តារាសម្តែង និងម៉ូដែលប្តូរភេទថៃ១ដួងឈ្មោះ Treechada Petcharat ដែលក៏ត្រូវបានហៅថា Poyd កំពុងរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីវីដេអូមួយបានត្រូវបានបញ្ចេញបង្ហាញនាងគ្រវែងផាវចូលហ្វូងមនុស្សនៅលើដងផ្លូវ ក្នុងអំឡុងពិធីបុណ្យមួយ ។
Poyd អាចត្រូវបានឃើញដុតផាវមួយដុំយ៉ាងប្រយ័ត្នប្រយែង នៅក្នុងឃ្លីប Instagram ដោយបានសរសេរចំណងជើងថា៖ «នេះគឺជាប្រពៃណីរបស់ពួកយើង ក្នុងការគប់ផាវទៅកាន់ក្បួនដង្ហែរ និងដើម្បីទទួលបានសំណាងល្អ» ។
ខ្ទើយរូបនេះបន្ទាប់មក បានគប់ផាវឡើងលើអាកាស បន្ទាប់ពីដូតពួកវារួច ។
ជំនួសឲ្យការគប់វាធ្លាក់ទៅលើដី, Poyd បានគប់ផាវមួយបាច់ ទៅលើក្បាលហ្វូងមនុស្សដែលពុំបានដឹងខ្លួនជាមុន ធ្វើឲ្យពួកគេម្នាក់ៗភ័យស្លន់ស្លោយ៉ាងខ្លាំង ។ វីដេអូក៏បានបង្ហាញ តារាម៉ូដែលខ្ទើយថៃដ៏ស្រស់ស្អាតវ័យ ៣២ ឆ្នាំ បញ្ចេញស្នាមញញឹម និងសើច បន្ទាប់ពីគប់ផាវទៅហ្វូងមនុស្ស ។
មនុស្សជាច្រើនក្នុងចំណោមអ្នកតាមដានរបស់នាង បានសម្តែងការស្លុតរន្ធត់ជំនួសជាខ្លាំង បន្ទាប់ពីបានឃើញវីដេអូនេះដែលត្រូវបានចែករំលែកនៅលើ Instagram កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨, នេះបើយោងតាម AsiaOne ។
ខណៈមនុស្សជាច្រើនបញ្ចេញប្រតិកម្មចំពោះទង្វើរបស់នាង អ្នកតាមដានមួយចំនួនទៀត បានចេញមុខការពារនាងដោយថា អ្វីដែលនាងបានធ្វើគឺជាផ្នែកប្រពៃណីមួយនៃវប្បធម៌ជនជាតិថៃ-ចិន ។
ពិធីបុណ្យនេះបច្ចុប្បន្ន កំពុងត្រូវបានប្រារព្ធនៅក្នុងតំបន់ជាច្រើន នៅក្នុងប្រទេសនេះ ប៉ុន្តែ ហេតុការណ៍មួយនេះបានកើតឡើងនៅក្នុង Phuket ដែលជាតំបន់ពោរពេញដោយជនជាតិថៃ-ចិនរស់នៅ ។
មនុស្សទាំងឡាយដែលចូលរួមក្នុងប្រពៃណីនេះ បានចេញដើរតាមដងផ្លូវ ដោយពាក់អាវយឺតពណ៌ស ខណៈមនុស្សគប់ផាវដាក់ពួកគេ ។ ពួកអ្នកមានជំនឿទាំងនោះបានជឿថា អាវពណ៌សនឹងជួយការពារពួកគេពីគ្រោះថ្នាក់របស់ផាវ ក៏ដូចជានាំមកនូវសំណាងល្អដល់ពួកគេទៀតផង ៕
ដោយ៖ ឧត្តម
ប្រភព៖ Nextshark