Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំ​ផ្សព្វផ្សាយ​ពង្រឹង​វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​រវាង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ និង​វិស័យ​ឯកជន​ក្នុង​ខេត្ត​ស្វាយរៀង​

spot_img

​ខេត្ត​ស្វាយរៀងៈ ​លោក ម៉ែន វិបុល អភិបាលខេត្ត ស្វាយរៀង​និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ពុធ ១៥​កើត ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​មានប្រសាសន៍ថាៈ​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ពុំមែន​ជា​កិច្ចការ​ផ្ដាច់មុខ​របស់​អ្នកណា​ម្នាក់​នោះ​ទេ ជា​ការងារ​សរុប ជា​ការងារ​រួម ដែល​ទាមទារ​ឲ្យមាន​ការចូលរួម​ពី​គ្រប់​សមាសភាព​ពាក់ព័ន្ធ​ទាំងអស់ ទាំង​រដ្ឋ និង​ឯកជន ទើប​ការងារ​នេះ អាច​សម្រេច​ទៅ​បាន​ដោយ​រលូន និង​ទទួលបាន​លទ្ធផល​ជោគជ័យ ហើយ​ប្រសិនបើ​ខ្វះ​ការចូលរួម​ដោយ​ពេញលេញ​ពី​ភាគី​ណាមួយ​នោះ ទាំង​រដ្ឋ​ក្ដី និង​ឯកជន​ក្ដី នោះ​នឹង​ធ្វើឲ្យ​យើង​ពិតជា​មាន​ការលំបាក​ក្នុង​ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន ដែល​ធ្វើឲ្យ​បញ្ហា​នេះ ក៏​នៅតែ​ជា​ជំងឺ​មហារីក​ដែល​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​ទៅ​ដល់​យុវជន និង​ប្រជាជន ក៏​ដូចជា​ប្រទេសជាតិ​របស់​យើង ។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​ដូច្នេះ​ខណៈដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ពង្រឹង​វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​រវាង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ និង​វិស័យ​ឯកជន​ក្នុង​ខេត្ត​ស្វាយរៀង​។

​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​នា​សាលប្រជុំ​ធំ អគារ ឃ សាលាខេត្ត​ស្វាយរៀង ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួួ​ម​ផងដែរ​ពី​សំណាក់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​តំណាង​ប្រធាន​សាលាដំបូង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោកស្នងការ ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព អភិបាលក្រុង ស្រុក អធិការនគរបាល មេឃុំ ចៅសង្កាត់ នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល ប្រធាន​ទីស្នាក់ការ​ព្រំដែន​ទាំង​៨ កងកម្លាំង ព្រមទាំង​តំណាង​ម្ចាស់​កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ​ដែល​មាន​មូលដ្ឋាន​ក្នុង​ខេត្ត សរុប​ប្រមាណ ៤៣០​នាក់ ។​

លោក ម៉ែន វិបុល អភិបាលខេត្ត ស្វាយរៀង​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ហើយ​បច្ចុប្បន្ន​កំពុង​អនុវត្ត​នៅក្នុង​ដំណាក់កាល​ទី​៣ ដែល​លោក​សូម​សម្ដែង​នូវ​ការកោតសរសើរ និង​អរគុណ ចំពោះ​ការចូលរួម​សហកា​រយ៉ា​ង​ល្អប្រសើរ​របស់​អស់លោក លោកស្រី​ដែល​ជា​ម្ចាស់​អាជីវកម្ម​ទាំងអស់ ជាមួយនឹង​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​នៅ​ក្នុង​ខេត្ត​នា​ពេលកន្លងមក ដោយ​បាន​ធ្វើឲ្យ​ការអនុវត្ត​ផែនការ​យុទ្ធនាការ​នេះ នៅ​គ្រប់​ដំណាក់កាល ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ ទាំង​លើ​ការងារ​ផ្សព្វផ្សាយ​អប់រំ វិធានការ​រដ្ឋបាល និង​ការងារ​អនុវត្ត​ច្បាប់ ។​

​ជាមួយនេះ លោក​អភិបាលខេត្ត ក៏​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​ម្ចាស់​ទីតាំង​ផ្ទះសំណាក់ សណ្ឋាគារ ផ្ទះជួល និង​ខារ៉ាអូខេ ចំនួន ១៥៤​ទីតាំង នៅក្នុង​ខេត្ត ដែល​បាន​សហការ​ចុះកិច្ចសន្យា​ស្ដីពី​កិច្ច​សហការ​ប្រយុទ្ធប្រឆាំង​បទល្មើស​គ្រឿងញៀន ជាមួយ​ស្នងការដ្ឋាន​នគរបាល​ដ្ឋា​ន​ខេត្ត​រួចហើយ និង​សូម​ស្នើ​ដល់​ម្ចាស់​ទីតាំង​អាជីវកម្ម​ទាំងអស់​ដែល​មិន​ទាន់​បាន​ចុះកិច្ចសន្យា សូម​ចូលរួម​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​អនុវត្ត​កិច្ចការ​នេះ ឲ្យបាន​ល្អ​ប្រសើរ និង​ទទួលបាន​លទ្ធផល​ជោគជ័យ ។​

​លោក​អភិបាលខេត្ត បានធ្វើការ​ក្រើនរំលឹក​ដល់​គ្រប់​សមាសភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​ជំរុញ​ការផ្សព្វផ្សាយ​អប់រំ និង​ការអនុវត្ត​វិធានការ​រដ្ឋបាល​ឲ្យបាន​កាន់តែ​សកម្ម និង​ផុលផុស​ថែម​ទៀត និង​ស្នើ​ដល់​ម្ចាស់​កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ក្លឹប​រាត្រី ខារ៉ាអូខេ ទាំងអស់​ត្រូវ​ចូលរួម​សហការ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ជាមួយ​កម្លាំង​សមត្ថកិច្ច ដោយ​មិនត្រូវ​មាន​ការ​លាក់បាំង​ព័ត៌មាន​ណាមួយ​នោះទេ ហើយ​ក្នុង​ករណី​មាន​ការសង្ស័យថា​មាន​ករណី​ជួញដូរ ចែកចាយ ឬ​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ទីតាំង​អាជីវកម្ម​របស់​ខ្លួន សូម​រាយការណ៍​ជូន​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត​ឲ្យបាន​ឆាប់​ដើម្បី​មាន​វិធានការ​បង្ក្រាប​ឲ្យបាន​ទាន់​ពេលវេលា ៕​វ៉ៃ​គោ​

 

spot_img
×