Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១០​ខែ ដើមឆ្នាំ​២០១៧ មាន​មនុស្ស​ស្លាប់​ជិត​១៥០០​នាក់ ដោយ​គ្រោះថ្នាក់​ចរាចរ​ដែល​កើត​ឡើង​ជិត​៣០០០​លើក​

spot_img

ភ្នំពេញ ៖ របាយការណ៍​អនុគណៈកម្មការ​ត្រួតពិនិត្យ​ការងារ​អនុវត្ត​ច្បាប់ ស្ដីពី ចរាចរណ៍​ផ្លូវគោក បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរ​ណ៍​រយៈពេល​១០​ខែ​នៃ​ឆ្នាំ​២០១៧ បាន​កើតឡើង​ចំនួន​២.៩៥៨​លើក បណ្ដាលឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​១.៤៦៩​នាក់ និង​រងរបួស​ចំនួន ៤.៤៥០​នាក់​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក មាន​ការថយចុះ​តែ​១​ភាគរយ​ប៉ុណ្ណោះ បើ​ប្រៀបធៀប​រយៈពេល​១០​ដំបូង​នៃ​ឆ្នាំ​២០១៦ ។​

​អនុគណៈកម្មការ​ត្រួត ពិនិត្យ​ការងារ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​បាន​បង្ហាញ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ចន្លោះ​ពី​ខែ​មករា ដល់​ខែ​តុលា គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ​ចំនួន​៤៣​លើក បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៦ ប៉ុន្តែ​ចំនួន​អ្នកស្លាប់​កើនឡើង​៣​ភាគរយ រីឯ​អ្នក​របួស​ថយចុះ​១៨​ភាគរយ​។​

​ការ​បើកបរ​ក្នុង​ល្បឿន​លើស​កំណត់ គឺជា​មូលហេតុ​ចម្បង បង្កឲ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ ពោល​គឺ​មាន​រហូត​ដល់​ទៅ​៣៦​ភាគរយ រីឯ​បញ្ហា​ផ្សេង​ទៀត រួម​មាន​ការ​មិន​គោរព​សិទ្ធិ​គ្នា​១៦​ភាគរយ មិន​ប្រកាន់​ស្ដាំ​១៣​ភាគរយ វ៉ា​ជែង​១១​ភាគរយ បត់​ឆ្វេង​-​ស្ដាំ​១០​ភាគរយ ស្រវឹង​១០​ភាគរយ កក្តា​យានយន្ត ៣​ភាគរយ និង​ងងុយដេក​១​ភាគរយ​។​

​របាយការណ៍​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបង្ហាញ​ថា ពាក់ព័ន្ធ​រថយន្ត​ដឹក​អ្នកដំណើរ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ៥៥​លើក មាន​មនុស្ស​ស្លាប់​ចំនួន​៣៦​នាក់ និង​រងរបួស​ចំនួន ១៦៤​នាក់ ក្នុងនោះ​ករណី​ដែល​បង្កឡើង​ដោយ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ មាន​ចំនួន​៣៣​លើក ស្មើនឹង ៦០​ភាគរយ​។ ចំពោះ​ករណី​ពាក់ព័ន្ធ​រថយន្ត​ដឹកទំនិញ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​៥0​លើក មាន​មនុស្ស​ស្លាប់​ចំនួន ៣១​នាក់ និង​របួស​ចំនួន ៣៥​នាក់​។ ក្នុងករណី​នេះ​ដែរ បង្កឡើង​ដោយ​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ចំនួន ២៥​លើក ស្មើនឹង ៥០​ភាគរយ ហើយ​គ្រោះថ្នាក់​ចរាចរ​ដែល​កើតឡើង​ច្រើន​ជាង​គេ គឺ​អ្នកប្រើប្រាស់​ម៉ូតូ​និង​មិន​មាន​ពាក់​មួយ​សុវត្ថិភាព​៕ ដោយ​៖​បញ្ញា​ស័ក្តិ​ 

spot_img
×