Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពលរដ្ឋ​ជិត​១០០០​នាក់ នៅ​ឃុំ​២​ធ្នូ មាន​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចំការកៅស៊ូ​មេមត់ ស្នើ​សម្តេច​តេជោ ជួយ​អន្តរាគមន៍​

spot_img

​ភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​ជិត​១០០០​នាក់ នៅ​ភូមិ​ជើង​ខ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ នា​ព្រឹក​ថ្ងៃទី​២៤​ខែតុលា ឆ្នាំ​២០១៨​នេះ បាន​នាំគ្នា​ឡើង​មក​តវ៉ា​រឿង​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ចំការកៅស៊ូ​មេមត់ ដើម្បីឲ្យ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជួយ​ដោះស្រាយ​។

​ប្រជាពលរដ្ឋ​មក​តវ៉ា​ទាមទារ​ដីធ្លី​របស់​ពួកគាត់ នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ។ ​ហើយ ក៏​មាន​ប៉ះទង្គិច​គ្នា រវាង​សមត្ថកិច្ច​ក្រុម​សណ្តាប់ធ្នាប់​ខណ្ឌ​ចំការមន ជាមួយ​ក្រុមអ្នកតវ៉ា បណ្តាលឲ្យ​ស្ត្រី​ម្នាក់​សន្លប់ ។​

​លោក​តូច តុល ជា​តំណាង​ប្រជាពលរដ្ឋ បាន​និយាយថា ពួក​ខ្ញុំ​ជាច្រើន​នាក់ បាន​នាំគ្នា​មក​នេះ​ដើម្បី​ស្នើសុំ​ដល់​សម្តេច​តេជោ ហ៊ុន សែន ​ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ចំការកៅស៊ូ​មេមត់ ឲ្យ​ប្រគល់​ដី​ជូន​ពួក​ខ្ញុំ​វិញ ដែល​បាន​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​២០១៤​។

​ហើយ​ប្រសិនបើ​ចែក​ជូន​ពួក​ខ្ញុំ​ខ្លះ​កុំ​អត់​ទទេ​ពេក ហើយ​ពួក​ខ្ញុំ​ម្នាក់ៗ​មាន​ដី​៤ ឬ​៥ ហិកតា និង​មាន​អ្នកខ្លះ​រហូតដល់​១០​ហិកតា​ហើយ​សូម​ថ្នាក់​ខេត្ត ក្រសួង ប្រគល់ជូន​ដី​២​ហិកតា និង​ដី​ភូមិ ២០​ម៉ែត្រ ក៏​ពួក​ខ្ញុំ​ព្រមយក​ដែរ ​ហើយ​សុំ​ដី​ដែល​ពួក​ខ្ញុំ​ធ្លាប់​រស់នៅ​បង្កបង្កើន​ផល​ពី​មុន ហើយ​ដូរ​ដី​ទៅ​កន្លែង​ផ្សេង ពួក​ខ្ញុំ​អត់​ទៅ​យក​ទេ​។

​តំណាង​ប្រជាពលរដ្ឋ បាន​បន្ថែមថា ដី​នោះ គឺជា​ដី​សាធារណៈ​របស់​រដ្ឋ មិនមែន​ដី​របស់​ក្រុម​ហ៊ុម​ចំការកៅស៊ូ​មេមត់​នោះទេ ​ទើប​ប្រជាពលរដ្ឋ​ច្រើន​នាក់ ធ្វើ​ចំណាកស្រុក​មកពី​ខេត្ត​ផ្សេងៗ ដូចជា ស្វាយរៀង តាកែវ កំពត កំពង់ចាម កំពង់ធំ ជាដើម ​បាន​មក​កាប់​ឆ្ការ​ដាំ​ដំណាំ ហូប​ផ្លែ និង​ធ្វើស្រែ ហើយ​បើ​កាលពី​ឆ្នាំ​២០១៤​នោះ ម្តេច​ក្រុមហ៊ុនចំការកៅស៊ូ​មេមត់ មិន​ថា​ជា​របស់​ខ្លួន​ទៅ ​ហើយ​នៅពេល​ប្រជាពលរដ្ឋ​មក​កាប់​ឆ្ការ​រាន​ដី និង​សង់ផ្ទះ ក៏​មិន​ដេញចេញ ប៉ុន្តែ​ស្រាប់តែ​មក​ដល់​ប្រជាពលរដ្ឋ​កាប់ឆ្ការ​រាន​ដី ដាំ​ដំណាំ ​និង​ធ្វើ​ផ្ទះ​បាន​ល្អ​ស្អាត អស់​រាប់​ដុល្លារ ទើប​មក​ដេញ​ប្រជាពលរដ្ឋ​ចេញ ថា​ជា​ដី​របស់​ខ្លួន​ទៅ​វិញ ក្នុងពេល​មាន​ទំនាស់​គ្នា ក្នុង​ថ្ងៃ​៨​មីនា​ឆ្នាំ​២០១៧ ។ ក្នុងពេលនោះ ក្រុមហ៊ុន​បាន​យ​គ្រឿងចក្រ​មក​កាយ​ដី​ដើម្បី​ធ្វើ​ទំនប់ ហើយ​ប្រជាពលរដ្ឋ​លើកគ្នា​តវ៉ា​រារាំង ​ក៏​កើត​ការផ្ទុះ​ស​រ៉ា​យ ដាក់​កម្លាំង ដុត​ផ្ទះ​ប្រជាពលរដ្ឋ តែម្តង​។ លោក​បាន​បន្តថា ឥឡូវនេះ ក្រុមហ៊ុន​បាន​កម្លាំង​សន្តិសុខ​ការពារ​ដី​នោះ ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅក្នុង​ដី​ទំនាស់​នោះទេ ហើយ​ក្រុមហ៊ុន​ក៏​មិន​ទាន់​ដាំ​ដំណាំ​កៅស៊ូ​ទេ ដោយ​រង់ចាំ​ការដោះស្រាយ​។

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ដី​នោះ មិន​មាន​ឯកសារ​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​នោះទេ ចេះតែ​នាំគ្នា​មក​រស់នៅ​លើ​ដី​នោះ​តាមៗ​គ្នា​ទៅ​។

​ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ មាន​ជម្លោះ​ដីធ្លី​ផ្សេងទៀត ធ្វើដំណើរ​ពី​វត្ត​សាមគ្គី​រង្សី ឆ្ពោះទៅ​កាន់​ភូមិគ្រឹះ​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន ​សែន ក្បែរ​វិមានឯករាជ្យ ប៉ុន្តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​រារាំង​ម្តុំ​ស្ថានទូត​វៀតណាម មុខ​ក្រសួង​ដែនដី​។​

​ក្នុងការ​តវ៉ា​នេះ ប្រជាពលរដ្ឋ​បាន​ធ្វើ​ការបិទផ្លូវ បង្ក​ឲ្យមាន​ការកកស្ទះ​ចរាច​រណ៍ ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក​មាន ចាន់​យ៉ាដា ​អភិបាលរង​សាលា​រាជធានី​ភ្នំពេញ និង​លោក​ព្រំ សំខាន់ អភិបាល​ខណ្ឌ​ចំការមន បាន​ចុះ​ដោះស្រាយ​និង​សម្របសម្រួល ​ដើម្បីឲ្យ​ប្រជាពលរដ្ឋ​តវ៉ា​ឲ្យមាន​របៀបរៀបរយ កុំ​បង្ក​ការរាំងស្ទះ​ដល់​អ្នកដំណើរ​។​

​សូមបញ្ជាក់​ថា ជម្លោះ​រហូត​ផ្ទុះ​ហិង្សា​ដាក់គ្នា​រវាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នូល ខេត្ត​ក្រចេះ ​រហូត​នាំគ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៧៦ ចំនួន​៣​កន្លែង បាន​បណ្ដាល​ឲ្យ​ស្ទះ​ការធ្វើដំណើរ​នា​រសៀល​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០១៨​នេះ​។​

​អំពើហិង្សា​ដែល​ខាង​ប្រជាពលរដ្ឋ​ត្រូវបាន​អាជ្ញាធរ អះអាងថា ប្រើ​កាំបិត ចំ​ពាម​កៅស៊ូ​ប្រើ​គ្រាប់​ដែក និង​កាំភ្លើង​កែច្នៃ រី​ឯ​កម្លាំង​អាជ្ញាធរ ​និង​សមត្ថកិច្ច​មាន​អាវុធ​នៅក្នុង​ដៃ​នោះ បាន​កើតឡើង​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​យ៉ាងខ្លាំង ហើយ​ព្រឹត្ដិការណ៍​នេះ ​បាន​កើត​ឡើង​បន្ទាប់ពី​សមត្ថកិច្ច​ចម្រុះ ក្រោម​ការដឹកនាំ​របស់​លោក ជា សុភ័​ក្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ ចុះ​ទៅ​រុះរើ​សំណង​តូចៗ​របស់​ពួកគាត់ នៅក្នុង​ក្រុមហ៊ុន​ចំការកៅស៊ូ​មេមត់​។ នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច គ្នា​មួយ​ប្រាវ​នេះ ​បណ្ដាលឲ្យ​កម្លាំង​សមត្ថ​កិច្ច​ចំនួន​៧​នាក់​រងរបួស ភាគី​ពលរដ្ឋ​២​នាក់​រងរបួស និង​ពលរដ្ឋ​៧​នាក់​ផ្សេង​ទៀត ​ត្រូវបាន​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​យកមក​សួរ​នាំ​បន្ដ​។ ករណី​នេះ​មាន ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់ ដែល​ជា​ជន​ចំណាកស្រុក​មកពី​ខេត្ត​កំពង់ចាម ខេត្តតាកែវ ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង បាន​ចូល​ទៅ​កាប់​ឆ្ការ​យក​ដី​ក្រុមហ៊ុន ​ចំការកៅស៊ូ​មេមត់ ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​ពី​រាជរដ្ឋាភិបាល​ចំនួន​៩០០០​ហិកតា​។​

​អាជ្ញាធរ​បាន​ជួប​សម្របសម្រួល​ជាមួយ​ពួកគាត់ ដោយ​ពន្យល់​ណែនាំ​ថា ពលរដ្ឋ​ណា​ម្នាក់​អត់​ដី​ពិតប្រាកដ ​អាច​ទៅ​សុំ​បញ្ជាក់​ពី​អាជ្ញាធរ​ដើម​របស់​ខ្លួន រួច​ហើយ​មកជួប​អាជ្ញាធរ ដើម្បី​ស្នើសុំ​រៀបចំ​ដី​សង្គមកិច្ច​ជូន​ពួកគាត់ ​ដោយ​អាជ្ញាធរ​មិន​ទុក​ឲ្យ​ពួក​គាត់អ​ត់​ដីធ្លី​ផ្ទះសំបែង​យ៉ាង​ដូច្នេះ​ឡើយ ពីព្រោះ​បើ​មក​រស់នៅ​ក្នុង​ទឹកដី​ស្នួល គឺ​ជា​ពលរដ្ឋ​របស់​ខ្លួន ហើយក្នុងនាម​ជា​ថ្នាក់​ដឹកនាំ​នៅ​មួលដ្ឋាន នៅ​តែ​រក្សា​ជំហរ​ធ្វើការ​សម្របសម្រួល និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ទាំងនេះ ​ដើម្បី​ឲ្យ​ពួកគាត់​មាន​ដីធ្លី​ពិតប្រាកដ និង​បញ្ឈប់​ឲ្យមាន​សកម្មភាព​កាប់​រុករាន​ដី​ដោយ​ខុស​ច្បាប់​បែបនេះ​តទៅទៀត​៕​ ​ដោយ ​៖ ​កូឡាប​

 

spot_img
×