Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ស្ត្រី​បឹងកក់ តវ៉ា​ស្នើ​អន្តរាគមន៍​ពី​សម្តេច​តេជោ សុំ​សំណង​បន្ថែម ២​ម៉ឺន​ដុល្លារ​

spot_img

​ភ្នំពេញ​ ៖ ក្រុម​ស្ត្រី​បឹងកក់ ប្រមាណ​២០​នាក់​ដែល​មាន​ទាំង​កូនក្មេង​ផង​នោះ កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែតុលា​ឆ្នាំ​២០១៨​នេះ​ ​បាន​នាំគ្នា​លើក​បដា ស្រែក​តវ៉ា​ទាមទារ ដោយ​ស្នើសុំ​ដល់​សម្តេច​តេជោ ហ៊ុន សែន ជួយ​អន្តរាគមន៍​ដោះស្រាយ​ជូន​ពួកគាត់​ផង​ ​ដោយ​សុះ​សំណង​បន្ថែម នៅខាងមុខ​ទីស្តីការ​នាយករដ្ឋមន្ត្រី​។​

​ស្ត្រី​ម្នាក់​ជា​តំណាង​ប្រជាពលរដ្ឋ បាន​និយាយប្រាប់​អ្នកកាសែត​ថា ការដែល​ពួកគាត់​មក​តវ៉ា​ទាមទារ​សុំឲ្យ​សម្តេច​តេ​ជោ​​ជួយ​ដោះស្រាយ​នេះ ដោយសារ​តែ​ការតវ៉ា​ជា​ច្រើនលើក​ច្រើនសារ​មក​ហើយ ដោយ​មិន​ទទួលបាន​ផល​សោះ​ ​ហើយក៏​បាន​ដាក់​លិខិត​ស្នើ​សុំ​រក​ដោះស្រាយ​បញ្ហាដីធ្លី​នេះ ទៅ​សាលា​រាជធានី​ភ្នំពេញ ក៏​គ្មាន​ចម្លើយ​ដែរ​។ តំណាង​ប្រជាពលរដ្ឋ​ ​បាន​បន្ថែមថា ពួក​ខ្ញុំ​ស្នើ​សម្តេច​តេជោ ហ៊ុន សែន មេត្តា​ជួយ​អន្តរាគមន៍​ដោះស្រាយ​ដីធ្លី និង​សំណង​បន្ថែម​ឲ្យ​ប្រជាពលរដ្ឋ​អតីត​បឹងកក់​ ​ដែល​ត្រូវ​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន​បាន​ផ្តល់​សំណង​តិចតួច និង​បណ្តេញចេញ​ទាំង​បង្ខំ​ពី​តំបន់​បឹងកក់​ ​នៅ​អំឡុង​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១១​។​

​តំណាង​ប្រជាពលរដ្ឋ​រូបនោះ បាន​លើកឡើង​ថា ការ​ដែល​វិល​មក​ទាមទារ​សំណង​បន្ថែមទៀត​នោះ​ ​ដោយសារ​តែ​នៅ​ពេល​នេះ​ពួកយើងខ្ញុំ​ទាំងអស់គ្នា សុទ្ធតែ​មាន​ជីវភាព​ខ្វះខាត គ្មាន​ការងារ​ធ្វើ​និង​គ្មាន​មុខរបរ​រកស៊ី​ជាក់លាក់​ ​ជាពិសេស​អតីត​ក្រុមគ្រួសារ​បឹងកក់​ភាព​ច្រើន​ជំពាក់​បំណុល​គេ​គ្មាន​លុយ​សង មិន​មាន​ប្រាក់​សម្រាប់​ទិញ​ថ្នាំ​ព្យាបាល នៅពេល​មាន​ជំងឺ​ ​និង​មិន​មាន​ប្រាក់​សម្រាប់​គាំទ្រ​ការសិក្សា​របស់​កូនចៅ ។ ដោយ​ជួប​ប្រទះ​និង​ការលំបាក​ផ្នែក​ជីវភាព​ ​និង​ការរស់នៅ​ខ្លាំងពេក​បាន​ធ្វើឲ្យ​ក្រុម​គ្រួសារ​មួយចំនួន បាន​ចងក្រង និង​រួម​គ្នា​ជា​ក្រុមៗ តវ៉ា​ទាមទារ​សំណង​បន្ថែម ជា​ថវិកា​ ​ឬ​ជា​លំនៅដ្ឋាន​ពី​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន​។ ហេតុដូចនេះ តំណាង​និង​សមាជិក​បណ្តាញ​អតីត​ស្ត្រី​បឹងកក់​ ​បាន​ស្វែងរក​អន្តរាគមន៍​ពី​សម្តេច​តេជោ សុំ​សំណង​ជា​លំនៅដ្ឋាន និង​ថវិកា​ចំនួន​២​ម៉ឺន​ដុល្លារ​បន្ថែម ដើម្បី​ស្តារ​ជីវភាព​គ្រួសារ​ឡើងវិញ​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា បញ្ហា​ដោះស្រាយ​ដីធ្លី​នៅ​ក្នុង​តំបន់​បឹង​កក់ ជិត​បញ្ចប់​ហើយ​ នៅ​សល់​ប្រមាណ​១០​គ្រួសារ​តែ​ប៉ុណ្ណោះ ហើយ​ក្រុម​ស្ត្រី​បឹងកក់​ដែល​មក​តវ៉ា​ទាមទារ​ទាំងនេះ​ គឺ​ពួកគាត់​ធ្លាប់​ទទួលបាន​សំណង​ដោះស្រាយ​រួចរាល់​អស់ហើយ​។​

​សូមបញ្ជាក់​ថា ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់ ជាង​៧០០​គ្រួសារ បាន​ទទួល​ដំណោះស្រាយ​ទាំង​ផ្ទះ និង​ទាំង​ដីធ្លី ១០០​ភាគរយ​​ក្រោយពី​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ចេញ​អនុក្រឹត្យ លេខ​១៨៣ ចុះ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១១ ប្រគល់​ដី​ទំហំ ១២,៤៤​ហិកតា​ឲ្យ​ប្រជាពលរដ្ឋ​បឹងកក់​ដែល​មិន​ព្រម​ចាកចេញ និង​មិន​ទទួលយក​សំណង​ពី​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន និង​សាលា​រាជធានី​ភ្នំពេញ​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×