Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី​ការងារ រំពឹងថា បញ្ហា​ពាណិជ្ជកម្ម​ពិភពលោក នឹង​មិន​ប៉ះពាល់​កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម រវាង​កម្ពុជា​ជាមួយ​ដៃគូ​នានា​

spot_img

​ភ្នំពេញ​៖ លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានលើកឡើង នូវ​ការរំពឹង​ទុក​ថា បើ​ទោះបី​មាន​បញ្ហា​ពាណិជ្ជកម្ម​ពិភពលោក ក៏ពិតមែន ប៉ុន្តែ​កម្ពុជា​សង្ឃឹមថា បញ្ហា​នេះ​នឹង​មិន​ប៉ះពាល់ ដល់​កិច្ចសហប្រតិបត្តិកា​រពាណិ​ជ្ជកម្ម រវាង​កម្ពុជា ជាមួយ​ដៃគូ​នានា​នោះ​ឡើយ ហើយ​ដៃគូ អង្គការ សមាគមជាតិ​-​អន្តរជាតិ​នានា ក៏​មាន​សុទិដ្ឋិនិយម​បែបនេះ​ដែរ​។​

​ការបញ្ជាក់​យ៉ាង​ដូច្នេះ ត្រូវបាន​ធ្វើឡើង​ក្រោយ​បញ្ចប់​ជំនួប ពិភាក្សា​ការងារ ជាមួយ​ប្រតិភូ​សមាគម​យុត្តិធម៌​ការងារ (FLA) និង​ក្រុម​តំណាង​អ្នក​បញ្ជា​ទិញ ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង​ពី​កម្ពុជា ទៅ​កាន់​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ដែល​ដឹកនាំ​ដោយ​លោក Michael Posner ប្រធាន​ក្រុមប្រឹក្សាភិបាល FLA នៅ​ទីស្ដីការក្រសួង​ការងារ នា​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨​។​

​លោក​រដ្ឋមន្ត្រី បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា “​យើង​ក៏​សង្ឃឹមថា បញ្ហា​ប្រឈម​នានា ដែល​កើតឡើង​នៅក្នុង​ពេល​បច្ចុប្បន្ន​នេះ ទាក់ទង​នឹង​បញ្ហា​ពាណិជ្ជកម្ម របស់​ពិភពលោក គឺ​នឹង​មិន​ប៉ះពាល់ ទៅដល់​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង​ដៃគូ​ទាំងអស់​នោះ​ទេ ហើយ​ដៃគូ​ទាំងអស់​ជា​មួយ​យើង គឺ​សុទ្ធតែ​មាន​គំនិត​នេះ​ដូច​គ្នា​”​។​

​លោក អ៊ិត សំហេង ក៏​បាន​បញ្ជាក់​ដែរ​ថា ការជួបពិភាក្សាគ្នា​ជាមួយ​សមាគម FLA ខាងលើនេះ គឺ​ដើម្បី​ពិនិត្យឡើងវិញ ទៅលើ​វឌ្ឍនភាព​លក្ខខណ្ឌ​ការងារ ការរៀបចំ​ប្រាក់​ឈ្នួល យន្តការ​ដោះស្រាយ​វិវាទ និង​ការអនុវត្ត​ច្បាប់ សហជីព ជាដើម ហើយ​ក្នុង​កិច្ចពិភាក្សា​នាពេលនេះ ក៏បាន​លើកឡើង​ពី​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នានា​ផង​ដែរ​។ តែ​ទោះជា​យ៉ាងណា កម្ពុជា​រួម​ជាមួយ​ដៃគូ​នានា របស់ខ្លួន នៅតែ​បន្ត​ដោះស្រាយ​រួមគ្នា ដើម្បី​បន្ត​កិច្ចសហប្រតិបត្តិការ​ទៅមុខទៀត​។​

​សូមជម្រាបថា សមាគម​យុត្តិធម៌​ការងារ (FLA) គឺជា​សមាគម​ធំ​របស់​សហរដ្ឋអាមេរិក ដែល​តំណាងឱ្យ​អ្នក​បញ្ជា​ទិញ ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង​ពី​កម្ពុជា ទៅ​កាន់​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​។ សមាគម​នេះ ក៏​ជា​ដៃគូ​ចាស់​ដ៏​ល្អ​មួយ របស់​កម្ពុជា​ផង​ដែរ​៕ ដោយ​៖​កូឡាប​

      

spot_img
×