Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ស្ត្រី​ជា​ម្តាយ ដែល​យក​កូនស្រី​បង្កើត​៣​នាក់ ទៅ​លក់​នៅ​ប្រទេស​ចិន​

spot_img

​ក្រចេះ ​៖ ស្ត្រី​ម្នាក់ ជា​មេខ្លោង​ជួញដូរ​មនុស្ស និង​យក​កូនស្រី​បង្កើត​របស់​ខ្លួន​៣​នាក់ ទៅ​លក់​នៅ​ប្រទេស​ចិន ត្រូវបាន​នគរបាល​ឃាត់ខ្លួន និង​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្តក្រចេះ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ ។ បន្ទាប់ពី​ចាប់ខ្លួន​ស្ត្រី​ជា​ម្តាយ​រួចហើយ កូនស្រី​បង្កើត​របស់​ខ្លួន​៣​នាក់ បាន​ចេញមុខ​មក​បក​អាក្រាត នូវ​ទង្វើ​របស់​ម្តាយ ដែល​ចិត្ត​តិរច្ឆាន លក់​កូនស្រី​។​

​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ បានឲ្យដឹងថា ស្ត្រី​រូប​នេះ​ឈ្មោះ ឌី ចាន់​ធី អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ និង​ត្រូវបាន​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត​ក្រចេះ ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការ​នគរបាល​ខេត្ត​ចាប់ខ្លួនបាន​នៅ​ខេត្ត​រតនគិរី កាលពី​ថ្ងៃ​ទី​១៨ ខែតុលា បន្ទាប់ពី​មាន​ការចុះ​ស្រាវជ្រាវ និង​រកឃើញ​ថា មាន​ជាប់​សង្ស័យ​ជា​មេខ្លោង​ជួញដូរ​មនុស្ស ឆ្លង​ទៅ​ប្រទេស​ចិន​។​

​លោកស្រី នៅ រតនា ស្នងការរង​ទទួល​ការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​នី​ត​ជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ បានឲ្យ​ដឹង​បន្ថែមថា នគរបាល​ជំនាញ​បាន​ចាប់ខ្លួន​ស្ត្រី​សង្ស័យ​ខាងលើ ទៅ​តាម​ពាក្យបណ្តឹង​របស់​ក្រុមគ្រួសារ​ក្មេងស្រី​រងគ្រោះ ចំនួន​៣​នាក់ រស់នៅ​ភូមិ​ថ្នល់​កើត ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ដែល​បាន​ប្តឹង​ពី​បទ​ជួញដូរ​មនុស្ស ក្នុង​រូបភាព​បោក​បញ្ឆោត​ឲ្យទៅ​យក​ប្តី នៅ​ប្រទេស​ចិន​ដោយ​ខុសច្បាប់​។ ស្ត្រី​រូប​នេះ​ក្រៅពី​ជាប់​សង្ស័យ​ពី បទ​ជួញដូរ​មនុស្ស​ឆ្លងដែន ក្នុងនោះ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ក្លែង​ឯក​សារ​មួយ​ករណី​ទៀត​។ ឆ្លង​តាម​ការស្រាវជ្រាវ​ពី​កម្លាំង​នគរ​បាន​ជំនាញ សហការ​ជាមួយ​កម្លាំង​នគរបាល​នាយដ្ឋាន ក្រោម​ការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ លន់ សុផាត ស្នងការ​នគរបាល​ខេត្ត ក្រោម​ការសម្របសម្រួល​ពី​លោក កែវ សុជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​ក្រោម​ការ​ឧបត្ថម​គាំទ្រ​ពី​អង្គការ​មេត្រី​អន្តរជាតិ​ហៅ​កាត់​ថា I’ M (​អេម​) បាន​ធ្វើ​ឲ្យ​នគរបាល​បំបែក​សំណុំរឿង​ជួញដូរ​មនុស្ស និង​ជួញដូរ​កូនស្រី​បង្កើត​ខ្លួនឯង ទ្រង់ទ្រាយ​ធំ​មួយ​ករណី​នេះ​បាន​។​

​លោកស្រី​ស្នងការរង បាន​បញ្ជាក់ទៀតថា កាលពី​អំឡុង​ប៉ុន្មាន​ឆ្នាំ​មុន ស្ត្រី​សង្ស័យ​រូប​នេះ​ធ្លាប់បាន ធ្វើ​សកម្មភាព​លក់​ព្រហ្ម​ចារី កូនស្រី​បង្កើត​ខ្លួន​ឯង​ម្នាក់​ឈ្មោះ សុធា ស្រី​នាង អាយុ​១៤​ឆ្នាំ នៅ​ខេត្ត​បាត់ដំបង​។ ក្រោយ​លក់​ព្រហ្មចារី​កូនស្រី​បាន​មួយ​សប្តាហ៍ ស្ត្រី​រូប​នេះ​បាន​នាំ​នាង​ទៅ​បម្រើ​បន​ស្រី​មួយ​កន្លែង​ទៀត នៅ​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ដោយ​រូបគាត់​ជា​អ្នក​ហៅ​ម៉ូយ និង​ជា​អ្នក​យក​លុយ​ដោយ​ខ្លួន​ផ្ទាល់ ហើយ​ក្នុង​១​ថ្ងៃៗ នាង​ត្រូវ​កំដរ​ភ្ញៀវ​ចាប់ពី​៥​ទៅ​៦​នាក់ ដែល​បាន​ចូល​រួមភេទ​ជាមួយ​នាង​។ ក្រោយមក នាង​បាន​រត់ចេញ​ពី​បន ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​។​

​បើ​តាម​លោក​ស្រី​ស្នងការរង បាន​សម្រង់​ចម្លើយ​នារី ជា​កូនស្រី​ដែល​រងគ្រោះ​ទាំង​៣​នាក់​នេះ ឲ្យដឹងទៀតថា ដោយសារ​តែ​អត់​ទ្រាំ​នឹង​ការកៀបសង្កត់​នេះ​មិន​បាន នារី​ជា​កូន​បាន​រត់គេច ខ្លួន​រសាត់អណ្តែត​រហូត​បាន​ទៅ​យក​ប្តី​នៅ​ប្រទេស​ចិន មួយរយៈ​។ ក្រោយ​ពី​ស្ត្រី​ជា​ម្តាយ បានដឹង​ថា​កូនស្រី​ដែល​គេចខ្លួន បាន​ទៅ​យក​ប្តី​នៅ​ប្រទេស​ចិន ស្ត្រី​រូប​នេះ​បាន​បោក​បញ្ឆោត កូនស្រី​របស់​ខ្លួន​ចំនួន​២​នាក់​ទៀត ដោយ​ម្នាក់​មាន​អាយុ​២៣​ឆ្នាំ និង​ម្នាក់​ទៀត​មាន​អាយុ​២០​ឆ្នាំ ខណៈ​នាង​នៅ​ជា​សិស្ស​នៅ​ឡើយ ដោយ​គំរាម​ឲ្យ​នាង​ឈប់រៀន និង​បាន​បញ្ឆោត​នាង ក្លែង​ឯកសារ​រត់ការ តាម​ខ្សែបណ្តាញ​ឲ្យ​នាង​ទៅ​យក​ប្តី នៅ​ប្រទេស​ចិន ដោយ​ខុសច្បាប់​បន្តទៀត​។​

​បើ​ទោះបីជា​កូនៗ ដែល​បាន​ទៅ​យក​ប្តី​នៅ​ប្រទេស​ចិន​ដោយ​ខុសច្បាប់ និង​ដោយ​អត់ទ្រាំ​នឹង​ទង្វើ​ធ្វើបាប​ពី​ប្តី​ជនជាតិ​ចិន​មិនបាន ពួកគេ​ទាំង​២​នាក់​បាន​រត់​មក​ស្រុក​ខ្មែរ​វិញ តែ​ត្រូវ​ស្ត្រី​ជា​ម្តាយ​រូប​នេះ​បង្ខំ និង​បោក​បញ្ឆោត​យកទៅ​លក់​បន្ត​។ រហូត​ជា​លើកចុងក្រោយ ក្រោយ​ពី​នគរបាល​ជំនាញ បាន​ចុះ​ស្រាវជ្រាវ​លើ​បណ្តឹង​ការជួញដូរ​មនុស្ស និង​កន្លែង​ឯកសារ​ឲ្យទៅ​យក​ប្តី នៅ​ក្រៅ​ប្រទេស​ដោយ​ខុសច្បាប់ ក៏​បាន​ឃាត់ខ្លួន​ស្ត្រី​ជា​មេខ្លោង​រូបនេះ មក​សាកសួរ ទើប​មាន​នារី​ធ្លាប់​រងគ្រោះ​ទាំង​៣​នាក់ ដែល​ជា​កូនបង្កើត ស្ម័គ្រចិត្ត​ខ្លួន​ចូលមក​បំភ្លឺ​ជាមួយ​នគរបាល ដើម្បី​បក​អ​ក្រា​ត​រឿង​ម្តាយ​លក់​កូនស្រី​នេះ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×