Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ៖ ដោយសារ​តែ​សង្គ្រាម នៅតែ​បន្តធ្វើឲ្យ​ប្រជាជន​រងទុក្ខវេទនា​ជា​បន្ត​បន្ទាប់ ទើប​ស្វែងរក​សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ​

spot_img

​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​សិស្ស​និស្សិត ខ្មែរ មក​ពី​សហគមន៍​អឺរ៉ុប​នេះ ប្រធានបទ​សំខាន់​ដែល​សម្ដេច​តេជោ​មានប្រសាស​ន៍​លើកឡើង​នោះ គឺ​ទាក់ទង​ទៅ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ពីព្រោះ​ថ្ងៃនេះ​ជា​ថ្ងៃ​ខួប​លើក​ទី 27 នៃ​កិច្ច ព្រមព្រៀង​សន្តិភាព​ប៉ារីស ដោយ​សម្តេច​តេជោ មានប្រសាសន៍ថា ដោយសារ​តែ​សង្គ្រាម នៅតែ​បន្ត ធ្វើឲ្យ​ប្រជាជន​រងទុក្ខវេទនា​ជា​បន្ត​បន្ទាប់ ទើប​ស្វែងរក​សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ​។​

​នៅ​រាត្រី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ និង​សិស្ស និស្សិត មកពី​បណ្ដា​ប្រទេស​ក្នុង​សហគមន៍​អ៉ឺរ៉ុប ដែល​ពិធី​នេះ​ធ្វើឡើង​នៅ ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស​។ ប្រជាពលរដ្ឋ និង​សិស្ស​និស្សិត​ដែល​មាន​វត្តមាន​នៅ ទីនេះ​គឺ​ពិតជា​មាន​សេចក្តី​សោមន្ស​រីករាយ​ជា​អនេក​ក្នុង​ការជួប​ប្រាស្រ័យ​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ពិសេស​ពួកគាត់​បាន​បង្ហាញ​នូវ​បេះដូង​គោរព​ស្រឡាញ់ គាំទ្រ​ដោយ​ស្មោះ​ចំពោះ​សម្តេច​តេជោ នាយករដ្ឋមន្ត្រី​ដោយ​បាន​ធ្វើដំណើរ​មក​ជួប​សម្តេច​ដោយ​ផ្ទាល់​នៅ​ទីនេះ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ពិតជា​រីករាយ​ដែល​បាន​ជួប​បងប្អូន​ពលរដ្ឋ​ខ្មែរ​នៅ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​នេះ និង​ពិតជា​សប្បាយរីករាយ​ពេល​ដែល​ឃើញ​ពលរដ្ឋ​ខ្មែរ និង​ក្មួយៗ ចៅៗ មក​គាំទ្រ​សម្តេច​យ៉ាងច្រើន​កុះករ បែបនេះ​។

​នៅក្នុង​ពិធី​សំណេះសំណាល​នេះ​ប្រធានបទ​សំខាន់​ដែល​សម្ដេច​តេជោ​មានប្រសាស​ន៍​លើកឡើង​នោះ​គឺ​ទាក់ទង​ទៅ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ពីព្រោះ​ថ្ងៃនេះ​ជា​ថ្ងៃ​ខួប​លើក​ទី 27 នៃ​កិច្ច ព្រមព្រៀង​សន្តិភាព​ប៉ារីស​(23​តុលា​1991-23​តុលា 2018)​សម្តេច​តេជោ នាយករដ្ឋមន្ត្រី​បាន​រំលឹក​ទាក់ទង​ទៅនឹង​ប្រវត្តិ​នៃ​ការកើតឡើង​នៃ​កិច្ចព្រមព្រៀង​ថ្ងៃ 23 តុលា​យ៉ាង​ដូច្នេះ​៖ សម្តេច​បាន​មានប្រសាសន៍ថា ដោយសារ​តែ​សង្គ្រាម នៅតែ​បន្ត ធ្វើឲ្យ​ប្រជាជន​រងទុក្ខវេទនា​ជា​បន្ត​បន្ទាប់​។ ក្នុង​គោលបំណង​ស្វែង រក​សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ​សម្តេច​ក៏​បាន​ស្វែងរក​នូវ​ដំណោះស្រាយ​នយោបាយ​មួយ​។​

​នៅ​ឆ្នាំ​១៩៨៤​នៅពេល​ដែល​សម្តេច​តេជោ ស្ថិតនៅ​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស គឺ​មាន​ការរៀបចំ​ជំនួប​រវាង​សម្តេច​តេជោ និង​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដែល​ជួយ​រៀបចំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការ បរទេស​បារាំង​នាពេលនោះ​។ ប៉ុន្តែ​ជំនួប​នេះ​ត្រូវបាន​អាក់ខាន អាស្រ័យ​ដោយ​ប្រទេស​មួយចំនួន និង​ក្រុម ខ្មែរក្រហម​ជំទាស់​។ ការខិតខំ​លើក​នេះ​ប្រើ​រយៈពេល​វែង​បង្គួរ ដោយ​មាន​ការ​ជ្រោមជ្រែង​ពី​មិត្តភក្តិ​បរទេស និង​ឥស្សរជន ខ្មែរ​មួយចំនួន ក្នុងនោះ លោកស្រី ពុង ឈីវហ្កិច បច្ចុប្បន្ន​ជា​ប្រធាន​អង្គការ​លីកាដូ ជា​អ្នក​ប្រឹងប្រែង​ខ្លាំង​ជាង​គេ ក្នុង​ទំនាក់ទំនង​រវាង​សម្តេច​តេជោ ជាមួយ​សម្តេច​ព្រះ​នរោត្តម សីហនុ ពេល​ចរចា​នៅ​ទីក្រុង​ប៉ារីស​។ សម្តេច​តេជោ​បន្តថា ការ ចាប់ផ្តើម​ការចរចា​ដំបូង គឺ​នៅ​ថ្ងៃទី ២ ខែ​ធ្នូ ឆ្នាំ​១៩៨៧ នៅ FERE-EN-TARDENOIS នៅ​ប្រទេស​បារាំង ដែល​ការចរចា​នេះ​មាន​សេចក្តីប្រកាស​រួម ដែល​ឡាយព្រះហស្តលេខា​ដោយ​សម្តេច​ព្រះ​នរោត្តម សីហនុ និង​សម្តេច​តេជោ (​ជំនួប​ចរចា សីហនុ​-​ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី ២-០៤ ខែ​ធ្នូ ឆ្នាំ ១៩៨៧)​។ ការចរចា សីហនុ​-​ហ៊ុន សែន លើក​ទី ២ ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃទី ២០-២១ ខែ មករា ឆ្នាំ ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេស​បារាំង​។​

​ចាប់ផ្តើម​ពី​ជំនួប​បើកផ្លូវ​រវាង សីហនុ​-​ហ៊ុន សែន ទាំង​ពីរ​លើក ចរន្ត​ស្វែងរក​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​កាន់តែ​រីកធំឡើង​វេទិកា​ចរចា​ត្រូវបាន​ពង្រីក​រវាង​ភាគី​កម្ពុជា​និង​មាន​ការចូលរួម​ពី​សំណាក់​ប្រទេស​មួយ​ចំនូ​ន​។​ដើម្បី​ធ្វើការ​ជាមួយ​សម្តេច ព្រះ​នរោត្តម​សីហនុ ពេលនោះ​គឺ​តាម​តាមរយៈ​ការរៀបចំ​ឡើង​នូវ​ក្រុម ប្រឹក្សាជាតិ​ជាន់ខ្ពស់ ហៅថា អេស អិន ស៊ី (SNC) ដែល​ចែកចេញ​ជា ៣ ដំណាក់កាល​ទៀត​។​

​ជាថ្មី​ម្តងទៀត សម្តេច​តេជោ និង​សម្តេច​ព្រះ​នរោត្តម សីហនុ បាន​ខិតខំ​សារជាថ្មី នៅ​ថ្ងៃ​ទី ០២ និង​ថ្ងៃ​ទី ០៤ ខែ មិថុនា ឆ្នាំ ១៩៩១ នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី​បាន​ព្រមព្រៀង​គ្នា​ជាសម្ងាត់ ដោយ​សម្តេច ព្រះ​នរោត្តម សីហនុ​, សម្តេចម៉ែ​, រាជវង្សានុវង្ស នឹង​យាង​មក​រួមរស់​ជាមួយ​រដ្ឋ​កម្ពុជា ដោយ​រក្សា​ទុក​នូវ​រដ្ឋ​ធម្មនុញ្ញ​, ទង់ជាតិ​, ភ្លេងជាតិ​របស់​រដ្ឋ​កម្ពុជា​, សម្តេច ហេង សំរិន នៅតែ​ជា​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋ សម្តេច ជា ស៊ីម នៅតែ​ជា​ប្រធានរដ្ឋសភា ឯ​សម្តេច​ហ៊ុន សែន នៅតែ​ជា​នាយករដ្ឋមន្ត្រី​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​បន្តទៀតថា អ្វីៗ​ស្ថិតនៅ​ក្នុង​ស្ថានភាព​ល្អ​ប្រសើរ ការប្រជុំ​ក្រុមប្រឹក្សា​ជាតិ ជាន់ខ្ពស់ បូក​ប្រទេស​ធំ​ទាំង ៥ សហប្រធាន សន្និសីទ​ទីក្រុង​ប៉ារីស ដែល​មាន​បារាំង និង​ឥណ្ឌូនេស៊ី ព្រមទាំង​តំណាង​ពិសេស​របស់​អគ្គលេខា​អង្គការ​សហ​ប្រជាជាតិ​បាន​បន្ត​ធ្វើ​ពី​ថ្ងៃ​ទី ២៦-៣០ ខែ​សីហា ឆ្នាំ ១៩៩១ នៅ​ប៉ា​តា​យ៉ា ប្រទេស​ថៃ​។ អ្វីៗ​ដូច​ការគ្រោងទុក​ពេល​បើក​អង្គប្រជុំ សម្តេចព្រះ​នរោត្តម សីហនុ បាន​ប្រាប់​អង្គប្រជុំ​ថា ប្រទេស​ធំ​ទាំង ៥ មាន បំណង​ឱ្យ​ភាគី​កម្ពុជា​រំសាយ​កងទ័ព ៧០​ភាគរយ ដូច្នេះ ប្រធានបទ​លើ​ការឈប់​បាញ់ និង​រំសាយកងទ័ព​ត្រូវបាន​ដោះស្រាយ​នៅ​ប៉ា​តា​យ៉ា ប្រទេស​ថៃ​។ ទាក់ទង​ទៅ​នឹង​ប្រព័ន្ធ​បោះឆ្នោត ពង្រៀង​ប្រទេស​ធំ​ទាំង ៥ គឺ​ប្រព័ន្ធ​សមាមាត្រ​ទូទាំងប្រទេស ឯ​ភាគី​រដ្ឋ​កម្ពុជា​ស្នើ ឡើង​នូវ​ប្រព័ន្ធ​ឯកត្តនាម​។ ចំណុច​នេះ មិន​ត្រូវបាន​ដោះស្រាយ​នៅ​ទីក្រុង​ប៉ា​តាយ៉ា​ទេ គឺ​សម្តេច​តេជោ​បាន​មក​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​នៅក្នុង​ប្រទេស​ហើយ​សម្រេច​ស្នើឡើង​នូវ​រូបមន្ត​ប្រព័ន្ធ​សមាមាត្រ​តាម​ខេត្ត​ហើយ​ត្រូវបាន​ភាគី​ទាំងអស់​យល់ព្រម​នៅ​ទីក្រុង​ញូវយ៉ក​ពេល​ប្រជុំ​អង្គការសហប្រជាជាតិ ចាប់ពី​ថ្ងៃ ១៤-២១ ខែ​កញ្ញា ឆ្នាំ ១៩៩១​។ ប្រព័ន្ធ​សមាមាត្រ​តាម​ខេត្ត​កំពុង​ប្រើប្រាស់ សម្រាប់​ការបោះឆ្នោត ជ្រើសរើស​តំណាងរាស្ត្រ​រហូត ដល់​សព្វថ្ងៃនេះ​។ សម្តេច​តេ​ជោបាន​បន្តទៀ​ត​ថា អ្វីៗ​ដែល​ត្រូវ​ដោះស្រាយ​រួចរាល់ គឺ​នៅ​ពេល ដែល អេស​អ៊ិន​ស៊ី​(SNC) ចូល​កាន់កាប់​អង្គការសហប្រជាជាតិ ក្នុង​ខែ កញ្ញា ឆ្នាំ ១៩៩១ រាប់​ទាំង​កំណត់​យក ថ្ងៃទី ២៣ តុលា ឆ្នាំ ១៩៩១ ជា​ថ្ងៃ​ចុះហត្ថលេខា​នៅ​ទីក្រុង​ប៉ារីស​ផងដែរ​។​

​យើង​បាន​ឆ្លងកាត់​ដំណាក់កាល​សង្គ្រាម​ទាំងស្រុង ដំណាក់កាល​វាយ​ផង ចរចា​ផង និង​ដំណាក់ កាល​សន្តិភាព​ទាំង​ស្រុង​។ អ្វី​ដែល​កិច្ចព្រមព្រៀង​ប៉ារីស​ចង់បាន តែ​អ៊ុនតាក់​មិន​អាច​សម្រេចបាន គឺ​នៅ​ពេល​ដែល​អ៊ុនតាក់​ដកចេញ បាន​បន្សល់​ទុក​អោយ​កម្ពុជា​មាន​តំបន់​ត្រួតត្រា​ពីរ និង​រដ្ឋាភិបាល​ពីរ​។ ជម្រើស​ចុង​ក្រោយ​សម្រាប់​សន្តិភាព​ទាំងស្រុង​នៅ​កម្ពុជា​គឺ​ការ​ដាក់​ចេញ​និង​អនុវត្ត​នូវ​នយោ​បាយ​​ឈ្នះៗ​ដែល​បាន​អនុវត្ត​ដ៏​ជោគជ័យ​ពី​ឆ្នាំ ១៩៩៦-១៩៩៨​។ ចំណុច​សំខាន់​៣​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ ​៖

១) ការធានា​ដល់​អាយុជីវិត និង​សុវត្ថិភាព​របស់​អតីត​គូបដិបក្ស

២) ការផ្តល់​ការងារ និង​អាជីព​ដល់​អ្នក​ដែល​បាន​ដាក់អាវុធ

៣) ការទទួលស្គាល់​កម្មសិទ្ធិ​លើ​ទ្រព្យ ជា​ពិសេស​ដី និង​អគារ​ដែល​ពួកគេ​កាន់កាប់​។ នេះ​ជា​សន្តិភាព​ដែល​ជន​ជាតិ​កម្ពុជា​បានរួម​គ្នា​បង្កើតឡើង​ដោយ ខ្លួនឯង គ្មាន​អ្នកឈ្នះ គ្មាន​អ្នកចាញ់ និង​ឯកភាព​ជាតិ ឯកភាព​ទឹកដី ជា​លើកដំបូង​ក្នុង​ប្រវត្តិ​ជាង ៥០០ ឆ្នាំ ដែល​កម្ពុជា​ជា​ប្រទេស​មួយ មាន​តំបន់​ត្រួតត្រា​មួយ មាន​រដ្ឋធម្មនុញ្ញ​មួយ មាន​មហាក្សត្រ​មួយ មាន​រាជរដ្ឋាភិបាល​តែមួយ មាន​កម្លាំង​ប្រដាប់អាវុធ​តែ​មួយ គ្មាន​ការបែងចែក ដែល​យើងទាំងអស់គ្នា​ត្រូវ​រួម​គ្នា​រក្សា នូវ សន្តិភាព​នេះ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​ប្រាប់​បងប្អូន​ខ្មែរ​នៅ​ក្រៅ​ស្រុក​ដែល​បាន​ចូលរួម​ដំណើរការ​ប្រជាធិបតេយ្យ​តាមរយៈ​ការ​អំពាវនាវ​ឲ្យ​ពលរ​ដ្ឋ​ទៅ​បោះឆ្នោត​។ ការបោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ការជ្រើសរើស​ដ៏​ត្រឹមត្រូវ​មានន័យថា​ជា​ការ​បោះឆ្នោត​ជ្រើសរើស​យក​នូវ​សុខសន្តិភាព ការអភិវឌ្ឍ និង​បន្តរ​រក្សា​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ជីដូន​ជីតា​របស់​ខ្លួន​។ ក្នុងឱកាស​នោះ​ផង​ដែរ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏ ពាន​ផ្ដល់ជូន​នូវ​សៀវភៅ​ចំនួន​ពីរ​ក្បាល គឺ​សៀវភៅ​បណ្ឌិត អ៊ូ ចុង និង​សៀវភៅ​ភិរម្យ​អ៊ូ​(​ក្រម​ង៉ុយ​)​ចែកជូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​សិស្ស​និស្សិត​ដែល​បាន​ចូលរួម​នៅក្នុង​ឱកាស​នោះ​ផងដែរ​។​

​មុន​នឹង​បញ្ចប់​ពិធី​សំណេះសំណាល​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ជូនពរ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​បណ្តា​ប្រទេស​ប៉ែក​អឺរ៉ុប​ទាំងអស់ សូម​ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើន និង​ប្រកប​របរ​ទទួល​ទា នន​មានបាន​គ្រប់ៗ​គ្នា​ផង​ដែរ​៕ ដោយ​៖​កូឡាប​

 

spot_img
×