Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ផលិត​ស្រាស​នៅ​ភូមិ​សំ​រ៉ែ ត្រូវបាន​តុលាការ​ចេញ​ដេកា​ឃុំខ្លួន ខណៈ​អ្នកពុល​ស្លាប់​៥​នាក់ និង​ធ្លាក់ខ្លួន​ឈឺ​ជិត​៨០​នាក់​

spot_img

​ក្រចេះ ​៖ អ្នក​ផលិត​ស្រា​ម្នាក់ នៅ​ភូមិ​ដំ​រ៉ែ ឃុំ​បឹង​ចារ ស្រុក​សំបូរ ដែល​ជា​ដើម​ហេតុ​បង្ក​ឲ្យមាន​ប្រជាពលរដ្ឋ​ពិសា​ស្រា​សហើយ​​បង្ក​ឲ្យ​ពុល​ស្លាប់​៥​នាក់ និង​ធ្លាក់ខ្លួន​ឈឺ​ជិត​៨០​នាក់​នោះ ត្រូវបាន លោក អេង ចំនាប់ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​ក្រចេះ​ ​នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ដាក់ពន្ធនាគារ ក្រោម​បទ​ចោទប្រកាន់​​មនុស្សឃាត​ដោយ​អ​ចេតនា​។​

​បើ​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​របស់​លោក​ចៅក្រ​ម អេង ចំនាប់ អ្នក​ផលិត​ស្រា​ដែល​ត្រូវ​ឃុំខ្លួន​នេះ ឈ្មោះ កុច សុខ​ហេង​ ​អាយុ​៣១​ឆ្នាំ មុខរបរ បិទ​ស្រា នៅ​ភូមិ​ដំ​រ៉ែ ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្ត​ក្រចេះ ត្រូវបាន​ដាក់​ឲ្យ​ស្ថិត​នៅក្រោម​ការពិនិត្យ​ពី​បទ​​មនុស្សឃាត​ដោយ​អ​ចេតនា ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ដំ​រ៉ែ ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ ។

​តាម​មាត្រា ២០៧ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ជនជាប់ចោទ ត្រូវ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៨​ខែតុលា​ឆ្នាំ​២០១៨ យោង​តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួ​រលេខ​៤១៩ ចុះ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៨​។ យោង​តាម​ដីកា​សម្រេច​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន លេខ​៣០៦៤ ចុះ​ថ្ងៃ​ទី​២២ ខែ​១០ ឆ្នាំ​២០១៨ បញ្ជា​ឲ្យ​ភ្នាក់ងា​រមាន​សមត្ថកិច្ច​នៃ​កម្លាំង​សាធារណៈ​ធ្វើការ​នាំខ្លួន​ជន​ត្រូវ​ចោទ ទៅ​ពន្ធនាគារ​ខេត្ត​ក្រចេះ ដោយ​អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ​តាម​នីតិវិធី​។ បង្គាប់​ទៅ​លោក​ប្រធាន​ពន្ធនាគារ​ខេត្ត​ក្រចេះ ទទួល​ជន​នេះ​រហូតដល់​មាន​បទបញ្ជា​ថ្មី សម្រេច​ផ្សេង​ពីនេះ​។​

​លោក​វេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​ប្រាប់ថា ករណី​ពុល​ស្រាស​​នៅតាម​ឃុំ​មួយចំនួន ក្នុងស្រុក​សំបូរ ខេត្ត​ក្រចេះ បាន​បណ្តាលឲ្យ​ស្លាប់​៥​នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់​ ​ខណៈ​ប្រជាពលរដ្ឋ​ដែល​ធ្លាក់ខ្លួន​ឈឺ បាន​កើនឡើង​រហូត​ដល់​៧៨​នាក់​។ ការកើនឡើង​នេះ ដោយសារ​ក្រុម​មន្ត្រី​ជំនាញ​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត បាន​ចុះ​ដល់​មូលដ្ឋាន​រកឃើញ​អ្នកពុល​ស្រា នៅក្នុង​ភូមិ​ថ្មី​បី​ទៀត​ឈ្មោះ​ភូមិ​ដក​ព័រ ឧបសម្ព័ន្ធ​ភូមិ​ជើង​ពាត ឃុំ​កោះ​ខ្ញែរ ភូមិ​កោះ​រៀល ឃុំ​សំបូរ និង​ភូមិ​កំពង់រទេះ ឃុំ​បឹង​ចារ ស្រុក​សំបូរ ដែល​ជា​ទីតាំង​ជិត​ភូមិ​កើតហេតុ​ចាស់ ហើយ​បាន​បញ្ជូន​ពួកគាត់​បន្ថែម​ទៀត​ទៅ​មន្ទីរពេទ្យ​ខេត្ត​។ ក្រុម​មន្ត្រី​ជំនាញ​បាន​អប់រំ ប្រជាពលរដ្ឋ​ឲ្យ​បញ្ឈប់ ផឹកស្រា​ស​ជា​បណ្តោះអាសន្ន ហាម​ការលក់ និង​ចែកចាយ និង​បិទ​ទីតាំង​ផលិត​ស្រាស​។​

​ពាក់ព័ន្ធ​ករណី​នេះ មន្ត្រី​ជំនាញ​ក្រសួង​សុខាភិបាល បាន​សំណូមពរ​ដល់​មន្ទី​រ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​ត្រូវ​ពង្រឹង​ការត្រួតពិនិត្យ​ការផលិត ការ​ចែកចាយ ការលក់ ស្រាស​ឲ្យមាន​ប្រសិទ្ធិភាព​ខ្ពស់ ដើម្បី​ជៀសវាង​ប៉ះពាល់​ដល់​សុខភាព​ ​និង​អាយុជីវិត​ប្រជាពលរដ្ឋ​។ ចំពោះ​ប្រជាពលរដ្ឋ​ក៏​ត្រូវ​ទិញ​ស្រាស ដែល​មាន​ប្រភព​ច្បាស់លាស់​ ​ផលិត​ស្រាស​តាម​បច្ចេកទេស​ត្រឹមត្រូវ និង​មាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​។​

​សូមបញ្ជាក់​ថា ករណី​ពុល​នេះ​បាន​កើតឡើង​ទៅ​លើ​ប្រជា​ពល​ដ្ឋ​រស់នៅ​ភូមិ​ដំ​រ៉ែ ឃុំ​បឹង​ចារ ស្រុក​សំបូរ​​ដោយ​ពួកគាត់​បាន​ច្រូតស្រូវ​រួច ហើយ​បាន​នាំគ្នា​ផឹក​ស្រាស​កាលពី​រសៀល​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨៕ ​ដោយ​ ៖ ​កូឡាប​

   

spot_img
×