Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ការលើកកម្ពស់​ប្រសិទ្ធភាព​ថាមពល​គឺជា​កត្តា​ចម្បង​មួយ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​

spot_img

​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​(​ក​.​ជ​.​អ​.​ច​.) នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២២ ខែតុលា ឆ្នាំ​២០១៨ បាន​ចាត់ទុកថា ការលើកកម្ពស់​ប្រសិទ្ធភាព​ថាមពល គឺជា​កត្តា​ចម្បង​មួយ​ដែល​អាច​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បញ្ចេញ​កាបូន​ក្នុង​កម្រិត​ទាប​នៅ​កម្ពុជា​។

​លោក រដ្ឋមន្ត្រី​បាន​ថ្លែង​ដូចនេះ នៅក្នុង​ពិធី​បើក «​សន្និសីទ​ស្តីពី​ការលើកកម្ពស់​ប្រសិទ្ធភាព​ថាមពល​ក្នុងប្រទេស​កម្ពុជា​៖ ជំហាន​គន្លឹះ​ឆ្ពោះទៅរក​កំណើន​សេដ្ឋកិច្ច​ដោយ​ចីរភាព​» នៅ​សណ្ឋាគារ​រ៉ា​ហ្វ​ល​ឡឺ​រូ​យ៉ាល់ រាជធានី​ភ្នំពេញ ដែល​រៀបចំ​ដោយ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព សហការ​ជាមួយ​រដ្ឋាភិបាល​ស៊ុយអែត និង​កម្មវិធី​សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា (CCCA)​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក រដ្ឋមន្ត្រី និង​ជា​ប្រធាន​ក​.​ជ​.​អ​.​ច​. បានស្នើ​បង្កើន​ការអប់រំ​ផ្សព្វផ្សាយ​ទៅកាន់​អ្នកប្រើប្រាស់​ថាមពល​ទាំង​អស់ ទាំង​នៅ​កម្រិត​បុគ្គល គ្រួសារ សហគ្រាស សហគមន៍ និង​សង្គមជាតិ​ទាំងមូល ក្នុងន័យ​ផ្លាស់ប្តូរ​ឥរិយាបថ​ឱ្យ​ងាក​មក​យក​ចិត្ត​ទុកដាក់​លើ​ការលើកកម្ពស់​ប្រសិទ្ធភាព​ថាមពល ដែល​នឹង​ធ្វើឱ្យ​ពួក​គាត់​អាច​កាត់បន្ថយ​ចំណាយ និង​បង្កើន​អត្ថប្រយោជន៍​បាន​ច្រើន​ជាង​មុន​។​

​លោក រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ការបង្កើន​ប្រសិទ្ធភាព​ថាមពល​មិនមែន​មានន័យថា​ត្រូវ​កាត់បន្ថយ​សកម្មភាព​អភិវឌ្ឍន៍ បន្ថយល្បឿន​នៃ​កំណើនសេដ្ឋកិច្ច ឬ​កាត់​បន្ថយ​គុណភាព​ជីវិត​របស់​ប្រជាពលរដ្ឋ​ឡើយ​។ ផ្ទុយទៅវិញ វា​ជា​កត្តា​ដ៏​ចាំបាច់​ដើម្បី​ធានាបាន​នូវ​ការអភិវឌ្ឍ​ដោយ​ចីរភាព ដែល​ជា​មាគ៌ា «​ឈ្នះ​-​ឈ្នះ​» សម្រាប់​យើង​ទាំងអស់គ្នា​៖ ឈ្នះ​សម្រាប់​អ្នកប្រើប្រាស់ ឈ្នះ​សម្រាប់​ធុរកិច្ច​និង​អ្នក​វិនិយោគ ឈ្នះ​សម្រាប់​បរិស្ថាន ឈ្នះ​សម្រាប់​ការប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ឈ្នះ​សម្រាប់​សន្តិសុខ​ថាមពល​។​

​ឯកអគ្គរាជទូត​ប្រទេស​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា លោកស្រី ម៉ា​រៀ សា​ហ្ក្រេ​ន ក៏​បាន​ឱ្យដឹងថា​ប្រសិទ្ធភាព​ថាមពល គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​ឆ្លើយតប​នឹង​ទិសដៅ​របស់​កម្ពុជា​ដើម្បី​សម្រេចបាន​កំណើន​ប្រកបដោយ​ចីរភាព​។ រាជរដ្ឋាភិបាល​ស៊ុយអែត ក្នុងអំឡុង ៣០​ឆ្នាំ​ចុងក្រោយ​នេះ បាន​ធ្វើ​ការកែលម្អ​យ៉ាងខ្លាំង​ទាំង​ការលើកកម្ពស់​ថាមពល​កកើត​ឡើងវិញ និង​កែលម្អ​ប្រសិទ្ធភាព​ថាមពល ក្នុង​ខណៈ​ដែល​ត្រូវ​សម្រេច​ឱ្យបាន​នូវ​កំណើន​សេដ្ឋកិច្ច​។​

​លោក នី​ក ប៊ែ​រេ​សហ្វ​ត នាយក​ប្រចាំ​ប្រទេស​របស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(UNDP) បាន​គូសបញ្ជាក់​ពី​កិច្ច​គាំទ្រ​របស់​UNDP​ចំពោះ​រាជរដ្ឋាភិបាល ថា​UNDP​កន្លងមក​បាន​ធ្វើការ​ជាមួយ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល តាំងពី​ឆ្នាំ​២០១២ ក្រោម​គម្រោង​ឈ្មោះ ថាមពល​ចីរភាព​សម្រាប់​ទាំងអស់គ្នា (Sustainable Energy for ALL: SE4ALL) ដើម្បី​គាំទ្រ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ទៅលើ​ការទទួលបាន​ថាមពល ប្រសិទ្ធភាព​ថាមពល និង​ថាមពល​កកើត​ឡើងវិញ ហើយ​បច្ចុប​ន្ប​ន្ន​ក៏​កំពុង​ធ្វើការ​ជាមួយ​ក​.​ជ​.​អ​.​ច​. ដើម្បី​គាំទ្រ​វិស័យ​ថាមពល​និង​ឧស្សាហកម្ម​ក្នុង​ការលើកកម្ពស់​វិធានការ​ថាមពល​ឆ្លើយតប​នឹង​អាកាសធាតុ​ដោយ​រួម​បញ្ចូល​ទាំង​ថាមពល​ពន្លឺព្រះអាទិត្យ​។​

​សិក្ខាកាម​សរុប​ប្រមាណ​១៥២​នាក់ ក្នុងនោះ​ស្ត្រី​៣៦​នាក់ ជា​វាគ្មិន​ជាតិ និង​អន្តរជាតិ និង​តំណាង​ក្រសួង​ស្ថាន​ប័ន​រដ្ឋ ស្ថាប័ន​សិក្សា ស្រាវជ្រាវ វិស័យ​ឯកជន សង្គម​ស៊ីវិល បាន​ពិភាក្សា​អំពី​ការអនុវត្ត​ល្អៗ និង​ឧបករណ៍​នានា​ដែល​ជំរុញ​គំនិត​ផ្តួចផ្តើម​នាំឱ្យមាន​ប្រសិទ្ធភាព​ថាមពល​ក្នុងប្រទេស​កម្ពុជា និង​បង្កើន​ល្បឿន​នៃ​ការផ្លាស់ប្តូរ​របស់​កម្ពុ​ជា​ទៅ​រក​គំរូ​នៃ​ការអភិវឌ្ឍ​នានា​សម្រាប់​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

       

spot_img
×