Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណារ​បដិសេធ​របស់សម្តេច​ក្រឡាហោម ស ខេង គ្មាន​ការដោះដូរ​ទីតាំង​អគារ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ទេ​

spot_img

​ភ្នំពេញ ​៖ លិខិត​ស្នើសុំ​ដោះដូរ​អគារ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​ចុះហត្ថលេខា​ដោយ​លោក នាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចុះ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ តែ​ទើប​បែកធ្លាយ​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨​នេះ​។ ប៉ុន្តែ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២៤​តុលា​នេះ បាន​ទម្លាយ​ឯកសារ​ដដែល ដែលមាន​ចំណារ​បដិសេធ​របស់​ស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​មិន​ឯកភាព​ចំពោះ​សំណើ​របស់​នាយក​ឧ​ត្ត​ម​សេនីយ៍​នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ សុំ​ដោះដូរ​ទីតាំង​អគារ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ពី​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ទៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​ចំណារ​បដិសេធ​នេះ បាន​ធ្វើឡើង​តាំងពី​ជិត​១​ឆ្នាំមុន​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ នាយក​ខុទ្ទកាល័យ សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចារ​មិន​ឯកភាព​ចំពោះ​សំណើ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដែល​ស្នើសុំ​ដោះដូរ​ទីតាំង​ដី និង​អគារ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ទៅ​ខណ្ឌដង្កោ​នោះទេ ដែល​ចំណារ​នេះ​បាន​ធ្វើឡើង​តាំងពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨ មកម្ល៉េះ​។​

​បើតាម​នាយក​ខុទ្ទកាល័យ​សម្តេច​ក្រឡាហោម ស ខេង បាន​បន្ថែមថា មូល​ហេតុដែល​សម្តេច​ក្រ​ឡា​ហោម ស ខេង មិន​ឯកភាព​នឹង​សំណើរសុំ​ដោះដូរ​ទីតាំង​អគារ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​នាពេលនេះ ក៏​ព្រោះតែ​រដ្ឋ​មាន​ដី និង​ថវិកា​សម្រាប់ធ្វើ​កន្លែង​ថ្មី​រួចហើយ។​

​សូមបញ្ជាក់ថា លិខិត​របស់​នាយ​ឧត្ដមសេនីយ៍​នេ​ត សាវឿន បាន​គោរព​ស្នើសុំ​សម្ដេច​ក្រឡាហោម​ស ខេង តាំងពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៧​មក​ម្លេះ ហើយ​គិត​មកដល់ពេលនេះ គឺមាន​រយៈពេល​ជិត​១​ឆ្នាំ​ទៅហើយ​។​

​លិខិត​ដែល​គោរព​ជូន​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា ទីតាំង​អគារ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​សភាព​ចាស់​ទ្រុឌទ្រោម​តូចចង្អៀត ខ្វះ​អគារ​សម្រាប់​កម្លាំង​បំពេញការងារ​ប្រចាំថ្ងៃ កន្លែង​សម្រាក​ប្រចាំការ កន្លែង​កម្លាំង​ហ្វឹកហាត់ ឃ្លាំង​រក្សាទុក​អាវុធ ចំណត​រក្សាទុក​រថយន្ត ឃ្លាំង​ដាក់​សម្ភារៈ​ផ្សេងៗ និង​នាយកដ្ឋាន​មួយចំនួន ដែល​ចំណុះ​ឲ្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កម្លាំង​បច្ចុប្បន្ននេះ​ក៏មាន​ចំនួន​កើន​ឡើងជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​ជួប​ការលំបាក​ក្នុងការ​បំពេញភារកិច្ច​ប្រចាំថ្ងៃ ហើយ​ម្យ៉ាងវិញទៀត​នៅពេល​កម្លាំង​អន្តរាគមន៍​ចេញ​ប្រតិបត្តិការ​ម្ដងៗ ច្រកចេញ​-​ចូល​មានការ​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​។ ដើម្បី​ងាយស្រួល​ក្នុងការ​បំពេញការងារ និង​កែសម្រួល​ទីតាំង​ឲ្យ​មាន​លក្ខណៈ​សមស្រប​តាម​ស្តង់ដារ​នោះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ សូម​គោរព​គោលការណ៍​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​Long Ma Invest And Realestate Co,LTD ធ្វើការ​ដោះដូរ​ទីតាំង​ខាងលើនេះ និង​សុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ មុន​ធ្វើការ​អភិវឌ្ឍន៍​ជា​ថ្នូរ នឹង​ទីតាំង​ដី​របស់​ក្រុមហ៊ុន​ដែលមាន​ទំហំ​៧០.០០០​ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​ខ្នារ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ សាងសង់​អគារ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ទំហំ​៣២​គុណ​នឹង​៦០​ម៉ែត្រ កំពស់​១០​ជាន់ មាន​ចំនួន​១​អគារ អគារ​ស្នាក់នៅ​របស់​ក​ង​កម្លាំង​២ អគារ​តាម​បទដ្ឋាន​បច្ចេកទេស​លក្ខ​ណៈ​ស្ដង់ដា​រទាំង​គុណភាព និង​សោភ័ណភាព ព្រមទាំង​បំពាក់​សម្ភារៈ​បរិក្ខា​ទំនើបៗ និង​រៀបចំ​បណ្ដាញ​ទឹក​-​ភ្លើង ជណ្ដើរយន្ត ម៉ាស៊ីនត្រជាក់ និង​ចាក់ដី​បំពេញបន្ថែម​លើ​ទីតាំង​ធ្វើ​របង​ជុំ​ខ្លោងទ្វារ ប៉ុស្ដិ៍​យាម​ជូន​ជា​ថ្នូរ​វិញ​៕ ​ដោយ​៖​រចនា​

 

spot_img
×