ត​អំពាវនាវ​ដល់ គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​រក្សា​ការអត់ធ្មត់​និង​បន្ត​ប្តេជ្ញា​ប្រកាន់​យក​ការសន្ទនា​ប្រកបដោយ ស្មារតី​ស្ថាបនា និង​សន្តិវិធី ដើម្បី​ឈាន​ទៅ​កាត់បន្ថយ​ភាព​តានតឹង និង​សម្រេច​បាន​ការរំសាយ​ទាំងស្រុង នូវ​អាវុធ​នុយក្លេអ៊ែរ ដែល​អាច​ត្រួតពិនិត្យបាន និង​មិន​វិលត្រឡប់​ថយ​ក្រោយ​ឡើយ នៅលើ​ឧបទ្វីប​កូរ៉េ​។​

​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨ ម៉ោង​ទៅ​ទីក្រុង​ប្រ៊ុច​សែ​ល ប្រទេស​ប៊ែលហ្សិក សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​12 ស្តី​ពី​អឺរ៉ុប និង​អាស៊ី : ដៃគូ​សកល​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​សកល ក្រោម​ប្រធានបទ​៖ ក​សា​អនាគត​ជាមួយ​គ្នា : ការ​លើ​កម្ពស់​កំណើន​ប្រកប​ដោយ​បរិយា​ប័ន្ន និង​ការតភ្ជាប់​ប្រកបដោយ​ចីរភាព​។​

​ពិធី​បើក​កិច្ចប្រជុំ​កំពូល​នោះ គឺ​មាន​ការអញ្ជើញ​ចូលរួម​ពី​ប្រមុខរដ្ឋ​/​ប្រមុខ​រដ្ឋាភិបាល នៃ​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​អាស៊ី អឺរ៉ុប ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ទស្សនៈ និង​យោបល់​ទៅ​លើ​របៀបវារៈ ដែល​បាន​គ្រោងទុក​។​

​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប គឺជា​ក្របខ័ណ្ឌ​ដ៏​សំខាន់​មួយ ដើម្បី​បង្កើត​ឱ្យ​មាន​ការឆ្លើយតប​រួម​គ្នា​ចំពោះ​បញ្ហា​ប្រឈម ផ្នែក​សន្តិសុខ ដែល​កំពុង​កើតមាន​រួម​ទាំង​ការ​មិន​រីកសាយ​អាវុធ​ភេរវកម្ម សុវត្ថិភាព​ប្រពន្ធ័​អ៊ិន​ធើ​ណេត និង​ការធ្វើ​ចំណាកស្រុក​មិន​ទៀងទាត់​នៅ ក្នុង​តំបន់ និង​ទូទាំង​ពិភពលោក​។ កិច្ចប្រជុំ​កំពូល​នេះ នឹង​រៀបចំ​សម័យប្រជុំ​ពេញអង្គ​ចំនួន​ពីរ ដែល​គ្របដណ្តប់​លើ​បញ្ហា​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​បញ្ហា​ប្រឈម​ជា​សកល និង​ទម្រង់​ការចាកចេញ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​គួរតែអនុញ្ញាត​ឱ្យ​មាន​ទស្សនៈ​ផ្លាស់ប្តូរ​គ្នា​ដោយ​ត្រង់ នៅក្នុង​បរិបទ​ដែល​រឹតបន្តឹង និង​មិន​ផ្លូវការ​។ ជា​ទម្លាប់​ព្រឹត្តិការណ៍​ធំៗ​បួន​ត្រូវ​បាន​ធ្វើឡើង​នៅ​មុន​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប ដើម្បី​បង្កើន​ការសន្ទនា​ដែល​ពាក់ព័ន្ធ​នឹង (១) អាជីវកម្ម​ដើម្បី​អាជីវកម្ម (២) ប្រជាជន និង​ប្រជាជន (៣) អ្នកតំណាងរាស្ត្រ​និង (៤) យុវជន ហើយ​លទ្ធផល​នៃ​ព្រឹត្តិការណ៍​ទាំងនេះ នឹង​ត្រូវ​ដាក់​បញ្ជូល​នៅក្នុង​កិច្ច​ពិភាក្សា​របស់​ថ្នាក់ដឹកនាំ​។​

​នៅ​ក្នុង​របៀបវារៈ​ដែល​បាន​គ្រោងទុក ប្រមុខរដ្ឋ​/​ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​អាស៊ី​អឺរ៉ុប បាន​ធ្វើ​ការពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់ លើ​ចំណុច​មួយចំនួន​នៃ​ប្រធានបទ​ពិភាក្សា ក្នុងនោះ​ទី​១-​របៀប​វារ​:​ឆ្នាំ​២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ជាមួយ​នឹង​គោលដៅ​អាទិភាព​ទាំង​១៧ បាន​ផ្តល់​នូវ​ក្របខណ្ឌ​សម្របសម្រួល​រួម​មួយ សម្រាប់​គ្រប់​ប្រទេស​រួមគ្នា​ដោះស្រាយ លើ​បញ្ហា​ប្រឈម​សកល​សំខាន់ៗ ដែល​អាច​ប៉ះពាល់​ដល់​លទ្ធភាព​របស់​ប្រទេស​នី​មួយៗ ក្នុង​ការជំរុញ​កំណើន ការកាត់បន្ថយ​ភាពក្រីក្រ ការលើកកម្ពស់​សមធម៌ យ៉េនឌ័​រ និង​ការផ្តល់​សិទ្ធ​អំណាច​ដល់​ស្ត្រី ជាពិសេស​ការរក្សា​សន្តិភាព និង​ស្ថេរភាព​។​

​មេដឹកនាំ​ទាំងអស់​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សារ​:​សំខាន់ នៃ​ការតភ្ជាប់​អាស៊ី អឺរ៉ុប ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម និង​ការតភ្ជាប់​ក្នុង​វិស័យ​ថ្មីៗ​ទៀត ដូចជា​វិស័យ​ពន្ធដារ ការធ្វើ​ឌីជីថល​លូ​ប​នីយកម្ម​សេដ្ឋកិច្ច និង​បរិស្ថាន ព្រមទាំង​ការតភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន ដែល​គម្បី​ត្រូវ​ផ្សារភ្ជាប់ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​បរិយា​ប័ន្ន ដោយ​មិន​ត្រូវ​ទុក​ឲ្យ​អ្នកណា​ម្នាក់ ត្រូវ​បាន​បោះបង់ចោល​នោះទេ​។ ទី​២-​ការជំរុញ​កំណើន​ប្រកប​ដោយ​បរិយា​ប័ន្ន សំខាន់បំផុត ទាមទារ​ឲ្យមាន​សន្តិភាព និង​សន្តិសុខ​ជាមុន និង​ទី​៣​សន្តិភាព​មិន​អាច​សម្រេច​បាន​មក​ដោយ​ឯកឯង​នោះទេ​។​

​ដូចគ្នា​នឹង​បណ្តា​មេដឹកនាំ​អាស៊ី អឺរ៉ុប​ដទៃ​ទៀត​ដែរ​នោះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​សុន្ទរកថា​នៅ​ក្នុង ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​១២ ពិធី​ពិសារ​អាហារ​ថ្ងៃត្រង់ ក្នុង​កិច្ចប្រជុំ​ចង្អៀត នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប លើក​ទី​១២ ដោយ​បាន​ធ្វើ​ការគូសបញ្ជាក់​ថា កម្ពុជា​សូម​សំដែង​នូវ​សេចក្តី​រីករាយ និង​ស្វាគមន៍​ចំពោះ​ការវិវត្តន៍​ជា​វិជ្ជមាន​ថ្មីៗ​នៅ​ឧបទ្វីប​កូរ៉េ ជាពិសេស​កិច្ចប្រជុំ​កំពូល​ដែល​មិន​ធ្លាប់​មាន​ពីមុនមក រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង ព្រមទាំង​កិច្ចប្រជុំ​កំពូល​រវាង​កូរ៉េ​ទាំងពីរ​ជាច្រើន​លើក​កន្លងមក​។ កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​ទាំងនោះ គឺជា​ការបោះ​ជំហាន​ដ៏​ធំ​មួយ​ឆ្ពោះទៅ​រក​យុគសម័យ​នៃ​ភាព​ធូរស្រាល អំណោយផល​ដល់​កិច្ច​ពិភាក្សា​បន្ត ស្តី​ពី​ការបំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង និង​ការបង្កើត​ជា​បណ្តើៗ​នូវ​សន្តិភាព​យូរអង្វែង​ក្នុង​ឧបទ្វីប​កូរ៉េ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍​សង្កត់ធ្ងន់​ថា ច្បាស់​ណាស់​ថា ដំណើរការ​ឆ្ពោះទៅរក​ការរំលាយ​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង ស្ថិត​នៅលើ​ផ្លូវ​មួយ​វែងឆ្ងាយ​នៅឡើយ និង​ទាមទារ​ឲ្យមាន​ការអត់ធ្មត់​ពី​សំណាក់ ប្រទេស​កូរ៉េ និង​សហរដ្ឋអាមេរិក​។ កម្ពុជា​ជឿជាក់ថា អភិក្រម​បដិការ​គួរតែ​ត្រូវ​បាន​ប្រកាន់​យក​ឲ្យបាន​ខ្ជប់ខ្ជួន ហើយ​ភាគី​ទាំង​ពីរ​គួរតែ​ធ្វើការ​ជាមួយគ្នា ក្នុង​ភាព​
​ស្មោះត្រង់ ដើម្បី​បង្កើន​ទំនុកចិត្ត និង​ភាពជឿជាក់​រវាង​គ្នា​និង​គ្នា​ទៅវិញទៅមក​។ យើង​ស្វាគមន៍​ចំពោះ​ការប្តេជ្ញាចិត្ត និង​ឆន្ទះ​របស់​អាមេរិក និង​កូរ៉េ​ទាំងពីរ ជាពិសេស​គោលនយោបាយ​ថ្មី​របស់​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ឧបទ្វីប​កូរ៉េ​មួយ​ប្រកបដោយ​សន្តិភាព​។​

សូម​បញ្ជាក់​ដែរ​ថា នៅក្នុង​ពិធី​បិទ​បញ្ចប់​នូវ​កិច្ចប្រជុំ​កំពូល​អាស៊ី អឺរ៉ុប លើក​ទី ១២ បណ្តា​មេដឹកនាំ​នៃ​ប្រទេស​អាស៊ី អឺរ៉ុប​ទាំងអស់ បាន​ឯកភាពគ្នា​ក្នុង​ការផ្តល់​ឲ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​១៣ ក្នុង​ឆ្នាំ​២០២០​ខាងមុខ​។ ថ្លែង​ទៅ​កាន់​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​អាស៊ី​អឺរ៉ុប ក្នុង​ការទទួល​ភាពជា​ប្រធាន​របស់​កម្ពុជា​សម្រាប់​កិច្ចប្រជុំ កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​១៣ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា កម្ពុជា​ពិតជា​មាន​កិត្តិយស​ក្រៃលែង ក្នុង​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​១៣ ក្នុង​ឆ្នាំ​២០២០ នៅ​រាជធានី​ភ្នំពេញ ដែល​ជា​ការរៀបចំ​កិច្ចប្រជុំ​កំពូល​ទ្រង់ទ្រាយ​ធំ​លើក​ទី​១ និង​ប្រកប​សារ​:​សំខាន់បំផុត​។ សុន្ទរកថា​របស់​សម្តេច​តេជោ​បាន​បន្តថា ដោយ​ទទួលស្គាល់​ពី​ការទទួលខុសត្រូវ​ខ្ពស់ និង​តម្រូវការ​រៀបចំ​ល្អិតល្អន់​គ្រប់​ជ្រុងជ្រោយ កម្ពុជា​នឹង​ខិតខំ​ធ្វើ​កិច្ច​ការ​ចាំបាច់​គ្រប់យ៉ាង ដើម្បី​ធានា​ឲ្យ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺ​រ៉ុប​លើក​ទី​១៣ ប្រព្រឹត្តទៅ​ដោយ​រលូន​និង​ទទួលបាន​ជោគជ័យ ដូច​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​កន្លងមក ពិសេស​ក្នុង​ឋានៈ​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ី អឺរ៉ុប បន្ទាប់ កម្ពុជា​ប្តេជ្ញា​ពង្រឹង​ចំណង​មិត្តភាព និង​ភាព​ជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ ដែល​ផ្តល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក រវាង​ប្រទេស​ជា​សមាជិក​ទាំងអស់ ដើម្បី​រួមចំណែក​លើកកម្ពស់​សន្តិ​ភាព និង​សន្តិសុខ​ពិភពលោក ក៏​ដូចជា​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព នៃ​របៀបវារៈ​ឆ្នាំ​២០៣០ របស់​អង្គការសហប្រជាជាតិ​។​

​សូមបញ្ជាក់​ថា កិច្ចប្រជុំ​កំពូល​អាស៊ី អឺរ៉ុប លើក​ទី​១២ បាន​បិទ​បញ្ចប់​ទៅ​ក្នុង​បរិយាកាស​ស្និទ្ធស្នាល និង​រ៉ាក់ទាក់​បំផុត នៅ​រសៀល​ថ្ងៃ​ទី​១៩​តុលា បន្ទាប់ពី​ដំណើរការ​ពេញ​រយៈពេល​២​ថ្ងៃ ក្រោយ​ពី​ឈានទៅ​ចេញ​សេចក្តីប្រកាស​រួម​ស្តីពី​លទ្ធផល នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី អឺរ៉ុប លើក​ទី​១២ នៅ​ទីក្រុង​ប្រ៊ុច​សែ​ល ប្រទេស​ប៊ែលហ្សិក​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×